ស្រឡាង​ហោះ​ប្រើ​ថាមពល​អគ្គិសនី​ទាំង​ស្រុង​ អាច​ដឹក​អ្នក​ដំណើរ​​បាន ១៥០ នាក់

ម៉ូដែល​ស្រឡាង​ហោះ​អគ្គិសនី​ដែល​មិន​បំភាយ​ឧស្ម័ន​នេះ​នឹង​ដឹក​អ្នក​ដំណើរ​លើ​ផ្ទៃ​ទឹក​នៅ​ក្នុង​បណ្ដា​ទីក្រុង​ដែល​មានការ​កក​ស្ទះចរាចរណ៍​ខ្លាំង​ និង​ក្នុង​ល្បឿន​ ៦៩ គីឡូម៉ែត្រ​/ម៉ោង​។

ក្រុម​ហ៊ុន​ Artemis Technologies បាន​បង្ហាញ​មធ្យោបាយ​ដឹក​ជញ្ជូន​ EF-24 ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី​ ១០០%​។ EF-24 គឺជាមធ្យោបាយ​ធ្វើ​ដំណើរ​​មួយ​ក្នុងចំណោម​កប៉ាល់​មិន​បំភាយ​ឧស្ម័ន​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ Artemis Technologies ​ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ Belfast អៀរឡង់​ខាងជើង​ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី ០១ តុលា។

EF-24 ដែល​មាន​បណ្ដោយ​ ២៤ ម៉ែត្រ «ហោះ» លើ​ផ្ទៃ​ទឹក​ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា​រុញ​ដោយ​ថាមពល​អគ្គិសនី​ ​ជួយ​កាត់​បន្ថយ​ការ​កកិត​ជាមួយ​នឹង​រលក​ទឹក​ ផ្ដល់​ផាសុកភាព​ដល់​អ្នក​ដំណើរ​ ១៥០ នាក់​។ ស្រឡាង​នេះ​នឹង​ផ្លាស់ទី​ដោយ​ស្លាប​នៅ​ខាង​ក្រោម​ទឹក​ ដែល​លើក​ដង​ខ្លួន​ស្រឡាងផុត​ពី​ផ្ទៃ​ទឹក​ ​ដូច​ទៅ​នឹង​ពេល​យន្ត​ហោះ​រៀប​នឹង​ហោះឡើង​ នៅ​ក្នុង​ល្បឿន​អតិបរមា ៦៩ គីឡូម៉ែត្រ​/ម៉ោង​។

ស្រឡាង EF-24 ដែល​ជា​លទ្ធផល​នៃ​កិច្ច​សហការ​រវាង Artemis Technologies និង​សាកល​វិទ្យាល័យ​​ Queen Belfast នេះ​ ប្រើប្រាស់​បច្ចេកវិទ្យា​ពិសេស​ ធានា​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំណើរ​ ដោយ​មិន​ឱ្យ​ប៉ះ​ទង្គិច​ជាមួយនឹង​មច្ឆាជាតិ និង​វត្ថុ​នានា​នៅ​ក្នុង​ទឹក​។

«ស្រឡាង​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​របស់យើង​ នាំមក​នូវ​ដំណោះ​ស្រាយ​ផ្នែក​ចរាចរណ៍​សាធារណៈ​ប្រកប​ដោយ​ការ​សន្សំសំច័យ​ ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ ការ​កក​ស្ទះ​ចរាចរណ៍​ និង​សំឡេង​រំខាន​» បណ្ឌិត Iain Percy OBE ដែល​ជា​ស្ថាបនិក​ និង​ជា​​នាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន Artemis Technologies ឱ្យ​ដឹង​ដូច្នេះ​។

EF-24 នឹង​ត្រូវ​បានដាក់​ឱ្យ​ដំណើរ​ការ​ដឹក​អ្នក​ដំណើរ​រវាង​ Belfast និង Bangor នៅ​ អៀរឡង់​ខាង​ជើង​ ដែល​ប្រើ​ពេល​ ២៥ នាទី​។ កម្មវិធី​សាកល្បង​គ្រោង​នឹង​ចាប់​ផ្ដើម​ពី​ឆ្នាំ​ ២០២៤ ដោយ​ Artemis Technologies សហការ​ជាមួយ​ Condor Ferries៕

Advertisement