យន្តហោះ​ធំ​បំផុត​ក្នុង​ពិភពលោក ដឹក​យាន​ល្បឿន​លឿន​ជាង​សំឡេង 6 ដង (វីដេអូ)

(សហរដ្ឋ​អា​ម៉​រិ​ក)-នេះ​គឺជា​លើកដំបូង​ហើយ​ដែល Stratolaunch សាកល្បង​ដឹក​យាន​គំរូ​ល្បឿន​លឿន​ជាង​សំឡេង Talon ដោយ​ប្រើប្រាស់​យន្តហោះ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក កាលពី​ថ្ងៃទី 28 តុលា 2022។

យន្តហោះ​ដឹកជញ្ជូន​ខ្នាត​យក្ស Roc ដែលមាន​ស្លាប​វែង​ជាង​ព្រលាន​បាល់ទាត់ បាន​នាំយក​យាន​គំរូ​សាកល្បង Talon-A (TA-0) ឡើង​ទៅលើ​ដែនអាកាស​របស់​សមុទ្រ​ខ្សាច់ Mojave ក្នុង​រដ្ឋ California។ ជើងហោះហើរ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​បញ្ជាក់ថា Roc អាច​ដឹក​យាន​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ត្រូវបាន​ផលិតឡើង​ដើម្បី​បង្ហោះ​ចេញពី​អាកាស។

យន្តហោះ Roc របស់ Stratolaunch ហោះ​ឡើង​ពី​ព្រលានយន្តហោះ និង​អវកាស Mojave ដឹក​យាន​គំរូ​សាកល្បង Talon ប្រវែង 8.5 ម៉ែត្រ ភ្ជាប់​ទៅនឹង​សសរ​នៅ​កណ្ដាល​ស្លាប​ប្រវែង 117 ម៉ែត្រ។ ជើងហោះហើរ​នេះ​មាន​ថេរវេលា​ជាង 5 ម៉ោង និង​ហោះ​ក្នុង​រយៈកម្ពស់ 7,000 ម៉ែត្រ។ ក្រុមហ៊ុន Stratolaunch ឱ្យដឹងថា ជើងហោះហើរ​នេះ​បាន​ឆ្លើយតប​គ្រប់យ៉ាង​ទៅនឹង​គោលដៅ​ដែល​បានដាក់​ចេញ។

ក្រុមហ៊ុន Stratolaunch ត្រូវបាន​បង្កើតឡើង​ដោយ​សហ​ស្ថាបនិក​របស់ Microsoft លោក Paul Allen ដើម្បី​បាញ់​បង្ហោះ​រ៉ុក្កែត​ពី​អាកាស​ទៅកាន់​បរិយាកាស​ផែនដី។ ក្រុមហ៊ុន​នេះ​កំពុង​ធ្វើតេស្ត​យាន Talon ដែល​អាច​ហោះ​បាន​ក្នុង​ល្បឿន Mach 6 (7.408 គីឡូម៉ែត្រ/ម៉ោង)។ ជើងហោះហើរ​របស់ TA-0 កាលពី​ថ្ងៃទី 28 តុលា គឺជា​ការហោះហើរ​សាកល្បង​លើក​ទី 8 របស់​យន្តហោះ Roc។

ក្រុមហ៊ុន Stratolaunch គ្រោង​នឹងធ្វើ​ការហោះហើរ​សាកល្បង​នូវ​យាន​ល្បឿន​លឿន​ជាង​សំឡេង​ពេញលេញ​ដំបូង​គឺ Talon-A TA-1 ក្នុង​ឆ្នាំ 2023 បើសិន​ការសាកល្បង​ទម្លាក់​ក្នុង​ខែធ្នូ​ខាងមុខ​ទទួលបាន​ជោគជ័យ។ ក្រុមហ៊ុន​នេះ​ក៏​កំពុងតែ​អភិវឌ្ឍ​កំណែ TA-2 និង TA-3 ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ទាំងស្រុង​ផងដែរ។

យោងតាម Space ក្រុមហ៊ុន Stratolaunch មាន​ផែនការ​ផ្ដល់​សេវាកម្ម​ហោះហើរ​ដោយ​ប្រើ​យាន​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​សម្រាប់​រដ្ឋាភិបាល និង​អតិថិជន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ចាប់ពី​ឆ្នាំ 2023៕

Advertisement