វិធីការពារ ពីការឆបោកតាមលេខខលទូរស័ព្ទពីក្រៅប្រទេស ដែលអ្នកពុំធ្លាប់ស្គាល់

បច្ចុប្បន្ន​យើង​សង្កេតឃើញថា ពលរដ្ឋ​កម្ពុជា​មួយចំនួនធំ បានទទួល​ការហៅ​ចូល​ទូរស័ព្ទ ពី​ក្រៅប្រទេស ដូចជា ប្រទេស​ម៉ាឡាវី អាហ្វ្រិក នី​ហ្សេ​រី​យ៉ា ប៉ា​គី​ស្ថាន ឬ ប្រទេស​រុស្ស៊ី​ជាដើម។

ទន្ទឹមនឹងនេះ ពលរដ្ឋ​ហាក់​មាន​ចម្ងល់​អំពី​បញ្ហា Missed Call និង​មាន​សំណួរ​មួយចំនួន ដូចខាងក្រោម៖ តើន​រណា​ដែល​បានធ្វើការ​ខ​ល​ចូល​លេខ​ទូរស័ព្ទដៃ​របស់​យើង? តើ​អ្នក​ដែល​កំពុងធ្វើការ​ហៅចូល​មកនេះ ពួកគេ​មានបំណង​អ្វី​ពិតប្រាកដ? តើ​ការ​ហៅចូល​ទូរស័ព្ទ​នេះ ជាការ​ឆបោក ឬ​អាចជា​ការព្យាយាម​ហ៊ែ​ក​គណនី?

ដើម្បី​ស្រាយ​ចម្ងល់​ខាងលើ ក្រុមការងារ​នាយកដ្ឋាន​ព័ត៌មានវិទ្យា បានធ្វើ​ការពន្យល់​ដោយ​សង្ខេប​ដូចខាងក្រោម៖

ការ​ហៅចូល​ទូរស័ព្ទ​ដោយ​ប្រើប្រាស់​លេខប្លែកៗ ដែល​អ្នក​ពុំដែល​ស្គាល់ គឺជា​គម្រោង​ឆបោក​ប្រាក់ (Money Scam) ដែលមាន​ឈ្មោះថា “Callback Scam ឬ​ហៅ​ម្យ៉ាង​ទៀតថា One-Ring Scam”។

Callback Scam ជា​បច្ចេកទេស​កាត់​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ជនរងគ្រោះ ដោយ​ប្រើប្រាស់​សេវា ដែល​ហៅថា International Premium Rate Number (IPRN)។

ក្រុម​បណ្តាញ​ឧក្រិដ្ឋជន​ដែលមាន​អង្គការ​ចាត់តាំង បាន​ទិញ​សេវា​លេខ​ទូរស័ព្ទ IPRN ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ ធ្វើការ​ខ​ល​ចេញពី​ក្រៅប្រទេស ទៅលើ​គោលដៅ​នានា​ជុំវិញ​ពិភពលោក គោលដៅ​ទាំងនោះ ក៏​រួមទាំង​ពលរដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផងដែរ។

តើ​អ្នក​អាច​បាត់បង់​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ដោយ​របៀប​ណា? ឧក្រិដ្ឋជន​ធ្វើការ​ខ​ល​ចូល​លេខ​ទូរស័ព្ទ​ជនរងគ្រោះ ពី​ប្រទេស​ម៉ាឡាវី (+265) អាហ្វ្រិក (+27) នី​ហ្សេ​រី​យ៉ា (+234) ប៉ា​គី​ស្ថាន (+92) ឬ​ប្រទេស​រុស្ស៊ី (+7) ជាដើម។ បន្ទាប់ពី​ខ​ល​ចូល ពួកគេ​នឹង​កាត់ផ្តាច់​ការហៅ​ចូល ដែល​នឹង​បង្ហាញ​ពាក្យ​ថា Missed Call នៅលើ​ទូរស័ព្ទ​ជនរងគ្រោះ។ នៅពេល​ជនរងគ្រោះ​ធ្វើការ​ខ​ល​ទូរស័ព្ទ​ទៅវិញ តម្លៃ​សេវា គឺមាន​តម្លៃ​ថ្លៃ និង​កាត់​ពី​គណនី​ទូរស័ព្ទ​ជនរងគ្រោះ​ដោយ​ស្វ័យប្រវត្តិ។ ក្រុម​ឧក្រិដ្ឋជន នឹង​ទទួលបាន​ប្រាក់​កម្រៃជើងសា (Commission) ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ។

តើ​អ្នក​ត្រូវធ្វើ​ដូចម្តេច ដើម្បី​ការពារ​ពី​ការ​ឆបោក (Callback ឬ One-Ring Scam) នៅពេល​ទទួល​បានការ​ហៅចូល​ទូរស័ព្ទ​ពី​ក្រៅប្រទេស ប្រើប្រាស់​នូវ​លេខ​ទូរស័ព្ទ​ដែល​អ្នក​ពុំ​ធ្លាប់​ស្គាល់?

*សូមតាមអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

-ធ្វើការ Save លេខ​ទូរស័ព្ទ​ទុក​នឹង​ព្យាយាម​ទាក់ទង​តាមរយ:កម្មវិធី WhatsApp, Telegram, ឬ SMS។

-ត្រូវ​ចៀសវាង​កា​រខ​ល​ទូរស័ព្ទ​ត្រឡប់​ទៅវិញ ព្រោះ​លេខ​នោះ​អាចជា IPRN។

ចូរ​ប្រើប្រាស់​កម្មវិធី​សម្រាប់​ទូរស័ព្ទដៃ​ក្នុងការ​ស្វែងរក​ប្រភព​លេខ​ទូរស័ព្ទ ដូចជា​កម្មវិធី TrueCaller ជាដើម។ ធ្វើការ​រាយការណ៍​ទៅកាន់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​របស់​អ្នក។ ធ្វើការ Block លេខ​ទូរស័ព្ទ​សង្ស័យ​ចោល ដោយ​ប្រើប្រាស់​កម្មវិធី​ដែលមាន​ស្រាប់​ក្នុង​ទូរស័ព្ទដៃ​របស់​អ្នក៕

ប្រភព៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ

Advertisement