(វីដេអូ)-រ៉ូបូត​ជើង​ ៦ ខ្នាតយក្ស កើតឡើង​ពីការ​បំផុស​គំនិត​ដោយខ្សែភាព​យន្ត​វិទ្យា​សាស្ត្រ​ប្រឌិត

វិស្វករ​អង់គ្លេស បាន​ច្នៃ​រ៉ូ​បូត​កម្ពស់ ២.៨ ម៉ែត្រ និង​ទម្ងន់ ២.២ តោន អាចធ្វើ​ដំណើរ​នៅលើ​សណ្ឋាន​ដីលំបាកៗក្នុង​ល្បឿន ១ គីឡូម៉ែត្រ/ម៉ោង។

រ៉ូ​បូត​ខ្នាត​យក្ស​នេះ​ត្រូវបាន​បង្កើតឡើង​ដោយយោង​ទៅតាម​ចំណាប់អារម្មណ៍​ពី​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ​ប្រឌិត។ រ៉ូ​បូត​ដែលមាន​ឈ្មោះថា Mantis នេះ មាន​ជើង​ចំនួន ៦ និង​កំពុង​កាន់កាប់​អត្ត​ទគ្គ​កម្ម​ពិភពលោក Guinness ស្ដីអំពី​រ៉ូ​បូត​ជើង ៦ ធំ​បំផុត ដែល​អាច​បញ្ជា​បាន។

Mantis មាន​កម្ពស់ ២.៨ ម៉ែត្រ និង​ទម្ងន់ ២.២ តោន។ វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​អាច​ដើរ​នៅលើ​ភូមិសាស្ត្រលំបាក។ តើ​វា​បោះជំហាន​ដោយ​របៀប​ណា?

Mantis ដំណើរការ​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ២.២ លីត្រ និង​ដើរ​ក្នុង​ល្បឿន​លឿន​បំផុត​គឺ ១ គីឡូម៉ែត្រ/ម៉ោង។ វា​មាន​ដង​បញ្ជា​ចំនួន ២ ដែលមាន​គ្រាប់​ចុច​ចំនួន ២៨ គ្រាប់ និង​អាច​ត្រូវបាន​បញ្ជា​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ Wi-Fi ឬ​បញ្ជា​ពី​ខាងក្នុង​បន្ទប់​បញ្ជា​ក្នុង​រ៉ូ​បូត​នេះ។

រ៉ូ​បូត Mantis ត្រូវបាន​ច្នៃ​ដោយ​វិស្វករ Matt Denton នៅ Hampshire ប្រទេស​អង់គ្លេស។ Denton ធ្លាប់​ច្នៃ​រ៉ូ​បូត​ដូចគ្នានេះ ប៉ុន្តែ​ជា​កំណែ​ខ្នាតតូច នៅឯ​ផ្ទះ​របស់គាត់។

លោក Denton បាន​ចំណាយពេល​អស់ ៣ ឆ្នាំ ដើម្បី​បង្កើត Mantis។ រ៉ូ​បូត​នេះ​មិនមែន​ត្រូវបាន​បង្កើតឡើង​សម្រាប់​លក់​នោះទេ ប៉ុន្តែ ដំណើរការ​របស់​រ៉ូ​បូត​នេះ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍៕

Advertisement