Startup កូរ៉េខាងត្បូង អភិវឌ្ឍ​តាក់ស៊ីហោះប្រភេទ​ Hybrid​ ល្បឿន​ ៣៥០ គីឡូម៉ែត្រ​/​ម៉ោង​

តាក់ស៊ី​ហោះ​ឡើង​ និង​ចុះ​ចត​ត្រង់​របស់​ក្រុមហ៊ុន Plana Aero អាច​ដឹក​មនុស្ស​បាន​ ៧​ នាក់ និង​ហោះ​ហើរ​ក្នុង​រង្វង់​ ៥០០ គីឡូម៉ែត្រ​។

ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​របស់ កូរ៉េខាងត្បូង Plana Aero បង្ហាញ​ម៉ូដែល​តាក់ស៊ី​ហោះ​ថ្មី​ ដែល​មាន​សមត្ថភាព​ហោះ​ឡើង និង​ចុះ​ចត​ត្រង់​ ហើយ​ហោះ​រយៈ​ចម្ងាយ​ឆ្ងាយ​ នេះ​បើ​តាម​ New Atlas ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ១៣ តុលា​។ តាក់​ស៊ី​ហោះ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អាច​ដឹក​មនុស្ស​បាន​ ៧ នាក់​ ជាមួយ​នឹង​ការ​​ហោះ​ហើរ​​ចម្ងាយ​​ប្រហែល ៥០០ គីឡូម៉ែត្រ​ និង​មាន​ល្បឿន​អតិបរមា​ ៣៥០ គីឡូម៉ែត្រ​/ម៉ោង​។

យន្តហោះ​របស់ Plana Aero ​ប្រើ​ប្រាស់​ប្រព័ន្ធ​កង្ហារ​អគ្គិសនី​ចំនួន ៦ គ្រឿងដែល​អាច​បង្វិលទិស​ដៅ​​​​ បំពាក់​នៅ​លើ​ស្លាប​របស់​វា​។

នៅ​ពេល​យន្តហោះ​នេះ​ហោះ​ឡើង និង​ចុះ​ចត​ដោយ​ត្រង់ ​កង្ហារ​ ២ គ្រឿង​នៅ​ខាង​ក្រោយ​នឹង​វិល​ចុះ​ក្រោម​ ខណៈ​ដែល​កង្ហារ​ដទៃ​ទៀត​វិល​ឡើង​ទៅ​លើ​។ កង្ហារ​ទាំង​អស់​នឹង​ផ្ដេក​ខ្លួន​នៅពេល​យន្តហោះនេះ​ ហោះ​​ត្រង់​ទៅ​មុខ​។

ក្រុម​ហ៊ុន​ Plana Aero ទើប​តែ​ប្រមូល​ទុន​បាន​ប្រហែល ៨.៣ លាន​ដុល្លារ​អាម៉េរិក ជួយ​ឱ្យ​​ទុន​សរុប​របស់​ក្រុម​ហ៊ុន​នេះ​​ឡើង​ដល់​ជិត ១០ លាន​ដុល្លារ​។ ខ្ទង់​ប្រាក់​នេះ​នឹង​គ្រប់​គ្រាន់​សម្រាប់​ការ​ស្រាវជ្រាវ​ អភិវឌ្ឍ​តាក់​ស៊ី​ហោះ​ដែល​មាន​ទំហំ​ស្មើ​នឹង ១/២ នៃ​ទំហំ​ពិត​របស់​វា​។

តាក់ស៊ី​ហោះ​របស់ Plana Aero មាន​ទំហំ​ធំ​គ្រាន់​បើ​ និង​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ hybrid។ ប៉ុន្តែ យន្តហោះ​នេះ​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​យឺត​ជាង​គូ​ប្រជែង​នានា​បន្តិច​។ ក្រុម​ហ៊ុន​ជា​ច្រើន​ដែល​អភិវឌ្ឍ​យន្តហោះ​ប្រភេទ​ហោះ​ឡើង​ និង​ចុះ​ចត​ត្រង់​ កំពុង​តែ​ប្រឹង​ប្រែង​​ឆ្ពោះ​ទៅ​គោល​ដៅ​ទទួល​បាន​វិញ្ញាបនបត្រ​ពាណិជ្ជកម្ម​ និង​បម្រើ​សេវាកម្ម​នៅ​ឆ្នាំ​ ២០២៤​។ ក្រុម​ហ៊ុន Plana Aero មាន​ផែនការ​សាក​ល្បងការ​​យន្តហោះ​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០២៤ និង​ទទួល​វិញ្ញាបនបត្រ​​ ក៏ដូច​ជា​ផលិត​នៅ​ឆ្នាំ​ ២០២៨​៕

Advertisement