Jeep បង្ហាញ​​រថយន្ត​អគ្គិសនី​ដំបូង​នៅ ប៉ារីស និង​គ្រោង​លក់​តែ​រថយន្ត​អគ្គិសនី​សុទ្ធ​នៅ​ អឺរ៉ុប ចាប់​ពី​ឆ្នាំ​ ២០៣០

យីហោ​​រថយន្ត​ Jeep មាន​ផែនការ​សម្រេច​គោល​ដៅ​លក់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ ១០០% នៅ​ចុង​ទសវត្សរ៍​នេះ​ ក្នុងនោះ រថយន្ត​អគ្គិសនី​ដំបូង​របស់ Jeep គឺ Jeep Avenger នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ពិភព​រថយន្ត​​ប៉ារីស Mondial de L’Automobile នៅ​សប្ដាហ៍​ក្រោយ​។

Jeep Avenger ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់ Jeep អាច​បរបាន​ ៤០០ គីឡូម៉ែត្រ​ បន្ទាប់​ពី​បាន​បញ្ចូល​ថាមពល​រួច​។ Jeep Avenger នឹង​ត្រូវ​បាន​ផលិត​ដោយ​យោង​ទៅ​លើ​ថ្នាល​ STLA Small។ រថយន្ត​អគ្គិសនី​ប្រភេទ​​ SUV ខ្នាតតូច​របស់ Jeep នេះ នឹង​មាន​​សមត្ថភាព​ «មិន​រើស​សណ្ឋានផ្លូវ​ឡើយ» នេះ​បើ​តាម Antonella Bruno មេដឹកនាំ​របស់ Jeep អឺរ៉ុប នៃ​ក្រុម​ហ៊ុន​ Stellantis។

រថយន្ត​អគ្គិសនី Jeep Avenger នឹង​ត្រូវ​បាន​ផលិត​នៅ​ ប៉ូឡូញ និង​មាន​គម្រោង​ប្រគល់​ដល់​ដៃ​អតិថិជន​នៅ អឺរ៉ុប នៅ​ដើម​ឆ្នាំ​ ២០២៣ មុន​ពេល​បាន​ទៅ​ដល់​ដៃ​អតិថិជន​នៅ​​ ជប៉ុន និង​ កូរ៉េខាងត្បូង។ល។

Jeep មាន​គម្រោង​បង្ហាញ​រថយន្ត​អគ្គិសនី​ច្រើន​​ម៉ូដែល​បន្ថែម​ទៀត​នៅ​ឆ្នាំ​ ២០២៥​ និង​កំណត់​គោល​ដៅ​ថា រថយន្ត​ Jeep ដែល​ត្រូវ​បាន​លក់​នៅ អឺរ៉ុប ចាប់​ពី​​​ឆ្នាំ​ ២០៣០ នឹង​សុទ្ធ​តែ​ជា​រថយន្ត​អគ្គិសនី​។ រថយន្ត​អគ្គិសនី​ម៉ូដែល​បន្ត​​បន្ទាប់​​របស់​ Jeep រួម​មាន​ Jeep Wagoneer S និង Jeep Recon។

Advertisement