រថយន្ត​អគ្គិសនី​ប្រភេទ​ប្រណិត​របស់​ចិន ចេះ​រាំ និង​អាច​បរ​ដោយ​កង់​បី

ក្រុមហ៊ុន BYD នឹងដាក់​បង្ហាញ​រថយន្ត​អគ្គិសនី​ប្រណិត U9 ចាប់​ពី​​ថ្ងៃទី 18 មេសា ក្រោម​យីហោ​បុត្រ​សម្ព័ន្ធ Yangwang។ អ្នកនឹង​បានឃើញ​ថា រថយន្ត​អគ្គិសនី​នេះ​ពិតជា​ចេះ​រាំ​ចុះឡើង។

មួយ​សប្ដាហ៍​មុន​ពិព័រណ៍​រថយន្ត​នៅ Shanghai ក្រុមហ៊ុន​ចិន BYD បានចាប់ផ្ដើម​បង្ហាញ Yangwang U9 នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ​បច្ចេកវិទ្យា ដែល​ណែនាំ​អំពី​ប្រព័ន្ធគ្រប់គ្រង​ដងខ្លួន​រថយន្ត​បែប​ឆ្លាត​វៃ​ដែល​ត្រូវបាន​ហៅថា DiSus។ បច្ចេកវិទ្យា​ថ្មី​បំផុត​របស់ BYD ត្រូវបាន​បង្ហាញ​នៅលើ​បណ្ដា​រថយន្ត​អគ្គិសនី​ដែល​ជិត​ត្រូវបាន​បង្ហាញខ្លួន​ក្រោម​ផ្លាក​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Yangwang ដែល​ត្រូវ​បាន​ណែនាំ​លើក​ដំបូង​​កាលពីដើម​ខែមករា 2023។

ក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ​នោះ BYD បាន​បង្ហើប​ឱ្យដឹង​អំពី​ថ្នាលបច្ចេក​វិទ្យា e4 របស់ខ្លួន ដែល​ត្រូវបាន​បំពាក់​លើ SUV Yangwang U8 និង​​ជិត​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ។

ប្រព័ន្ធគ្រប់​គ្រង​ដង​ខ្លួន​ថ្មី​របស់ BYD គឺ​ DiSus-X ​ដែល​បំពាក់​លើ​រថយន្ត​អគ្គិសនី Yangwang U9 អនុញ្ញាតឱ្យ​រថយន្ត​រាំ ​ប្ដូរ​កម្ពស់ និង​អាច​លោត​ឡើង​ផុតពី​ដី។ ជាង​នេះ Yangwang U9 ក៏​អា​ចបរ​នៅលើ​កង់​ចំនួន​បី​ផងដែរ។

រថយន្ត​អគ្គិសនី​ប្រណិត​ដែល​ជិត​ត្រូវបាន​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​​នេះ​មាន​ម៉ូ​ទ័​រ​អគ្គិសនី​ចំនួន​បួន​គ្រឿង អាច​បង្កើនល្បឿន​ពី 0-100 គីឡូម៉ែត្រ/ម៉ោងដោយ​ប្រើពេល​ពីរ​វិនាទី និង​មានតម្លៃ​ចាប់ពី​ប្រហែល 150,000 ដុល្លារ​អាម៉េរិក៕

Advertisement