ថ្មផ្ទុក​អគ្គិសនី​ដែល​អាច​ឱ្យ​ឡាន​រត់បាន​ចម្ងាយ​ ៦៣០ គីឡូម៉ែត្រ​ ក្រោយ​បញ្ចូល​ថាមពល​ម្ដង

ក្រុម​អ្នកវិទ្យា​សាស្ត្រ​បាន​អភិវឌ្ឍ​ថ្មផ្ទុក​អគ្គិសនី​មួយ​ប្រភេទ​ដែល​មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់​ជាង​ ៤០% ធៀប​នឹង​បណ្ដា​ប្រភេទ​ថ្ម​ផ្ទុក​អគ្គិសនី​មុន​ៗ​។

វិស័យ​ឧស្សាហកម្ម​ថ្មផ្ទុក​អគ្គិសនី​ក្នុង​ស្រុក​របស់ កូរ៉េខាងត្បូង បាន​កំណត់​គោលដៅ​ស្វែង​រក​វិធី​ថ្មី​ដើម្បី​បង្កើន​សមត្ថភាព​ផ្ទុក​អគ្គិសនី​របស់​ថ្ម​ ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ឬ​វត្ថុធាតុ​ anode ផ្សេង​ទៀត​។

ក៏ប៉ុន្តែ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅសាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ Pohang (POSTECH) និង​វិទ្យាស្ថាន​ជាតិ​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា Ulsan (UNIST) បាន​អភិវឌ្ឍ​ថ្ម​ lithium ដែល​មិន​ប្រើប្រាស់​វត្ថុ​ធាតុ anode ដែល​អាច​ប្រើ​បាន​យូរ​ជាង​មុន បន្ទាប់​ពី​បញ្ចូល​ថាមពល​ម្ដង នេះ​បើតាម Science Daily ចេញផ្សាយ​កាលពី​ថ្ងៃទី ០៦ តុលា។ លទ្ធផល​នៃការ​ស្រាវជ្រាវ​នេះ ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​​លើទំព័រ​ទស្សនាវដ្ដី Advanced Functional Materials។

ថ្មផ្ទុក​អគ្គិសនី​ថ្មី​នេះ​មាន​ដង់ស៊ីតេ​ថាមពល​កម្រិត​ ៩៧៧ Wh/លីត្រ ខ្ពស់​ជាង ៤០% ធៀប​នឹង​បណ្ដា​ប្រភេទ​ថ្ម​បច្ចុប្បន្ន​ (៧០០ Wh/លីត្រ)​។ ប្រការ​នេះ​មាន​ន័យ​ថា ថ្មថ្មី​នេះ​អាច​អនុញ្ញាត​ឱ្យ​រថយន្ត​ធ្វើដំណើរ​បាន​ ៦៣០ គីឡូម៉ែត្រ​ បន្ទាប់​ពី​បាន​បញ្ចូល​ថាមពល​ម្ដង​។ ជាង​នេះ​ ក្រុម​អ្នកស្រាវជ្រាវ​ខាង​លើ​ក៏​បាន​រក​ឃើញ​វិធី​ធ្វើ​ឱ្យ​ថ្មី​ផ្ទុក​អគ្គិសនី​នេះ​​​មាន​អាយុកាល​វែង​ជាង​មុន​ផងដែរ​។

Advertisement