ក្រុមហ៊ុនស្វ៊ីស ផលិត​រថយន្ត​កីឡា​ដ៏​ទំនើប​ដំបូង​គេ​ក្នុង​លោក​ដែល​អាច​បរ​លើ​ផ្ទៃ​ទឹក​ និង​មុជ​ក្រោម​ទឹក

រថយន្ត sQuba ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​លើកដំបូង​នៅក្នុង​ពិព័រណ៍​រថយន្ត Geneva កាលពី​ថ្ងៃទី ១៦ មីនា ២០០៨។

Rinspeed Inc. គឺជា​ក្រុមហ៊ុន​​ផលិត​រថយន្ត​ដ៏​អស្ចារ្យ​របស់ ប្រទេស​ស្វ៊ី​ស នេះ។ Rinspeed Inc. ត្រូវបាន Frank M. Rinderknecht (កើត​ឆ្នាំ ១៩៥៥) បង្កើតឡើង​កាលពី​ឆ្នាំ ១៩៧៩ និង​បានធ្វើការ​ជាមួយ​អ្នកផ្គត់ផ្គង់​ជាច្រើន​ដូចជា Harman, Sosram, ZF, SAP, Borbet, Dekra, Harting។ល។

រថយន្ត sQuba ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ស្វ៊ី​ស Rinspeed គឺជា​រថយន្ត​ដំបូង​ក្នុង​ពិភពលោក​ដែល​អាច​បើកបរ​ទាំង​នៅលើ​គោក ទាំង​នៅលើ​ទឹក​ និង​នៅ​ក្រោម​ដី។ រថយន្ត​នេះ​ត្រូវបាន​អភិវឌ្ឍ​ទៅតាម​ខ្សែភាពយន្ត James Bond ឆ្នាំ ១៩៧៧ ដែលមាន​ឈ្មោះថា The Spy Who Loved Me។

SQuba គឺជា​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង ដោយមាន​ម៉ូ​ទ័​រ​អគ្គិសនី​ចំនួន ៣ គ្រឿង ក្នុងនោះ ២ គ្រឿង​សម្រាប់​ដំណើរការ​ក្រោម​ទឹក និង ១ គ្រឿង​សម្រាប់​បរ​លើក​គោក។ រថយន្ត​នេះ​អាច​ស្ថិតនៅក្រោម​ទឹក​ជម្រៅ ១០ ម៉ែត្រ ហើយ​ពេល​នៅលើ​ទឹក វា​ផ្លាស់​ទី​ដូច​ទៅនឹង​នាវាមុជទឹក។

រថយន្ត​អគ្គិសនី sQuba ដែល​ប្រើប្រាស់​ថ្ម​ប្រភេទ lithium-ion នេះ អាច​បើក​បរបាន​ក្នុង​ល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង​ពេល​នៅលើ​គោក និង ៦ គីឡូម៉ែត្រ/ម៉ោង​ពេល​នៅលើ​ទឹក និង ៣ គីឡូម៉ែត្រ/ម៉ោង​ពេល​នៅក្រោម​ទឹក។

រថយន្ត​ទំនើប​ sQuba អាច​ដឹក​មនុ​ស្សបាន ២ នាក់។ ពេល​នៅក្រោម​ទឹក អ្នក​នៅក្នុង​រថយន្ត​នឹង​ដកដង្ហើម​ដោយ​ប្រព័ន្ធ​បញ្ជា​តាមបែប​អ្នក​មុជទឹក។ ពេល​មិនមាន​អ្នកបើកបរ sQuba នឹង​ងើប​ឡើងលើ​ផ្ទៃ​ទឹក​ដោយ​ស្វ័យប្រវត្ត៕

Advertisement