​កាមេរ៉ា​ឌីជីថល​ធំជាង​គេ​បង្អស់​ក្នុងពិភពលោក តម្លៃ​រាប់​រយ​លាន​ដុល្លារ​អាម៉េរិក

ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៅ California កំពុង​បង្ហើយ​កិច្ច​ការ​ផលិត​កាមេរ៉ា​ 3,200 megapixel ​ទំហំ​ប្រហែល​នឹង​​រថយន្ត​មួយ​គ្រឿង​ ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ជួយឱ្យ​អ្នក​វិទ្យា​សាស្ត្រ​​រកឃើញ​ផ្កាយ​ថ្មី​​រាប់​ពាន់​លាន​ដួង​បន្ថែម​ទៀត​។

«ខ្ញុំ​កំពុង​ស្ថិតនៅក្នុង​បន្ទប់​ស្អាត​មួយ​នៅ​ California ខាងជើង ជាមួយ​នឹង​កាមេរ៉ា​ឌីជីថល​ធំ​ជាង​គេ​បង្អស់​ក្នុង​ពិភពលក​» Andy Altman និយាយដូច្នេះ​។

«កាមេរ៉ា​លើ​ដៃ​ខ្ញុំ​នេះ​មាន​តម្លៃ​ប្រហែល​ 6,000 ដុល្លារ​អាម៉េរិក។ ចំណែក​មួយគ្រឿង​នៅ​ខាង​ក្រោយ​ខ្ញុំមាន​តម្លៃ​ 168,000,000 ដុល្លារ​អាម៉េរិក​។ នេះ​គឺជា​ឱកាស​ដ៏​កម្រ​ដែល​យើង​បាន​មើលគ្រឿង​ប្រដាប់​​ខាង​ក្នុង​​របស់​កាមេរ៉ា​នេះ ដោយ​សារ​តែ​គម្រប​មិន​ទាន់​បិទ​។ យើង​អាច​មើល​ឃើញ​រាល់​ឧបករណ៍​ និង​សេនសឺរ​»។

អ្នក​ធ្លាប់​បាន​ឮ​គេ​និយាយ​ដល់​តេឡេស្កុប Hubble ហើយ​ថ្មី​ៗ​នេះ​គឺ​តេឡេស្កុប​ James Webb។ ពេលនេះ​​ចូរ​ត្រៀម​សម្រាប់​មើល​តេឡេស្កុប​ដ៏​អស្ចារ្យ​បន្ទាប់​ ដែល​​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រក​ឃើញ​ផ្កាយ​ថ្មី​រាប់​ពាន់​លាន​ដួង​​ រុករក​វត្ថុ​អវកាសថ្មី​​រាប់​លាន​​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ និង​កែ​ប្រែ​វិធី​ដែល​យើង​មើល​ចក្រ​វាល​នា​បច្ចុប្បន្ន​។

កាមេរ៉ា​នេះមាន​ទំហំ​ប៉ុន​កូនឡាន​មួយគ្រឿង​ និង​ជា​ចំណុច​ស្នូល​នៃ​ការ​រុក​រក​បេតិកភណ្ឌ​អវកាស​ និង​ពេល​វេលា​ (LSST) ដែលជា​គម្រោង​មួយ​មាន​រយៈ​ពេល 10 ឆ្នាំ ដើម្បី​បង្កើត​ផែនទី​សម្រាប់​ផ្ទៃមេឃ​ទាំង​មូល​នៅ​ទិស​ខាង​ត្បូង​ប្រកប​ដោយ​ភាព​លម្អិត​។

តើ​លម្អិត​ដល់​កម្រិត​ណា​?

កាមេរ៉ា​ 3,200 megapixel នេះ​ខ្លាំង​រហូត​ដល់​ថ្នាក់​ អាច​មើល​ឃើញ​កូន​បាល់​ golf មួយ​គ្រាប់​ដែល​ស្ថិត​នៅ​ចម្ងាយ​ 24 គីឡូម៉ែត្រ​។ នៅ​ពេល​គម្រោង​ដែល​មាន​រយៈ​ពេល 10 ឆ្នាំ​នេះ​បាន​បញ្ចប់​ជា​ស្ថាពរ ក្រុម​អ្នកវិទ្យា​សាស្ត្រ​ក៏​នឹង​បង្កើត​បាន​ភាព​យន្ត​ 3D មួយ​ស្ដីពី​ផ្ទៃ​មេឃ​ បង្ហាញ​អំពី​របៀប​ដែល​វត្ថុអវកាស​រាប់​ទ្រីលាន​ផ្លាស់​ទី​ជា​មួយ​គ្នា រួម​នឹង​របៀប​ដែល​ពន្លឺ​ត្រូវ​កាច់​​ឱ្យ​កោង​នៅ​ជុំ​វិញ​វត្ថុ​អវកាស​ខ្នាត​យក្ស និង​ដំណើរ​ការ​នៃ​ការ​វិវត្ត​រាប់​ពាន់​លាន​ឆ្នាំ​របស់​ប្រព័ន្ធ​ផ្កាយ​ និង​កាឡាក់ស៊ី។

