យាន​ស្រាវជ្រាវ​​របស់​មនុស្ស​នៅលើដី​ភព​អង្គារ​ ឈប់​ដំណើរការ​ក្រោយ​រយៈពេល 4 ឆ្នាំ

បេសកកម្ម​បង្កើត​ផែនទី​ខាងក្នុង​ភព​ព្រះ​អង្គារ​របស់​យាន​ស្រាវជ្រាវ InSight បានបញ្ចប់​កាលពី​ថ្ងៃទី 20 ធ្នូ ដោយសារតែ​ត្រូវ​គ្របដណ្ដប់​ដោយ​ធូលី។

បន្ទាប់ពី​ជាង 4 ឆ្នាំ​ដែល​ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​កាន់​ពិភព​អង្គារ យាន InSight ក៏បាន​ឈប់​ដំណើរការ​ចាប់ពី​ថ្ងៃទី 20 ធ្នូ 2022។ យាន​របស់ ណា​សា នេះ ត្រូវបាន​គេ​ជឿថា អស់​ថាមពល ព្រោះតែ​ធូលី​ក្រាស់​គ្របដណ្ដប់​លើ​ផ្ទាំង​សូ​ឡា​រប​ស់វា។

ដោយ​ត្រូវបាន​បំពាក់​ឧបករណ៍​វាស់​ស្ទង់ទំនើបៗ ក្នុង​រយៈពេល 4 ឆ្នាំ​កន្លង InSight បាន​បំពេញបេសកកម្ម​បង្កើត​ផែនទី​ខាងក្នុង ក្រោម​ស្រទាប់ដី​របស់​ពិភព​ក្រហម​មួយ​នេះ តាមរយៈ​ការកត់ត្រា​ករណី​រញ្ជួយ​ដី​ប្រមាណ 1,300 លើក។ ប្រការនេះ​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​អាច​ដឹងបាន​ថា ស្នូល​របស់​ពិភព​អង្គារ​ពិតជា​រាវ ហើយ​ស្រទាប់​ខាងក្រៅ​របស់​ពិភព​នេះ​ក៏​ស្ដើង​ជាង​ការគិត​កន្លងមក ដោយ​វា​អាច​ត្រូវបាន​បង្កើតឡើង​ពី​ស្រទាប់​ចំនួន 3។

ធូលី​គ្របដណ្ដប់​ពេញ​ពីលើ​ផ្ទាំង​សូឡា​របស់​យាន​ InSight

បាតុភូត​រញ្ជួយ​ដី​អាចជា​លទ្ធផល​ដែល​កើត​ពី​ភាពមិនប្រក្រតី​របស់​សី​តុ​ណ្ហ​ភាព ដោយសារតែ​ស្រទាប់​ខាងក្រៅ​របស់​ពិភព​អង្គារ។ កន្លងមក បេសកកម្ម​របស់ InSight ក៏​ធ្លាប់​ជួប​បរាជ័យ​ម្ដង​រួចហើយ ទាក់ទិន​នឹង​ឧបករណ៍​វិទ្យាសាស្ត្រ​វាស់​ស្ទង់​​សីតុណ្ហភាព។ ឧបករណ៍​នេះ​ត្រូវ​កប់​ក្នុង​ដី​ជម្រៅ 5 ម៉ែត្រ​ដើម្បី​វាស់​កម្ដៅ​ ប៉ុន្តែ​វា​មិនអាច​ជីក​រុល​ចុះ​ជ្រៅ​បាន ហើយ​បេសកកម្ម​នេះ​ក៏ត្រូវ​បាន​បោះបង់ចោល​កណ្ដាល​ទី៕

Advertisement