បុគ្គលិក Twitter សប្បាយរីករាយ​ពេល​ត្រូវ អ៊ី​ឡុ​ន ម៉ាស បញ្ឈប់​ពី​ការងារ

ជំនួស​ឱ្យ​ការខកចិត្ត បុគ្គលិក​របស់ Twitter មួយចំនួន​បាន​សម្ដែង​ការសប្បាយរីករាយ ហើយ​ខ្លះទៀត​ថែមទាំង​ជប់លៀង​នៅពេល​ត្រូវ​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក អ៊ី​ឡុ​ន ម៉ាស (Elon Musk) បញ្ឈប់​ពី​ការងារ។

ភ្លាមៗបន្ទាប់ពី​បាន​ចូល​ក្ដោប​ក្ដាប់​បណ្ដាញ​សង្គម Twitter មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស បានចាប់ផ្ដើម​សកម្មភាព​ជាច្រើន​ដើម្បី​កែទម្រង់​បណ្ដាញ​សង្គម​នេះ ក្នុងនោះ​មាន​ទាំង​ការផ្លាស់ប្ដូរ​តំណែងសំខាន់ៗ ក៏ដូចជា​បញ្ឈប់​បុគ្គលិក​មួយ​ភាគ​ធំ​ផងដែរ។

ដើមខែ​វិច្ឆិកា លោក ម៉ាស បានសម្រេច​ចិត្ត​បញ្ឈប់​បុគ្គលិក​ជាង 50% ក្នុងចំណោម​បុគ្គលិក​សរុប 7,500 នាក់​របស់ Twitter និង​ស្នើឱ្យ​ពួកគេ​ជ្រើសរើស​រវាង​ការ​ខំប្រឹង​ធ្វើការ និង​ការលាឈប់។ អ្នក​ដែល​មិនបាន​ឆ្លើយតប​អ៊ី​មេ​ល​របស់លោក ម៉ាស តាម​ពេលវេលា​ដែល​បានកំណត់ នឹងត្រូវ​បានចាត់ទុក​ថា បាន​ទទួលយក​ការបញ្ឈប់​ពី​ក្រុមហ៊ុន។

ប្រភពព័ត៌មាន​ឱ្យដឹងថា មាន​បុគ្គលិក​ជាច្រើន​សម្រេចចិត្ត​នៅ​ស្ងៀម និង​យល់ព្រម​ចាកចេញ​ពី​ក្រុមហ៊ុន។ ប៉ុន្តែ ជំនួស​ឱ្យ​ការខកចិត្ត បុគ្គលិក​របស់ Twitter មួយចំនួន​បាន​សម្ដែង​ការសប្បាយរីករាយ​នៅពេល​ពួកគេ​សម្រេចចិត្ត​លាឈប់​ពី​ក្រុមហ៊ុន។

បុគ្គលិក​ជាច្រើន​បាន​បង្ហោះ​រូបថត និង​វីដេអូ​លើ​បណ្ដាញ​សង្គម បង្ហាញ​អំពី​ទិដ្ឋភាព​ពួកគេ​រាប់​ថយក្រោយ​រហូតដល់​វិនាទី​ចុងក្រោយ​ដែល​ត្រូវ​ឆ្លើយតប​អ៊ី​មេ​ល​របស់លោក ម៉ាស។ បុគ្គលិក​ខ្លះ​ថែមទាំង​ជប់លៀង​ទៀតផង នៅពេល​ត្រូវ CEO របស់ Tesla បញ្ឈប់​ពី​ការងារ។

តាម​ការ​គណនា បុគ្គលិក​របស់​បណ្ដាញ​សង្គម Twitter ប្រហែល 1,200 នាក់ បានសម្រេច​ចិត្ត​ទទួលយក​ការបញ្ឈប់​ពី​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស៕

Advertisement