«រថយន្ត​អគ្គិសនី​វៀតណាម VF8 ជួប​បញ្ហា​ធ្ងន់ធ្ងរ»! Youtuber Tom Peng បើក​កកាយ​អំពី​កំហុស​ទាំង​នេះ

ជា​រថយន្ត​អគ្គិសនី​ផលិត​នៅ វៀតណាម VinFast VF8 ទទួល​បានការ​សាទរ​ពី​អ្នកប្រើប្រាស់ ប៉ុន្តែ មិនយូរប៉ុន្មាន ម៉ូ​ដែល​នេះ​ជួប​បញ្ហា​ជាច្រើន​ដែល​បង្ក​ការរំខាន​របស់​ម្ចាស់​រថយន្ត។

បញ្ហា​មួយចំនួន​ដែល​កើតមាន​នៅលើ VinFast VF8 រួមមាន​ដូចជា «កំពុង​បើកបរ​ក៏​ស្រាប់តែ​ម៉ូ​ទ័​រអគ្គិសនី​​ឈប់​ដើរ», «អំពូល​ភ្លើង​ផ្ដល់​សញ្ញា និង​អំពូល​ភ្លើង​ហ្វា​បិទ​ដោយ​ឯកឯង» , «បញ្ហា​ផ្នែក​ទន់ (សហ្វវ៉ែរ)», «បញ្ហា ផ្ដល់​សញ្ញា​មិន​ត្រឹមត្រូវ» ជាដើម។ល។ ហើយ​កំហុស​ដែល​ជួប​ជា​ញឹកញាប់​គឺ «បញ្ហា​បញ្ចូល​ថាមពល​អាគុយ 12V», «បញ្ហា​ប្រព័ន្ធ BEV»។ អ្នកប្រើប្រាស់​ជាច្រើន​ក៏បាន​រាយការណ៍​អំពី​បញ្ហា​ទាំងនេះ។ អ្នកខ្លះ​នៅតែ​ជួប​បញ្ហា​ដដែល បើ​ទោះ​បានធ្វើ​បច្ចុប្បន្នភាព​ផ្នែក​ទន់​ថ្មី។

Youtuber Tom Peng គឺជា​អ្នក​ចូលចិត្ត​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម VinFast ហើយ VinFast VF8 គឺជា​រថយន្ត​ដែល Tom ជិះ​រាល់ថ្ងៃ ប៉ុន្តែ កំហុស​ខាងលើ​កើតមាន​កាន់តែ​ញឹក​​ញាប់ បង្ក​ការរំខាន និង​ខាត​ពេលវេលា​ច្រើន។ ក្នុង​វីដេអូ​នៅលើ Youtube លោក Tom Peng បាន​ថតអំពី​បញ្ហា​ទាំង​ឡាយ​ដែល​គាត់​បាន​ជួប​ប្រទះ​ពេល​ប្រើ​ប្រាស់​​​រថយន្ត VinFast VF8។

ក្រោយពី​វីដេអូ​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម លោក Tom Peng នៅតែ​មិនទាន់​ឱ្យដឹងថា កំហុស​ទាំងនេះ​ត្រូវបាន​ដោះស្រាយ​ទាំងស្រុង​ហើយ ឬ​នៅ។

Tom Peng គឺជា​អ្នកជំនួញ​ដើមកំណើត​អាស៊ី សញ្ជាតិ​កាណាដា។ បច្ចុប្បន្ន Tom Peng រកស៊ី​នៅ វៀតណាម និង​មាន​រថយន្ត​អគ្គិសនី VinFast 2 គ្រឿង គឺ VF E34 និង VF8។ ក្រៅពីនេះ លោក Tom Peng ក៏មាន​រថយន្ត​ទំនើប និង​រថយន្ត​ប្រណិត​ផ្សេងទៀត ដូចជា Mercedes និង Bentley ផងដែរ​។

Advertisement