ខាង​ក្នុង​យាន​អវកាស​ដែល​នឹង​នាំ​មនុស្ស​ត្រឡប់​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​

អង្គការ​ណាសា​ទើប​តែ​បាន​បង្ហាញ​រូប​រាង​ចុង​ក្រោយ​របស់​យាន​អវកាស​ Orion ដែល​នឹង​ត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​ការ​ដឹក​អវកាសចរ​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជា​លើក​ដំបូង ​ក្រោយ​រយៈ​ពេល​កន្លះ​សតវត្សរ៍​។

ណាសាបាន​​ចែក​រំលែក​​រូប​ថត​ថ្មី​ៗ​របស់​យាន​អវកាស​ Orion ដែល​នឹង​ដឹក​អ្នក​អវកាស 4 រូប​ ហោះ​ឡើង​ទៅ​គោចរ​​ជុំ​វិញ​ព្រះ​ចន្ទ​នៅ​ក្នុង​បេសក​កម្ម​ Artemis 2 ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ការ​ហោះ​ហើរ​​យ៉ាង​ឆាប់​ត្រឹម​ខែ​កញ្ញា​ឆ្នាំ 2025​។ ផ្នែក​ខាង​ក្នុង​របស់ Orion ត្រូវ​បាន​ដំឡើង​រួច​រាល់​នៅ​ឯ​មជ្ឈមណ្ឌល​អវកាស​ Kennedy របស់​ណាសា​នៅ Florida។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពីពេល​ថ្មី​ៗ​នេះ​។

យាន Orion ​ហោះ​ទៅ​កាន់​ទីអវកាស​បាន​ពីរ​លើក​មក​ហើយ​ នៅ​ក្នុង​បេសកកម្ម​​គ្មាន​មនុស្ស​បើកបរ​ Artemis 1 ដែល​ក្នុង​នោះ វា​ធ្លាប់​ហោះ​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​កាល​ពី​ចុង​ឆ្នាំ 2022 និង​ជើង​ហោះ​ហើរ​ជុំវិញ​គន្លង​តារាវិថី​ផែនដី​កាល​ពី​ឆ្នាំ 2014។

Artemis 2 នឹង​ជា​បេសកកម្ម​ដំបូង​ដែល​ដឹក​អវកាសចរ​នៅ​ក្នុង​កម្មវិធី​ Artemis។ Artemis 2 គឺជា​ការ​បើក​ផ្លូវ​សម្រាប់​គោលដៅ​នាំមនុស្ស​ទៅ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ នៅ​ក្នុង​បេសក​កម្ម Artemis 3។

កម្មវិធី​ Artemis របស់​សហរដ្ឋ​អាម៉េរិក ត្រូវ​បាន​កំណត់​គោលដៅ​​សាងសង់​តំបន់​រស់​នៅ​របស់​មនុស្ស​ ដែល​ស្ថិត​នៅ​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ដើម្បី​ប្រើ​ប្រាស់​ប្រភព​ទឹក​នៅ​ទី​នោះ​៕

Advertisement