មហា​សេដ្ឋី​ អ៊ីឡុន ម៉ាស មាន​មហិច្ឆតា​ប្រែក្លាយ​ Twitter ទៅ​ជា​ «កម្មវិធី​សម្រាប់​គ្រប់​យ៉ាង»

មហាសេដ្ឋី អ៊ីឡុន ម៉ាស

ម្ចាស់​ Tesla បាន​ឱ្យដឹង​ថា លោក​មាន​ផែនការ​ធ្វើ​ឱ្យ​បណ្ដាញ​សង្គម Twitter ក្លាយ​ទៅ​ជា​ «កម្មវិធី​សម្រាប់​គ្រប់​យ៉ាង» ដែល​ដាក់​ឈ្មោះ​ឱ្យ​ថា X បន្ទាប់​ពី​ចាប់​ផ្ដើម​តភ្ជាប់​ការ​ទិញ​ដូរ​ Twitter។

«ទិញ​ Twitter គឺជា​វិធីដើម្បី​ជំរុញ​ការ​បង្កើត​ X ដែលជា​កម្មវិធី​ផ្ទុក​គ្រប់​យ៉ាង» មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង អះអាងកាល​ពី​ថ្ងៃទី ០៥​ តុលា ក្រោយ​ពី​គាត់​បាន​ប្រកាស​ទិញ​ Twitter ដូច​ដែល​បាន​សន្យា​មុន​នោះ​។

ម្ចាស់​ SpaceX មិន​បាន​និយាយ​លម្អិតថា ​កម្មវិធី​ X នឹង​ដំណើរ​ការ​បែប​ណា​ទេ​ ប៉ុន្តែ គាត់​បាន​អះអាង​ថា ការ​ទិញ​ Twitter នឹង​ជួយ​ «បង្កើន​ល្បឿន​ក្នុង​ការ​អភិវឌ្ឍ​ X ពី​ ៣ ឆ្នាំដល់ ៥ ឆ្នាំ​»។ យ៉ាង​នេះ​ក្ដី លោក ម៉ាស​ ក៏បាន​ទទួលស្គាល់​ថា «ការ​គណនា​នេះ​អាច​ខុស»។

នេះ​មិន​មែនជា​លើក​ដំបូង​ទេដែល​ អ៊ីឡុន ម៉ាស (Elon Musk) បង្ហាញ​អំពី​​​មហិច្ឆតា​ទៅ​លើ​ «កំពូល​កម្មវិធី» (App)។ កាលពី​ដើម​ឆ្នាំ​នេះ គាត់​ក៏​ធ្លាប់​បាន​ប្រៀប​ធៀប​ទស្សនវិស័យ​របស់​ខ្លួន​ជាមួយ​នឹង​ WeChat ដែល​ជា​កម្មវិធី​ល្បី​ឈ្មោះ​របស់​ ចិន​ ដែល​ត្រូវ​បាន​បំពាក់​មុខ​ងារ​ជា​ច្រើន​ តាំង​ពី​ការ​ផ្ញើសារ​ ហៅ​ទូរស័ព្ទ​ជា​វីដេអូ រហូត​ដល់​មុខ​ងារ​ទូទាត់​ប្រាក់​ចល័ត​។

នៅក្នុង​សារ​ថ្មី​បំផុត​ដែល​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​របស់​លោក ម៉ាស មហា​សេដ្ឋី​រូប​នេះ​ក៏​បាន​ចែក​រំលែក​អំពី​គំនិត​ទាក់ទង​នឹង​បណ្ដាញ​សង្គម​ដែល​គាត់​ទិញ​ជិត​បាន​សម្រេចនេះ​ដែរ​។ «ខ្ញុំ​កំពុង​គិត​អំពី​បណ្ដាញ​សង្គម​ដែល​បំពាក់​បច្ចេកវិទ្យា​ blockchain អាច​ប្រើប្រាស់​ដើម្បី​ជជែក​គ្នា ផ្ញើរូប​ភាព​ ទូទាត់​ប្រាក់​ឱ្យ​ Twitter។ អ្នក​ប្រើប្រាស់​ត្រូវ​បង់ប្រាក់​មួយចំនួន​តូច​ដើម្បី​ចុះ​ឈ្មោះ ប៉ុន្តែ​នឹង​មិន​ត្រូវ​រំខាន់​ដោយ​សារ​​សំបុត្រ​សំរាម​ និងបូត (bot)» លោក​ ម៉ាស ផ្ញើសារ​ឆ្លើយ​ឆ្លង​ជាមួយ​បង​ប្រុស Kimbal របស់​គាត់​។

អំពី​ការ​ទិញដូរ​ Twitter វិញ ក្រោយ​ការ​បដិសេធ​ និង​រកវិធី​ដកខ្លួន​ជា​ច្រើន​លើក ចុង​ក្រោយ​លោក ម៉ាស ក៏​ប្រកាស​បន្ត​ទិញ​បណ្ដាញ​សង្គម​នេះ​ក្នុង​តម្លៃ​ ៥៤.២ ដុល្លារ​ ក្នុង​ ១ ភាគ​ហ៊ុន ដូច​ដែល​បាន​សន្យា​កាល​ពី​ខែ​មេសា ២០២២​ បើសិន​បណ្ដាញ​សង្គម​នេះ​ដក​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​រូប​គាត់​។ កិច្ច​ព្រម​ព្រៀង​រវាង​លោក ម៉ាស និង Twitter ត្រូវ​បាន​គេ​ជឿ​ថា នឹង​សម្រេច​បាន​នៅ​ក្នុងសប្ដាហ៍​នេះ​។ យោង​តាម​ក្រុម​អ្នកវិភាគ​ មូលហេតុ​ដែល​នាំ​ឱ្យ​លោក ម៉ាស ត្រូវ​បង្ខំ​ចិត្ត​បន្ត​ការ​ទិញ​ Twitter ក៏​ព្រោះ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ មាន​ព័ត៌មាន​​ជា​ច្រើន​ដែល​បង្ក​បញ្ហា​ដល់​​​គាត់​នៅ​ក្នុង​រឿន​ក្ដី​​នៅ​តុលាការ​៕

Advertisement