នៅ​ពេល​ការ​ផលិត​បាន​​រួច​រាល់ កាមេរ៉ា LSST នឹង​ក្លាយ​ជា «បេះដូង» របស់​ស្ថានីយ​សង្កេត​តារា Vera C. Rubin នៅ​តំបន់​ភ្នំ​ភាគ​ខាង​ជើង​នៃ​ ប្រទេស​ស៊ីលី​។

ក្នុង​បន្ទប់​ពិសោធ​ម៉ាស៊ីន​បង្កើន​ល្បឿន​ SLAC នៅ​ក្បែរ​សាកល​វិទ្យាល័យ​ Stanford ក្រុមអ្នកវិទ្យា​សាស្ត្រ​កំពុង​តែ​បន្ថែម​ឧបករណ៍​ចុង​ក្រោយសម្រាប់​កាមេរ៉ា​ធំជាង​គេ​បង្អស់​នេះ។ ដូច​ទៅ​នឹង​កាមេរ៉ា​ទូរស័ព្ទ​ គ្រប់​យ៉ាង​ចាប់​ផ្ដើម​ពី​ឡែន។ ប៉ុន្តែ កាមេរ៉ា​នេះ​មាន​ប្រវែង​ 4 ម៉ែត្រ​ ហើយ​ឡែន​មាន​អង្កត់​ផ្ចិត​ 1.5 ម៉ែត្រ​។ នេះ​គឺជា​កំណត់​ត្រា​ពិភព​លោក​មួយ​ ហើយ​វា​ត្រូវ​ការ​ពេល​ 5 ឆ្នាំ​ក្នុង​ការ​ផលិត​។

ក្រោយ​ពី​ឆ្លង​កាត់​ឡែន ពន្លឺ​នឹង​រត់ដល់​កញ្ចក់​ចម្រាញ់​មួយ​ក្នុង​ចំណោម​ 6 ឬ​ច្រើនជាង​នេះ។ កញ្ចក់​ចម្រាញ់​ពន្លឺ​នីមួយ​ៗ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ប្រមូល​ពន្លឺ​តាម​ប្រភេទកាំ​​នៅ​ក្នុង​​វិសាលគម​ពន្លឺ ចាប់​ពី​កាំរស្មីអ៊ុលត្រាវីយូឡេ រហូត​ដល់កាំរស្មីជិតអ៊ីនហ្វ្រារ៉េដ។ បន្ទាប់​ពី​ត្រូវ​បាន​ចម្រាញ់ ពន្លឺ​កនឹង​ចូល​ទៅ​ដល់​ចំណុច​ផ្ដិត​យក​រូប​ភាព​ដែល​មានអង្គ​ញាណ ឬ​ហៅ​ថា សេនសឺរ​ដោយ​ឡែក​ចំនួន 189។

វីដេអូ​នេះ​បង្ហាញ​ថា ក្រុម​ការ​ងារ​កំពុង​ដំឡើង​សេនសឺរចំនួន 25 ក្រុម​ ​ក្នុង​រយៈ​ពេល 6 ខែ​។ ក្រុម​នីមួយ​ៗ​មាន​តម្លៃ​ 3 លាន​ដុល្លារ​។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​សាកល្បង​ឧបករណ៍​ផ្ដិត​យក​រូប​ភាព​របស់កាមេរ៉ា​នេះ​កាលពី​ឆ្នាំ​កន្លង​ និង​បង្កើត​បាន​ជា​រូប​ភាព​ដូច​នាទី​ចុងក្រោយ​ក្នុង​វីដេអូ​នេះ​។

LSST នឹង​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ជា​ច្រើន​នៅ​​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ មុន​នឹង​ត្រូវ​បាន​ដឹក​ទៅ​កាន់ ប្រទេស​ស៊ីលី​នៅ​ខែ​ឧសភា​ឆ្នាំក្រោយ​ ដើម្បី​ដំណើរការ​ និង​ប្រើប្រាស់​នៅ​ក្នុងស្ថានីយ​សង្កេត​តារា​នៅ​ទី​នោះ​៕

Advertisement