Audi​ បង្ហើប​ឱ្យ​ដឹង​ថា​ ខ្លួន​នឹង​ចេញ​លក់​រថយន្ត​អគ្គិសនី​ SUV​ នៅ​ឆ្នាំ2020​

ក្នុង​ពិព័រណ៍​យានយន្ត​នៅ​សហរដ្ឋអាមេរិក​ Genova​ Motor​ Show​ ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីល្បាញ​ Audi​ បាន​ដាក់​បង្ហាញ​រថយន្ត​នា​ថ្ងៃ​អនាគត​របស់​ខ្លួន​ គឺ​រថយន្ត​ប្រើ​ចរន្ត​អគ្គិសនី​ SUV​ លក្ខណៈ​គ្រួសារ​ដែល​នឹង​មាន​លក់​នៅ​ឆ្នាំ2020​។

យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ រថយន្ត​ដ៏​ទំនើប​ប្រភេទ​ e-tron​ Sportback​ នេះ​ស្ថិត​ក្នុង​ចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ ដែល​នឹង​បំពាក់​ដោយ​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ ដោយ​ខាងក្នុង​បង្កប់​សុទ្ធ​ប្រព័ន្ធ​ឌីជីថល​ដូចជា​ ផ្ទាំង​ផ្តល់​ដំណឹង​(តាប្លូ​)ទំហំ​ 12.3អ៊ិ​ញដ៏​ឆ្លាតវៃ​។ អំពូលភ្លើង​បំភ្លឺ​ផ្លូវ​ LED​ ឆ្លាតវៃ​ និង​មាន​បង្កប់​សេន​ស័រ​ ក៏ដូចជា​កាមេរ៉ា​មុខ​-ក្រោយ​ ងាក​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ​ មើលឃើញ​ 360ដឺក្រេ​ រួម​នឹង​បច្ចេកវិទ្យា​ជាច្រើន​។ ឯផ្នែក​ខាងក្រៅ​វិញ​មានការ​រចនា​យ៉ាង​ស្រស់​សង្ហា​។

Audi​ e-tron​ Sportback​ នឹង​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន2​ ផ្តល់​កម្លាំង​ 300គីឡូវ៉ាត់​ដែល​អាច​រត់​បាន​ល្បឿន​អតិបរមា​ពី​ ០ ដល់​ 100គីឡូម៉ែត្រ​ក្នុង​ 1ម៉ោង​ដោយ​ចំណាយពេល​ត្រឹមតែ​ 5.5វិនាទី​ប៉ុណ្ណោះ​។ ក្នុង​នោះ​ដែរ​ រថយន្ត​នេះ​ក៏​មាន​អាគុយ​ប្រភេទ​ Lithium​-ion​ ជំនាន់​ថ្មី​ ថាមពល​ 95គីឡូវ៉ាត់​ម៉ោង​ បំពាក់​បច្ចេកវិទ្យា​សាក​បញ្ចូល​ភ្លើង​លឿន​ ដែល​សាក​ពេញ​ហើយ​អាច​រត់​បាន​ចម្ងាយ​ 402គីឡូម៉ែត្រ​។

Audi​ នៅតែ​រក្សា​បច្ចេកវិទ្យា​ឆ្លាតវៃ​បំពាក់​លើ​កង់​ទាំង4​ គឺ​ Quatto​ all​-wheel​ drive​ ជួយ​រក្សា​លំនឹង​រថយន្ត​បាន​ល្អ​ ទោះជា​មាន​ឧបសគ្គ​បែប​ណាក៏ដោយ​ តែ​តម្លៃ​វិញ​ នៅ​មិនទាន់​ប្រកាស​នៅឡើយ​ទេ​៕

ទស្សនា​វីដេអូ​ខាងក្រោម​៖

 

Advertisement