រោង​ចក្រ​ផលិត​ឱសថ​ក្នុង​ទីអវកាស​ ហោះ​ត្រឡប់​មក​កាន់​ផែនដី

(សហរដ្ឋ​អាម៉េរិក) – កាប៊ីន​យាន W-1 ដែល​ដឹក​ធាតុ​រាវ​នៃ​ថ្នាំ​ព្យាបាល​ HIV និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C របស់​ក្រុម​ហ៊ុន Varda Space Industries ត្រឡប់មក​កាន់​ផែនដី​ ក្រោយ​រយៈ​ពេល​ជិត 8 ខែ​ ដែល​​បាន​ស្ថិត​នៅ​លើ​គន្លង​តារាវិថី​ ហើយ​គ្រោង​នឹង​ចុះ​ដល់​ដី​ដោយ​ប្រើ​ប្រាស់​ឆត្រ​យោង​ នៅ​វេលាម៉ោង​ 03:40 ថ្ងៃទី 22 កុម្ភៈ ម៉ោង​នៅ​កម្ពុជា​។

យោង​តាម Space កាប៊ីន​យាន​ពី​បេសក​កម្ម W-1 របស់​ក្រុម​ហ៊ុន Varda Space Industries ចុះ​ចត​ពី​លើ​តំបន់​ភាគ​ខាង​ជើង​របស់​រដ្ឋ Utah កាល​ពី​ល្ងាច​ថ្ងៃទី 21 កុម្ភៈ នាំ​មក​ជាមួយ​នូវ​ធាតុ​រាវ​របស់​ឱសថ​ប្រឆាំង​វីរុស​ដែល​អភិវឌ្ឍ​នៅ​លើ​គន្លង​តារាវិថី​ផែនដី​។ ជោគ​ជ័យ​នេះ​ធ្វើ​ឱ្យ​ Varda ក្លាយ​ជា​ក្រុម​ហ៊ុន​ទីបី​ដែលបញ្ជា​ឱ្យ​​យាន​អវកាស​ត្រឡប់​មក​វិញ​ប្រកប​ដោយ​សុវត្ថិភាព​។ ក្រុម​ហ៊ុន​ទីមួយ និង​ទីពីរ​ដែល​បាន​ទទួលជោគជ័យ​ដូច​គ្នា​នេះ​គឺ SpaceX ដែល​មាន​កាប៊ីន​យាន Dragon និង Boeing ដែល​មាន​កាប៊ីនយាន Starliner។

Varda បាន​រៀប​គម្រោង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំមួយ​ដែល​ផលិត​នៅ​ខាង​ក្រៅ​ផែនដី។ «ការ​ចាត់​ចែង​វត្ថុធាតុ​ក្នុង​បរិស្ថាន​មាន​ទំនាញ​ផែនដី​តិច​បំផុត​ ផ្ដល់​នូវ​បរិស្ថាន​ពិសេស​ដែល​នៅលើ​ផែនដី​មិន​មាន​។ ផល​ប្រយោជន៍ភាគ​ច្រើន​គឺ​បាន​​មក​ពី​ការ​មិន​មាន​បាតុភូត​ចរន្តជា​ដើម​នៅ​ក្នុង​​វត្ថុធាតុ​រាវ​ ដោយសារ​ទំនាញផែនដី​ ក៏ដូច​ជា​លទ្ធភាព​កកើត​រចនា​សម្ព័ន្ធ​ល្អ​ជាង​ ដោយ​សារ​ការ​ថយ​ចុះ​នៃ​សម្ពាធ» ក្រុម​ហ៊ុន​ខាង​លើ​ពន្យល់​ដូច្នេះ​។

ក្រោយ​ពី​ការ​ចុះ​ចត​ កាប៊ីន​យាន​អវកាស​នេះ​នឹង​ត្រូវ​បាន​នាំ​យក​ទៅកាន់​មូលដ្ឋាន​របស់ Varda នៅ Los Angeles ដើម្បី​វិភាគ​។ ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​បេសក​កម្ម​នេះ​នឹង​ត្រូវ​បាន​ចែក​រំលែក​ជាមួយ​នឹង​ទ័ព​អាកាស​អាម៉េរិក និង​ណាសា ទៅ​តាម​កិច្ច​ព្រម​ព្រៀង​រវាង​ស្ថាប័ន​ទាំង​នេះ​៕

Advertisement