ទីក្រុង​របស់​ប្រទេស​ជប៉ុន គ្រោង​ផលិត​អគ្គិសនី​ពី​ព្រឹលដែល​សល់​

នៅឯ​ទីក្រុង Aomori នៅ​ភាគ​ឦសាន​ប្រទេស​ជប៉ុន អាជ្ញាធរ​កំពុង​រៀប​ផែន​ការផលិត​អគ្គិសនី​ពី​ព្រឹល​ដែល​សល់ ដើម្បី​ធានា​លើ​ប្រភព​ផ្គត់ផ្គង់​ថាមពល​កកើត​ឡើងវិញ និង​ជួយ​កាត់បន្ថយ​បញ្ហា​ដាច់​ភ្លើង។

គម្រោង​ដែលជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា Forte Co និង​សាកលវិទ្យាល័យ​ទូរគមនាគមន៍​តូ​ក្យូ​ត (UEC) រួមមាន ការប្រើប្រាស់​ភាពខុសគ្នា​នៃ​សីតុណ្ហភាព​រវាង​ព្រឹល​ដែល​គេ​រក្សាទុក និង​បរិយាកាស​ជុំវិញ ដើម្បី​ផ្ដល់​ថាមពល​ឱ្យ​ទួ​រ​ប៊ី​ន។ ថាមពល​នេះ​ត្រូវបាន​បង្កើតឡើង​នៅពេល​សីតុណ្ហភាព​ក្នុង​បរិយាកាស​ធ្វើឱ្យ​ហួត​ធាតុ​រាវ​ដែល​ត្រជាក់​ដោយសារ​ព្រឹល។

ការផលិត​អគ្គិសនី​ពី​ព្រឹល​ដែល​គេ​រក្សាទុក​នឹង​ផ្គត់ផ្គង់​ប្រភព​ថាមពល​​ដែលមាន​ប្រយោជន៍​ផ្នែក​បរិស្ថាន សុវត្ថិភាព ហើយ​ការចំណាយ​ក៏​ទាប នេះ​បើតាម Tech Times ចុះផ្សាយ​កាលពី​ថ្ងៃទី 08 មករា 2023។

ទីក្រុង Aomori របស់ ជប៉ុន មាន​ព្រឹល​ធ្លាក់​ច្រើន​ជា​រៀងរាល់ឆ្នាំ។ ការចំណាយ​លើ​ការសម្អាត​ព្រឹល​ក្នុង​ឆ្នាំ 2021 បាន​ឡើងដល់ 55 លាន​ដុល្លារ​អាម៉េរិក។ ជំនួស​ឱ្យ​ការយក​ព្រឹល​ដែល​សល់​នេះ​ទៅ​ចាក់ចោល អាជ្ញាធរ​ក្រុង និង​ដៃគូ​សហការ បានសម្រេច​ចិត្ត​​រៀប​ចំ​​គម្រោង​ផលិត​អគ្គិសនី​ខាងលើ។

បើសិនជា​​ទទួល​បាន​ជោគជ័យ ប្រភព​ថាមពល​កកើត​ឡើងវិញ​ដ៏​ពិសេស​នេះ មិន​ត្រឹមតែ​ផ្គត់ផ្គង់​ប្រភេទ​អគ្គិសនី​ថ្មី​សម្រាប់​ទីក្រុង Aomori នោះទេ ប៉ុន្តែ​ក៏​អាចបង្កើត​បាន​ឧស្សាហកម្ម​ថ្មី​សន្លាង​នៅក្នុង​តំបន់​ទៀតផង៕

Advertisement