NASA ផលិតយានអវកាសទៅ​ស្រាវ​ជ្រាវ​អាចម៍ផ្កាយដែលមានផ្ទុកលោហ​ធាតុ​តម្លៃ​1,000​កោដិ​ដុល្លារ​អាមេរិក

NASA ផលិតយានអវកាសទៅស្រាវជ្រាវអាចម៍ផ្កាយដែលមានផ្ទុកលោហធាតុតម្លៃ1,000កោដិដុល្លារអាមេរិក

ទីភ្នាក់ងារអវកាសអេមរិក (NASA) បានទទួលជោគជ័យក្នុងការរចនា ហើយឈានដល់ដំណាក់កាលផលិតយានអវកាសដើម្បីហោះទៅកាន់អាចម៍ផ្កាយដែលសម្បូរទៅដោយលោហធាតុដ៏កម្រ ដែលមានឈ្មោះថា Psyche 16។

យានអវកាសនេះនឹងត្រូវបានបញ្ជូនទៅកាន់គោលដៅដោយប្រើកាំជ្រួចរុញច្រាន Falcon Heavy របស់ SpaceX នៅខែសីហា2022។ គម្រោងដែលមានតម្លៃទឹកប្រាក់117លានដុល្លារនេះ បានឈានដល់ដំណាក់កាលអនុម័តជ្រើសរើសរចនារូបរាងនៃយានអវកាសនេះ។ ប្រការនេះមានន័យថា ក្រុមវិស្វករអាចចាប់ផ្ដើមផលិតយានអវកាសនេះបានហើយ។

ក្រោយពីត្រូវបានបាញ់បង្ហោះ យានរុករក Spyche 16 នឹងហោះឆ្លងកាត់ពិភពព្រះអង្គារ ទៅកាន់ខ្សែក្រវាត់អាចម៍ផ្កាយដែលនៅចន្លោះពិភពព្រះអង្គារនិងពិភពព្រហស្បតិ៍។ យានអវកាសនេះនឹងប្រើប្រាស់ឧបករណ៍វាស់ដែនម៉ាញេទិចរបស់អាចម៍ផ្កាយ និងកាមេរ៉ាពហុវិសាល (Multispectral cameras) ដើម្បីថតផ្ទៃខាងលើរបស់អាចម៍ផ្កាយនេះ។ គម្រោងនេះក៏នឹងប្រមូលយកទិន្នន័យអំពីធាតុផ្សំនិងស្ថានភាពភូមិសាស្ត្ររបស់ Psyche 16 នេះផងដែរ។

Psyche 16 ត្រូវបានរកឃើញជាលើកដំបូងកាលពីឆ្នាំ1852។ ក្រុមអ្នកវិទ្យាសាស្ត្រយល់ថា នេះគឺជាសំណល់នៃភពមួយដែលត្រូវបានកម្ទេចដោយការប៉ះទង្គិចក្នុងគ្រាដែលប្រព័ន្ធព្រះអាទិត្យកំពុងកកើត។ អាចម៍ផ្កាយនេះមានទទឹង225គីឡូម៉ែត្រ។ អ្នកវិទ្យាសាស្ត្របានគណនាឃើញថា គ្រាន់តែបរិមាណធាតុដែករបស់អាចម៍ផ្កាយនេះ មានតម្លៃដល់ទៅ1,000កោដិ (10.000 quadrillion/10,000,000,000,000,000,000) ដុល្លារអាមេរិកឯណោះ។ Psyche 16 ក៏មានផ្ទុកលោហធាតុកម្រផ្សេងទៀតជាច្រើនផងដែរ រួមមានមាស ប្រាក់ និងសំរឹទ្ធជាដើម។

NASA ផលិតយានអវកាសទៅស្រាវជ្រាវអាចម៍ផ្កាយដែលមានផ្ទុកលោហធាតុតម្លៃ1,000កោដិដុល្លារអាមេរិកគោលដៅចម្បងនៃគម្រោង Psyche គឺការសិក្សាលើអាចម៍ផ្កាយនេះដើម្បីស្វែងយល់អំពីដំណើរការនៃការកកើតពិភពផែនដី។ NASA បានឱ្យដឹងថា “ដោយសារតែយើងមិនអាចពិនិត្យមើល ឬវាស់វែងស្នូលផែនដីដោយផ្ទាល់ ដូច្នេះ Psyche នឹងផ្ដល់ការយល់ដឹងអំពីប្រវត្តិនៃការប៉ះទង្គិចដ៏ខ្លាំងក្លាដែលបង្កើតឱ្យមានអាចម៍ផ្កាយថ្ម”។

ការដំឡើងនិងសាកល្បងយានអវកាសខាងលើនេះនឹងចាប់ផ្ដើមពីខែកុម្ភៈ2021។ ឧបករណ៍ទាំងឡាយនឹងត្រូវបានបញ្ជូនទៅកាន់បន្ទប់គ្មានមេរោគនៃមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) នាខែមេសា2021។ ផ្នែកចម្បងរបស់យានអវកាសដែលគេហៅថា Solar Electric Propulsion (SEP) Chassis កំពុងត្រូវបានផលិតនៅក្នុងក្រុងហ៊ុន Maxar Technologies នៅទីក្រុង Palo Alto រដ្ឋ California សហរដ្ឋអាមេរិក។ តាមផែនការ យានអវកាសនេះនឹងហោះចេញពីផែនដីក្នុងខែសីហា2022 ហើយប្រើប្រាស់ដែនទំនាញរបស់ផ្កាយព្រះអង្គារនៅក្នុងខែឧសភា2023 ដើម្បីហោះឆ្ពោះទៅដល់អាចម៍ផ្កាយ Psyche 16 នៅដើមឆ្នាំ2026៕

ប្រភព៖ Sci Tech Daily

Advertisement