ជិះ​យាន​ជំនិះ​ប្រភេទ​​ថ្មី​នេះ​ អ្នក​​មិន​បាច់​ចេញ​ពី​កាប៊ីន តាំង​ពី​​បរ​លើ​ដី ​ហោះ​លើ​អាកាស និង​ជូន​ដល់​ផ្ទះ

(សហរដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Node Air កំពុង​អភិវឌ្ឍ​មធ្យោបាយ​ដឹកជញ្ជូន​មួយ​ដែល​រួមផ្សំ​រវាង​ផ្លូវគោក និង​ផ្លូវអាកាស ហើយ​​មាន​កាប៊ីន​សម្រាប់​ដឹក​ភ្ញៀវ អាច​ដោះចេញ​បាន។

ក្រុមហ៊ុន Node Air ដែលមាន​ទីស្នាក់ការ​នៅ Florida សហរដ្ឋ​អាម៉េរិក កំពុង​សហការ​ជាមួយ JetX ដើម្បី​អភិវឌ្ឍ​មធ្យោបាយ​ដឹកជញ្ជូន​ទម្រង់ module ថ្មី ដែល​បំពាក់​ប្រព័ន្ធ​រុញច្រាន vector។

ក្នុង​មធ្យោបាយ​ដឹកជញ្ជូន​នេះ កាប៊ីន​របស់​វា​នឹងធ្វើ​ដំណើរ​ទៅ​ទទួល​​អតិថិជន​ដល់ផ្ទះ​​របស់​ពួក​គេ​។ កាប៊ីន​នេះ​ស្ថិតនៅលើ​គ្រោង​ទម្រ​​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ដែលមាន​ថ្ម​ដោយឡែក និង​មាន​ម៉ូ​ទ័​រ អង្គ​ញាណ ប្រព័ន្ធ​កាច់ចង្កូត និង​ប្រព័ន្ធ​បញ្ជា​សមស្រប។ វា​នឹង​ដឹក​ភ្ញៀវ​ទៅដល់​កន្លែង​ត្រូវ​ហោះ​ឡើង ជា​ទី​ដែលមាន​យន្តហោះ​ដ្រូ​ន​គ្មាន​មនុស្ស​បើក​​កំពុង​រង់ចាំ​ជាស្រេច។ ប្រព័ន្ធ​ទម្រ​​នឹង​ខ្ជាក់​កាប៊ីន​នោះ​ចេញ ហើយ​យន្តហោះ​ដ្រូ​ន​ដែល​នៅ​ពី​លើ​នោះ​​នឹង​ចាប់យក​កាប៊ីន​ដែលមាន​ភ្ញៀវ​នៅ​ខាងក្នុង​​ពី​អាកាស មុនពេល​ចេញដំណើរ។

ដោយមាន​បំពាក់​បណ្ដុំ​ថ្ម​ផ្ទុក​អគ្គិសនី​ដោយឡែក យាន​ជំនិះ​នេះ​នឹង​ដឹក​ភ្ញៀវ​ទៅដល់​កន្លែង​ចុះចត រួច​ទម្លាក់​កាប៊ីន​ដឹក​ភ្ញៀវ​ទៅលើ​ប្រព័ន្ធ​ទម្រ​​មួយ​ផ្សេងទៀត​ដើម្បី​ដឹក​ភ្ញៀវ​ទៅ​កាន់​គោលដៅ។ នៅក្នុង​ការធ្វើដំណើរ​នេះ អតិថិជន​មិនចាំបាច់​ចេញពី​កាប៊ីនឡើយ។

ម៉ូឌុល​នានា​របស់​ប្រព័ន្ធ​ដឹកជញ្ជូន​នេះ​ក៏​អាច​ដឹកជញ្ជូន​ដោយ​មធ្យោបាយ​ស្តង់ដា មានដូចជា រថភ្លើង ឬ​កប៉ាល់​ជា​ដើម ចំពោះ​ការធ្វើដំណើរ​រយៈ​ចម្ងាយ​ឆ្ងាយ។

ក្រុមហ៊ុន JetX ដែលជា​ដៃគូ​សហការ​របស់ Node Air កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​រុញច្រាន vector ដែល​ជួយ​ឱ្យ​យានជំនិះ​មិនចាំបាច់​ផ្អៀងខ្លួនពេល​ប្ដូរ​ទិស​ក្នុង​ពេល​ហោះ​ហើរ ដោយវា​នឹង​​ប្រើប្រាស់ប្រព័ន្ធ​​បែងចែក​លំហូរ​ខ្យល់​ដែលមាន​ស្លាប់ ឬ​មិនមាន​ស្លាប។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រព័ន្ធ​យានជំនិះ​ប្រភេទ​ម៉ូឌុល​នេះ បច្ចុប្បន្ន​ស្ថិត​ក្នុងដំណាក់កាល​រៀបចំ​រចនា​រូបរាង​ ហើយ Node Air ក៏​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​ដំណាក់កាល​សាកល្បង​នៅឡើយ៕

Advertisement