រថយន្ត​អគ្គិសនី​ជិត​ឈាន​ចូល​ដល់​យុគសម័យ​បញ្ចូល​ថាមពល​ដោយ​មិន​ប្រើ​ខ្សែ

រថយន្តអគ្គិសនី Genesis GV60 កំពុង​បញ្ចូល​ថាមពល​ដោយ​មិន​ប្រើ​ខ្សែ

ការ​បញ្ចូល​ថាមពល​​អគ្គិសនី​ដោយ​មិន​ប្រើ​ខ្សែ​ត្រូវ​បាន​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ​ ហើយ​នៅ​លើ​រថយន្ត​អគ្គិសនី​ ការ​បញ្ចូល​ថាមពល​ដោយ​មិន​ប្រើ​ខ្សែ​​ក៏​ដំណើរ​ការ​ដូចគ្នា​នេះ​ដែរ គ្រាន់​តែ​ខុស​ត្រង់​ថា មាន​ថាមពល​ខ្ពស់​ជាង​ និង​ប្រើប្រាស់ថ្ម​ធំជាង​ប៉ុណ្ណោះ​។ ក្រោយពី​មាន​កំណែ​ demo និង​ព័ត៌មាន​ពី​បណ្ដាក្រុម​ហ៊ុន​ផលិត​រថយន្ត គេ​អាច​ដឹង​បាន​ថា បច្ចេកវិទ្យា​នេះ​ហាក់​មិន​មែនជា​អ្វី​មួយ​ដែល​ចម្លែក​ទៀត​ឡើយ​។

ក្រុម​វិស្វករ​នៅ​ក្នុង​ក្រុម​ហ៊ុន​នានា កំពុង​តែ​ញាប់ដៃញាប់​ជើង​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ខាងលើ​។ បច្ចុប្បន្ន បណ្ដា​រថយន្ត​អគ្គិសនី​ដំបូង​ដែល​បំពាក់​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ដោយ​មិន​ប្រើ​ខ្សែកំពុង​តែ​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយចំនួន​។ ដោយ​សារ​តែ​ភាព​ងាយស្រួល​របស់​ឧបករណ៍​បញ្ចូល​ថាមពល​គ្មាន​ខ្សែ​ អ្នកជំនាញ​រំពឹង​ថា បច្ចេកវិទ្យា​នេះ​ពិត​ជា​មាន​សក្ដានុពល​។

មើល​ទៅ​លើ​អតីតកាល មុខងារ​បញ្ចូល​ថាមពល​គ្មាន​ខ្សែ​​នៅ​លើរថយន្ត បាន​លេច​ឡើង​កាលពី​ឆ្នាំ​ ២០១៥។ កាលណោះ ក្រុម​ហ៊ុន QualComm អភិវឌ្ឍ​ឧបករណ៍​មួយ​ដែល​ហៅ​ថា Halo ដែល Qualcomm ធ្លាប់​បាន​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​ការ​ប្រកួត​បញ្ចូល​ថាមពល​ឱ្យ​ថ្ម​របស់​រថយន្ត​ plug-in hybrid BMW i8។ ប៉ុន្តែ Qualcomm មិន​មែនជា​ក្រុមហ៊ុន​តែ​មួយ​ដែល​អភិវឌ្ឍ​បច្ចេកវិទ្យា​ខាងលើ​នេះ​ទេ​។ នៅ Massachusetts កម្មវិធី​មួយរបស់​សាកល​វិទ្យា​ល័យ MIT ដែល​មាន​ឈ្មោះ​ថា WiTricity ក៏​បាន​ចាប់​ផ្ដើម​សាកល្បង​មុខ​បញ្ចូល​ថាមពល​គ្មានខ្សែ​នៅ​លើ​រថយន្តកាលពី​ឆ្នាំ​ ២០១០​ បន្ទាប់​ពី​បាន​ទទួល​ខ្ទង់​ប្រាក់​វិនិយោគ​របស់ Toyota។

ដោយសារ​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​ បច្ចេកវិទ្យា​បញ្ចូលថាមពល​ខ្មាន​ខ្សែ​នេះ​មិន​ទាន់​មាន​ស្ដង់ដាច្បាស់​លាស់​ ដូច្នេះ​ក្រុម​វិស្វករកំពុង​តែ​ធ្វើការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។ Alex Gruzen នាយកប្រតិបត្តិ​របស់ WiTRicity និយាយ​ថា «យើង​រួម​ជាមួយ​នឹង​ក្រុម​ការ​ងារ​នៅ សមាគម​វិស្វករ​រថយន្ត​អាម៉េរិក កំពុង​តែ​ធ្វើការ​ដើម្បី​បង្កើត​ប្រព័ន្ធ​ស្ដង់ដា​សម្រាប់​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​គ្មាន​ខ្សែសម្រាប់​រថយន្ត​អគ្គិសនី»។

បច្ចុប្បន្ន នៅ​ កូរ៉េខាងត្បូង រថយន្តអគ្គិសនី​ Genesis GV60 ត្រូវ​បាន​បំពាក់​ឧករណ៍​បញ្ចូល​ថាមពល​គ្មាន​​ខ្សែ​រួច​ហើយ​។ ប៉ុន្តែ គួរ​ឱ្យ​ស្ដាយ បច្ចេកវិទ្យា​នេះ​មាន​នៅ​លើ​តែ​ GV60 កំណែ​ក្នុង​ស្រុក​ (កូរ៉េខាងត្បូង) ប៉ុណ្ណោះ។

​ប្រទេស​ចិន​ វិញ ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចំនួន ៣ បានចាប់​ផ្ដើម​ផ្គត់ផ្គង់​បច្ចេកវិទ្យា​បញ្ចូលថាមពល​គ្មាន​ខ្សែ​នៅ ប្រទេស​នេះ​ ខណៈដែល​ក្រុមហ៊ុន​ដទៃ​ទៀត​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ចាប់​ពី​ឆ្នាំ​ក្រោយ​៕

Advertisement