រ៉ូ​បូត​ឆ្លាត​វៃ​ជួយប្រមូល​ផល​ផ្លែឈើ​ជំនួស​កម្លាំង​មនុស្ស

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់ អ៊ីស្រាអែល បានទទួល​ជោគជ័យ​ក្នុងការ​អភិវឌ្ឍ​រ៉ូ​បូត​ហោះ​មួយ​ប្រភេទ​ដែលមាន​សមត្ថភាព​បេះ​ផ្លែឈើ​ជំនួស​មនុស្ស។

នៅក្នុង​តំបន់​មួយចំនួន​របស់​ពិភពលោក ឱ្យតែ​ដល់​រដូវ​ប្រមូល​ផល​ផ្លែឈើ កសិករ​តែងតែ​ជួប​បញ្ហា​ខ្វះ​កម្លាំង។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា Tevel របស់ អ៊ីស្រាអែល ក៏បាន​អភិវឌ្ឍ​រ៉ូ​បូត​ហោះ​ដែលមាន​ជំនាញ​ក្នុងការ​បេះ​ផ្លែឈើ។

រ៉ូ​បូត​នេះ​ហោះ​ក្បែរ​ពីលើ ឬ​ពី​ខាង​ដើមឈើ ដើម្បី​ពិនិត្យ និង​បេះ​ផ្លែ​ដែល​ដល់ពេល​ត្រូវ​ប្រមូល​ផល។ ពួកវា​ប្រើប្រាស់​ដៃ​ដែល​អាច​ស្រូប​ទាញ​ផ្លែឈើ ហើយ​ទម្លាក់​ចូលទៅក្នុង​ធុង​ដោយ​ការប្រុងប្រយ័ត្ន។

យោង Yaniv Maor នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Tevel បានឱ្យដឹងថា «រ៉ូ​បូត​ហោះ​ដែល​យើង​អភិវឌ្ឍ មាន​រូបរាង​តូច លឿន និង​សន្សំសំច័យ​ប្រាក់»។

រ៉ូ​បូត​នេះ​បំពាក់​កាមេរ៉ា​ដែល​អនុញ្ញាតឱ្យ​វា​ដឹងថា ផ្លែ​ណា​ត្រូវ​បេះ ផ្លែ​ណា​មិនទាន់​ដល់ពេល​ត្រូវ​បេះ។ វា​ក៏​បំពាក់​ប្រព័ន្ធ​ពិសេស​ដែល​ជួយ​ឱ្យ​ដំណើរការ​បន្តបន្ទាប់​ដោយ​មិន​ខ្លាច​អស់​ថាមពល​អគ្គិសនី និង​អាច​ធ្វើការ​គ្រប់​កាលៈទេសៈ។

បច្ចុប្បន្ន រ៉ូ​បូត​របស់ Tevel អាច​បេះ​ផ្លែឈើ​មួយចំនួន​មានដូចជា ប៉ោម សារី ស្វាយ ប៊ឺ​រ និង​ជម្ពូ។ ក្រៅពី អ៊ីស្រាអែល រ៉ូ​បូត​នេះ​ក៏​ត្រូវបាន​ប្រើប្រាស់​នៅ សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​នៅ អឺរ៉ុប។ ប៉ុន្តែ ក្រុមហ៊ុន Tevel ឱ្យដឹងថា កំពុងមាន​គម្រោង​វាយលុក​ទីផ្សារ​ចិន និង​ជប៉ុន ផងដែរ៕

Advertisement