NASA និង SpaceX បាញ់​បង្ហោះផ្កាយ​រណប​អាកាសធាតុ​ដោយ​ជោគ​ជ័យ

ក្រោយ​ការ​ពន្យារពេល​ច្រើន​ថ្ងៃ​ដោយ​សារ​អាកាសធាតុ​មិន​ល្អ ថ្មី​ៗ​នេះ ក្រុម​ហ៊ុន​អវកាស​ SpaceX (អាម៉េរិក) និង​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA – ណាសា) ក៏​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ PACE​។

កាល​ពី​ថ្ងៃទី 08 កុម្ភៈ ផ្កាយ​រណប​ឧតុនិយម​ថ្មី​បំផុត​របស់​ណាសា ត្រូវ​បាន​ក្រុម​ហ៊ុន SpaceX បាញ់​បង្ហោះឡើង​ទៅ​កាន់​គន្លង​តារាវិថី​ផែនដី​​ដោយ​ជោគ​ជ័យ​។ ផ្កាយរណប​នេះ​មាន​ភារកិច្ច​តាម​ដាន​មហា​សមុទ្រ​ និង​បរិយាកាស​ផែនដី ប្រកប​ដោយ​ភាព​លម្អិត​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។

PACE ត្រូវ​បាន​នាំ​ឡើង​ទៅ​កាន់​គោល​ដៅ​ដោយ​រ៉ុក្កែត​ Falcon 9 របស់ SpaceX។ នៅ​ពេល​ដំណើរ​ការ​ PACE នឹង​សង្កេត​មើល​ និង​ជួយ​គាំទ្រ​ដល់​ការ​ស្រាវ​ជ្រាវ​អំពី​ការ​ផ្លាស់​ប្ដូរ​ ​ការ​ប្រែប្រួល​របស់​​​កាបូន​ឌីអុកស៊ីត​ រវាង​មហា​សមុទ្រ​ និង​បរិយាកាស​ ព្រម​ទាំង​​តាម​ដាន​គុណ​ភាព​ខ្យល់ វាយ​តម្លៃ​ឧតុនិយម​ផែនដី​ និង​ស្ថាន​ភាព​មហា​សមុទ្រ​។ PACE គឺជា​បេសកកម្ម​ដំបូង​របស់រដ្ឋាភិបាល​អាម៉េរិក​ ដែល​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​លើ​តំបន់​ប៉ូល​ ពី​ Florida រាប់​ចាប់​ពី​ថ្ងៃទី 30 វិច្ឆិកា 1960​។

​PACE នឹង​ចំណាយ​ពេល​យ៉ាង​តិច 3 ឆ្នាំ​ នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​បរិយាកាស​ ក៏ដូច​ជា​មហា​សមុទ្រ​ ពី​កម្ពស់ 676 គីឡូម៉ែត្រ​។ PACE ត្រូវ​បាន​រំពឹង​ថា នឹង​ជួយ​កែ​លម្អ​សមត្ថភាព​ព្យាករ​អំពី​បាតុភូត​ធម្មជាតិ​អាក្រក់​ៗ​​នៅលើ​ផែនដី​។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ទំនង​ជា​នឹង​ចាប់​ផ្ដើម​ទទួល​ទិន្នន័យ​ពី PACE នៅ​ក្នុង​ចន្លោះ​ពី​មួយ​ទៅ​ពីរ​ខែ​ទៀត​។

Advertisement