នាវា​ទេសចរណ៍​អគ្គិសនី​ដំបូង​គេ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​​ក្នុង​តំបន់​ត្រជាក់​របស់​ប្រទេស​ចិន

នាវាទេសចរណ៍ Ling Hang Zhi Xing នៅ​លើ​ដៃទន្លេ Songhua នៅភាគឦសានប្រទេសចិន

នាវា​ទេសចរណ៍​​ឆ្លាត​វៃ​មួយ​គ្រឿង​ដែល​ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​លើ​ដៃទន្លេ​ Songhua នៅ​ភាគ​ឦសាន​ប្រទេស​ចិន​។

នាវា​ទេសចរណ៍​អគ្គិសនី​ដែល​​មាន​ឈ្មោះ​ថា Ling Hang Zhi Xing នេះ មាន​បណ្ដោយ​ប្រហែល ២៧ ម៉ែត្រ និង​ទទឹង​ ៦ ម៉ែត្រ។ Ling Hang Zhi Xing ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​ថ្មប្រភេទលីចូមដែកផូស្វាត​(lithium iron phosphate) ចំនួន​ ៤ ក្រុម​ ដែល​មាន​កម្លាំង​ ៦០០ kWh អនុញ្ញាត​ឱ្យ​វា​ដំណើរ​ការ​ ៨ ម៉ោងបន្ត​បន្ទាប់​ ដោយ​មិន​ចាំបាច់​បញ្ចូល​ថាមពល​។ ទម្ងន់​សរុប​របស់​នាវា​នេះ​គឺ ១៣៨ តោន និង​អាច​ដឹក​មនុស្ស​បាន​ ៥៣ នាក់ នេះ​បើ​តាម China Science Daily ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ១៨ តុលា​។

Ling Hang Zhi Xing ត្រូវ​បាន​​អភិវឌ្ឍ​ឡើង​សម្រាប់​ដំណើរ​ទេសចរណ៍​នៅ​លើ​ទន្លេ​ ជាមួយ​នឹង​ល្បឿន​ ១២ គីឡូម៉ែត្រ​/ម៉ោង​។ ក៏​ប៉ុន្តែ ការ​សាកល្បង​​ដំណើរ​ការ​នៅ​លើ​តំបន់​ទឹក​ជ្រៅ និង​មិន​មាន​រលក​ធំបាន​បង្ហាញ​ថា វា​អាច​ធ្វើ​ដំណើរ​បាន​លឿន​ជាង ១៨ គីឡូម៉ែត្រ​/ម៉ោង​។ នាវា​នេះ​ប្រើ​ប្រាស់ម៉ូទ័រ​អគ្គិសនី​ចំនួន ២ គ្រឿង​ កម្លាំង​ ៦០ kW និង​ស្លាប​ចក្រ​ប្រសិទ្ធភាព​ខ្ពស់។

តំបន់​ត្រជាក់​ដែល​មាន​សីតុណ្ហ​ភាព​ -៣០ អង្សាសេ ឬ​ទាប​ជាង​នៅ​ក្នុង​រដូវ​រងា​ តែង​បង្ក​ផល​អាក្រក់​ដល់​ប្រសិទ្ធភាព​របស់​ថ្ម​ផ្ទុក​អគ្គិសនី​ និង​ឧបករណ៍​បញ្ចូល​ថាមពល​របស់​នាវា​។ Ling Hang Zhi Xing ​ត្រូវ​បាន​បង្កើត​​ឡើង​ដើម្បី​ប្រើ​ប្រាស់​នៅ​ក្នុង​តំបន់​នៅ​ភាគ​ឦសាន​របស់ ប្រទេស​ចិន​ ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​​៕

 

Advertisement