សុនក​យន្ត​របស់ រុស្ស៊ី បំពាក់​រ៉ុក្កែត​ប្រឆាំង​រថក្រោះ ធ្វើ​ចលនា​លឿន​ដូច​ឃាតករ​នី​ន​ចា

ថ្មីៗនេះ ក្រុម​អ្នក​អភិវឌ្ឍ​របស់ រុស្ស៊ី បានបង្ហាញ​គំរូ​សុនក​យន្ត​មួយ​ដែល​ត្រូវបាន​បំពាក់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ RPG-26។

យោងតាម​សារព័ត៌មាន News Week នៅក្នុង​ព្រឹត្តិការ​វេទិកា​បច្ចេកទេស-យោធា​អន្តរជាតិ Army-2022 ក្នុង​ថ្ងៃទី ១៥ សីហា ក្រុម​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់ រុស្ស៊ី បានបង្ហាញ​រ៉ូ​បូត​ថ្មី​មួយ​ដែលមាន​រូបរាង​ដូច​សត្វ​សុនក បំពាក់​កាណុង​បាញ់​រ៉ុក្កែត​នៅលើ​ខ្នង។

សុនក​យន្ត​នេះ​មាន​សមត្ថភាព​ផ្លាស់​ទី​យ៉ាង​លឿន និង​ប្រកបដោយ​ភាពបត់បែន​ខ្ពស់ ជាមួយនឹង​ជើង​ទាំង ៤ របស់​វា។ ជើង​ទាំងអស់​របស់​រ៉ូ​បូត​នេះ គឺ​ដូច​ទៅនឹង​សុនកពិតៗ ដោយសារតែ​អាច​ថយក្រោយ បង្វិលខ្លួន ងើបឈរ និង​អង្គុយ ឬ​ក្រាប​បាន​យ៉ាង​ល្អ។

ក្រៅពី​ប្រការ​ខាងលើ នៅលើ​ខ្នង​របស់​សុនក​រ៉ូ​បូត​នេះ​ថែមទាំង​អាច​ត្រូវបាន​បំពាក់​កាណុង RPG-26 សម្រាប់​បាញ់​គ្រាប់​រ៉ុក្កែត​ប្រឆាំង​រថក្រោះ​ទៀតផង។

វិស្វករ​ម្នាក់​មកពី​ក្រុម​អ្នក​អភិវឌ្ឍ​សុនក​រ៉ូ​បូត​នេះ បាន​និយាយថា សុនក​យន្ត​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ទាំង​នៅក្នុង​វិស័យ​យោធា ទាំង​ក្នុង​វិស័យ​ស៊ីវិល។

នៅលើ​ពិភពលោក​នេះ ការដែល​សុនក​រ៉ូ​បូត​ត្រូវបាន​កងទ័ព​ប្រើប្រាស់ មិនមែនជា​រឿង​កម្រ​នោះទេ។ មុន​នោះ សហរដ្ឋ​អាម៉េរិក ក៏បាន​ដាក់ឱ្យ​ប្រើប្រាស់​សុ​នក​យន្ត​សម្រាប់​ការពារ​សន្តិសុខ និង​ឈ្លបយកការណ៍​នៅតាម​បន្ទាយ​របស់ខ្លួន​ផងដែរ៕

Advertisement