ស្រឡាង​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​រាវ​ដំបូង​គេ​លើ​ពិភពលោក​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ

ក្រុមហ៊ុន Norled កាលពី​ថ្ងៃទី 31 មីនា ប្រកាសថា អាជ្ញាធរ​គ្រប់គ្រង​ដែនសមុទ្រ​ន័​រ​វែ​ស​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ MF Hydra ដែលជា​ស្រឡាង​ដំណើរការ​ដោយ​ថាមពល​អ៊ីដ្រូសែន​រាវ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក។

ក្រុមហ៊ុន​ន័​រ​វែ​ស Norled បាន​សាកល្បងដំណើរ​ការ​​ប្រព័ន្ធ​នៅលើ​ស្រឡាង MF Hydra ចាប់តាំងពី​ដើមឆ្នាំនេះ​។ MF Hydra នឹងធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​ន័​រ​វែ​ស នៅលើ​តំបន់​សមុទ្រ​រវាង Hjelmeland, Skipavik និង Nesvik។ ស្រឡាង​ដែលមាន​បណ្ដោយ 82.4 ម៉ែត្រ និង​ត្រូវ​បានដាក់​បណ្ដែត​ទឹក​កាលពី​ឆ្នាំ 2021 អាច​ដឹក​អ្នកដំណើរ​បាន 300 នាក់ និង​យានជំនិះ​បាន 80 គ្រឿង។ វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 16.7 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើប្រាស់​ថ្ម​ផ្ទុក​ឥន្ធនៈ​ពីរ​ដុំ​កម្លាំង 200 kW រួម​នឹង​ម៉ាស៊ីន​ផលិត​អគ្គិសនី 440 kW និង​ម៉ាស៊ីន​រុញច្រាន Shottel ពីរ​គ្រឿង។

ស្រឡាង​នេះ​អាច​ផ្ទុក​អ៊ីដ្រូសែន​បាន 80 ម៉ែត្រគុប ជួយ​ឱ្យ​វា​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​ប្រចាំឆ្នាំ​ឡើងដល់ 95%។ ស្រឡាង​ខាងលើនេះ​គឺជា​សមិទ្ធផល​កើតឡើង​ពី​កិច្ចសហការ​រវាង Norled និង​ដៃគូ​បរទេស។ បណ្ដា​ប្រព័ន្ធ​អ៊ីដ្រូសែន​នៅលើ​ស្រឡាង​នេះ​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​អាល្លឺម៉ង់ Linde Engineering។ ចំណែក​ក្រុមហ៊ុន​ដា​ណឺ​ម៉ាក Ballard វិញ គឺជា​អ្នក​ផលិត​ថ្ម​ផ្ទុក​អ៊ីដ្រូសែន​ដើម្បី​បង្កើតជា​ថាមពល។ ដោយឡែក ដំណើរការ​ដំឡើង​ឧបករណ៍​នានា ក៏ដូចជា​ការ​បង្ហើយ​កិច្ចការ​ចុងក្រោយ​របស់​ស្រឡាង​នេះ​ ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន SEAM និង Westcon របស់​ន័​រ​វែ​ស។

បច្ចុប្បន្ន​មានតែ Norled និង​វិស័យ​ឧស្សាហកម្ម​អវកាស​ប៉ុណ្ណោះ​ដែល​ប្រើប្រាស់​អ៊ីដ្រូសែន​រាវ​ធ្វើជា​ឥន្ធនៈ។ ដូច្នេះ រឿង​ដែល MF Hydra ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​គឺជា​ជំហាន​សំខាន់​មួយ​សម្រាប់​វិស័យ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ។

Advertisement