(វីដេអូ) យន្ត​ហោះ​អគ្គិសនី​ធំបំផុត​​ក្នុង​ពិភពលោក​ ហោះ​ហើរ​សាកល្បង​ជា​លើក​ដំបូង​​ដោយ​ជោគ​ជ័យ

យន្តហោះ​ដែល​បំពាក់​​ប្រព័ន្ធ​រុញ​ច្រាន​​ដោយ​ថាម​ពល​អគ្គិសនី​ ដែល​មាន​កម្លាំង​750​សេះ​ បាន​ធ្វើ​ការ​ហោះហើរ​សាក​ល្បង​ជា​លើក​ដំបូង​បង្អស់​របស់​ខ្លួន​ ដោយ​ប្រើ​ពេល​30​នាទី​ នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីង​តោន​ កាលពីម្សិលមិញ (28​ឧសភា)។

យន្ត​ហោះ​អគ្គិសនី​ធំបំផុត​​ក្នុង​ពិភពលោក​ ហោះ​ហើរ​សាកល្បង​ជា​លើក​ដំបូង​​ដោយ​ជោគ​ជ័យយន្ត​ហោះ​អគ្គិសនី eCaravan ​ដែល​​មាន​កៅ​អី​ចំនួន​9​នេះ ជា​លទ្ធ​ផល​នៃ​កិច្ច​សហការ​រវាង​ក្រុម​ហ៊ុន​ MagniX និង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ AeroTEC។ eCaravan ហោះ​ហើរ​សាកល្បង​នៅ​លើ​អាកាស​របស់​ទីក្រុង​ Moses Lake នៃ​រដ្ឋ​វ៉ាស៊ីង​តោន​ ក្រោម​ការ​បញ្ជា​ពី​អ្នក​បើក​បរ​ម្នាក់​ ហើយ​តាម​ពីក្រោយ​វា​គឺជា​យន្ត​ហោះ​ការ​ពារ​ប្រភេទ​តូច​មួយ​គ្រឿង​។ យន្តហោះ​អគ្គិសនី​នេះ​​បាន​ចាប់​ផ្ដើម​ហោះ​ឡើង​នៅ​វេលា​ម៉ោង​16និង​02​នាទី (ម៉ោង​ក្នុង​ស្រុក) និង​ចុះ​ចត​នៅ​វេលា​ម៉ោង​16​និង​32​នាទី​។ eCaravan ហោះ​ឡើង​ដល់​កម្ពស់​762​ម៉ែត្រ​ បន្ទាប់​មក​វា​បាន​បន្ទាប​ខ្លួន​នៅ​ត្រឹម​305​ម៉ែត្រ​ និង​ចំណាយ​ពេល​25​នាទី​ក្នុង​ការ​ហោះ​ឆ្វែល​ពី​លើ​មូលដ្ឋាន​នៃ​ព្រ​លាន​យន្ត​ហោះ​ Moses Lake។

យន្ត​ហោះ​អគ្គិសនី​ធំបំផុត​​ក្នុង​ពិភពលោក​ ហោះ​ហើរ​សាកល្បង​ជា​លើក​ដំបូង​​ដោយ​ជោគ​ជ័យដើម្បី​អភិវឌ្ឍ​បាន​យន្តហោះ​អគ្គិសនី​នេះ ក្រុម​វិស្វករ​បាន​ប្រើប្រាស់​យន្ត​ហោះ​ប្រភេទ​មធ្យម​ Cessna Grand Caravan រួច​បំពាក់​ម៉ូទ័រ​អគ្គិសនី​​បន្ថែម​ទៅ​ក្នុង​យន្ត​ហោះ​​នេះ​។ MagniX សង្ឃឹម​ថា ពួក​គេ​អាច​បញ្ចេញ​កំណែ​ពាណិជ្ជ​កម្ម​របស់ eCaravan ដែល​អាច​ហោះ​បាន​រយៈ​ចម្ងាយ​160​គីឡូម៉ែត្រ​ នៅ​ចុង​ឆ្នាំ​ក្រោយ​។

យន្ត​ហោះ​អគ្គិសនី​ធំបំផុត​​ក្នុង​ពិភពលោក​ ហោះ​ហើរ​សាកល្បង​ជា​លើក​ដំបូង​​ដោយ​ជោគ​ជ័យRoei Ganzarski ដែល​ជា​អគ្គនាយក​ប្រតិ​បត្តិ​របស់​ក្រុមហ៊ុន MagniX បាន​ឱ្យ​ដឹង​ថា ម៉ូទ័រ​អគ្គិសនី​មាន​សារ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រើ​ប្រាស់​នៅ​លើ​យន្ត​ហោះ​ ដើម្បី​កាត់​បន្ថយ​បរិមាណ​នៃ​ផ្សែង​ពុល​​។ Roei Ganzarski ថ្លែង​ថា យន្ត​ហោះ​អគ្គិសនី​​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​​ទាក់​ទិន​នឹង​ការ​ប្រើ​ប្រាស់​ថាម​ពល​ផងដែរ​។​ ប្រាក់​ចំណាយ​សម្រាប់​ការ​ហោះ​ហើរ​​ក្នុង​1​ម៉ោង​របស់​យន្ត​ហោះ​អគ្គិសនី​ គឺ​ថោក​ជាង​ពី​40​% ទៅ​70​% បើ​ធៀប​ជាមួយ​នឹង​យន្ត​ហោះ​ធម្មតា​។​

យន្ត​ហោះ​អគ្គិសនី​ធំបំផុត​​ក្នុង​ពិភពលោក​ ហោះ​ហើរ​សាកល្បង​ជា​លើក​ដំបូង​​ដោយ​ជោគ​ជ័យGanzarski ព្យាករ​ថា យន្ត​ហោះ​អគ្គិសនី​​នឹងគ្រប់​គ្រង​ការ​ហោះ​ហើរ​​ទាំង​អស់​ដែ​ល​មាន​រយៈ​ចម្ងាយ​ក្រោម​1,600​គីឡូម៉ែត្រ​ នៅ​​​ក្នុង​រយៈ​ពេល​15​ឆ្នាំ​ខាងមុខ​ ប៉ុន្តែ​ដំបូង​គេ​ត្រូវ​តែ​អភិវឌ្ឍ​បច្ចេកវិទ្យា​​អាគុយសម្រាប់​ផ្ទុក​ថាម​ពលឱ្យ​បាន​ច្រើន​ជាង​សព្វ​ថ្ងៃ។ នា​ពេល​បច្ចុប្បន្ន​ យន្ត​ហោះ​អគ្គិសនី​​សម​ស្រប​ជាមួយ​នឹង​ជើង​ហោះ​ហើរ​ដែល​មាន​រយៈ​ចម្ងាយ​​ខ្លី​ ពោល​គឺ​ប្រមាណជា​160​គីឡូម៉ែត្រ​។

ក្រៅ​ពី​ MagniX ក៏មាន​ក្រុម​ហ៊ុន​ផ្សេង​ៗ​ជា​ច្រើន​ដែល​កំពុង​អភិវឌ្ឍ​យន្ត​ហោះ​អគ្គិសនី​ ក្នុង​នោះ​ក៏​មាន​ក្រុម​ហ៊ុន​ផលិត​យន្ត​ហោះ​ Airbus ក្រុម​ហ៊ុន​ Embraer និង​ក្រុម​ហ៊ុន​ Rolls-Royce ផង​ដែរ​។

ប្រភព​៖ CNN

Advertisement