ស្ថានីយ​អវកាស​ចិន​កែច្នៃ​អុកស៊ីសែន​ឡើងវិញ​បាន 100%

ស្ថានីយ​អវកាស​ចិន Tiangong ដែល​បច្ចុប្បន្ន​ជា​កន្លែងធ្វើការ​របស់​ក្រុម​អវកាស​ចរនៃ​យានអវកាស Shenzhou 15 អាច​កែច្នៃ​ប្រភព​ផ្គត់ផ្គង់​អុកស៊ីសែន​បាន 100% តាមរយៈ​ប្រព័ន្ធ​របស់​ស្ថានីយ​នេះ។

ព័ត៌មាន​ថ្មី​ខាងលើ​ត្រូវ​បានលើកឡើង​ក្នុង​សន្និសីទ​បច្ចេកវិទ្យា​ចក្រវាល​ដែល​បាន​ធ្វើឡើង​នៅក្នុង​ខេត្ត Heilongjiang ភាគ​ឦសាន​ប្រទេស​ចិន។ នេះ​បើតាម​ទំព័រ Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 15 មេសា។

ជា​បច្ចេកវិទ្យា​សំខាន់​សម្រាប់​បេសកកម្ម​អវកាស​មាន​មនុស្ស​របស់​ចិន ប្រព័ន្ធ​កែច្នៃ​អុកស៊ីសែន​ឡើងវិញ​នេះ​គាំទ្រ​ដល់​ភាវរស់ និង​គ្រប់គ្រង​បរិស្ថាន បង្កើតបានជា​លក្ខខណ្ឌ​​អំណោយ​ផល​ជា​មូលដ្ឋាន​សម្រាប់​ជីវិត ទន្ទឹមនឹង​ការកសាង​បរិស្ថាន​ធ្វើការ​ដែល​គួរឱ្យ​ចង់​រស់នៅ​សម្រាប់​អ្នក​អវកាស ដោយវា​​ធានាបាន​នូវ​សុវត្ថិភាព និង​សុខភាព។

ប្រព័ន្ធ​ថ្មី​ខាងលើនេះ​រួមមាន ប្រព័ន្ធតូចៗចំនួន 6 ដែលមាន​តួនាទី ៖ ផលិត​អុកស៊ីសែន​ដោយ​ការ​បំបែក​ទឹក​ទៅជា​អុកស៊ីសែន និង​អ៊ីដ្រូសែន, បំបាត់​កាបូន និង​ឧស្ម័ន​ពុល, សម្អាត​ទឹកនោម, សម្អាត​ទឹក, ផលិត​ទឹក​ដោយ​ប្រើប្រាស់ CO2 និង​អ៊ីដ្រូសែន។

មេបញ្ជាការ​របស់​ក្រុម​ហោះហើរ​នៃ​យានអវកាស Shenzhou 15 លោក Fei Junlong និយាយថា លោក​មាន​មោទកភាព​នៅពេល​បានឃើញ​ការរីកចម្រើន​របស់​ប​ច្ចេក​វិទ្យា​គាំទ្រ​ដល់​ភាវរស់​របស់​ប្រព័ន្ធ​កែច្នៃ​អុកស៊ីសែន។ លោក Fei Junlong បន្ថែមថា មាន​អារម្មណ៍ល្អ​នៅពេល​ធ្វើការ និង​រស់​នៅលើ​ស្ថានីយ​អវកាស​បាន​ជាង 100 ថ្ងៃ៕

Advertisement