Concept តំបន់​រស់នៅបែប​សប់ខ្យល់​លើ​ឋាន​ព្រះចន្ទរបស់​ក្រុម​ហ៊ុន​អូទ្រីស

ក្រុមហ៊ុន​ស្ថាបត្យកម្ម​ Pneumocell របស់ ប្រទេស​អូទ្រីស បាន​បង្ហើប​ឱ្យ​ដឹង​អំពី​គំនិត​ស្ដីពី​បរិស្ថាន​រស់​នៅ​លើ​ឋានព្រះចន្ទ​ដែល​អាច​សប់​ខ្យល់​ឱ្យ​ប៉ោង​ដោយ​យោង​ទៅ​តាម​រចនាសម្ព័ន្ធ​មហា​ស្រាល​។

គំនិត​នេះ​និយាយ​អំពី​ទិដ្ឋភាព​តំបន់​រស់នៅ​ក្នុង​អនាគត​ដែល​តភ្ជាប់​គ្នា​ដោយ​សំណង់​ដែល​អាច​សប់​ខ្យល់​ និង​កប់​នៅ​ក្រោម​ដី​របស់​ព្រះចន្ទ​។ ពួកវា​នឹង​ត្រូវ​បាន​ដាក់​នៅ​ក្នុង​តំបន់​ក្បែរ​ប៉ូល​ទាំង​ពីរ ជា​ទីដែល​តែង​តែ​មាន​ពន្លឺព្រះអាទិត្យ​។

Concept (គំនិត) ដែល​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​ស្ថាបត្យកម្ម​ Pneumocell ​នេះ​គឹជា​ផ្នែក​មួយ​នៅ​ក្នុង​ថ្នាល​បង្កើត​បរិយាកាស​បើក​ចំហ​ (OSIP) ដែល​គាំទ្រដោយ​ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) ក្នុងបំណង​ស្វែង​រក​គំនិតដែល​ប្រកប​ដោយ​ក្ដី​សង្ឃឹម​សម្រាប់​ការ​ស្រាវជ្រាវ​បរិយាកាស​ពី​គ្រប់​ប្រភព​។

ក្រោយ​ពី​ត្រូវ​បាន​សប់ខ្យល់​ពេញ សំណង់​សម្រាប់​រស់​នៅ​នេះ​នឹង​ត្រូវ​បាន​កប់​​ជម្រៅ​ពី ៤​ ទៅ ៥ ម៉ែត្រ ខាង​ក្រោម​ស្រទាប​ដីរបស់​ ព្រះចន្ទ ដើម្បីការ​ពារ​មនុស្ស​ពី​អាចម៍​ផ្កាយ កម្ដៅ​ និង​វិទ្យុសកម្ម​ពី​ទីអវកាស​។

នៅលើ​ដំបូល​របស់​សំណង់​នឹង​មាន​កញ្ចក់​។ វា​ត្រូវ​បាន​ផលិត​ឡើងដើម្បី​បង្វែរ​ទិស​ដៅ​ទៅ​រក​ព្រះអាទិត្យ និង​ចាំង​រស្មី​ចុះ​ទៅ​កាន់​រណ្ដៅ​សិប្បនិម្មិត​មួយ​ ជា​ទី​ដែល​កញ្ចក់​ដទៃ​ទៀត​បង្វែង​ពន្លឺ​ទៅ​រក​ផ្ទះកញ្ចក់​នៅ​ជុំវិញ​។ ដើម្បី​បង្កើត​បរិយាកាស​យប់​នៅ​ក្នុង​ផ្ទះ​កញ្ចក់​នេះ​ គេ​គ្រាន់​តែ​បង្វែរ​កញ្ចក់​នៅ​លើ​ដំបូល​ចេញ​ពី​ព្រះអាទិត្យ​ប្រហែល​ពី ៥ ទៅ ៦ ម៉ោង​ក្នុង​វដ្ដ ២៤ ម៉ោង​គឺ​ជា​ការ​ស្រេច​។

តំបន់​រស់នៅ​នេះ​នឹង​ដំណើរ​ការ​តាម​បែប​ម្ចាស់​ការ​ក្នុង​រយៈ​ពេលយូរ​ ដោយ​ការ​ផលិត​ និង​កែច្នៃ​អុកស៊ីសែន ដាំដុះ ក៏ដូចជា​ចិញ្ចឹម​សត្វ​នៅ​ក្នុង​កសិដ្ឋាន​កញ្ចក់​ធំៗ។

ក្រុមហ៊ុន Pneumocell បាន​ឱ្យ​ដឹង​ថា សំណង់​ដ៏ស្រាល​នេះ​អាច​នាំ​ទៅ​កាន់​ឋានព្រះចន្ទ​ដោយ​ភាពងាយ​ស្រួល​។ Pneumocell ក៏កំពុង​ពិនិត្យ​មើល​យាន​អវកាស​ដែល​មាន​នាបច្ចុប្បន្ន​ ឬ​កំពុង​អភិវឌ្ឍ​ ដើម្បី​ដឹក​ជញ្ជូន​វត្ថុធាតុ​ និង​អ្នកអវកាស​ឡើង​ទៅ​កាន់​ផ្កាយ​រណប​ធម្មជាតិ​របស់​ផែនដី​។

 

Advertisement