អាជ្ញាធរ​ចិន ចាប់ផ្ដើម​អនុម័ត​លើ​គម្រោង​អាជីវកម្ម​រថយន្ត​តាក់ស៊ី​គ្មាន​មនុស្ស​បើកបរ

Baidu បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ត្រូវបាន អាជ្ញាធរ​ចិន ផ្ដល់​អាជ្ញាប័ណ្ណ​ដំណើរការ​រថយន្ត​តាក់ស៊ី​ស្វ័យ​ប្រវត្ត​​​ទាំង​ស្រុង​​នៅ​តំបន់​មួយចំនួន ដែល​នេះ​គឺជា​ការបោះ​ជំហាន​ដ៏​ធំ​របស់ Baidu ធៀប​នឹង​គូប្រជែង​នានា​ដូចជា Pony.ai និង XPeng ជាដើម។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស Baidu ទទួលបាន​អាជ្ញាប័ណ្ណ​ដំណើរការ​អាជីវកម្មរ​ថ​យន្ត​តាក់ស៊ី​គ្មាន​មនុស្ស​បើកបរ​នៅក្នុង​ទីក្រុង​ចំនួន ២ គឺ អ៊ូ​ហាន (Wuhan) និង ឆុង​ឈី​ង (Chongqing)។

ការសម្រេចចិត្ត​ខាងលើនេះ​បាន​បង្ហាញថា អាជ្ញាធរ​ចិន កំពុងតែ​ផ្ដល់​ភ្លើង​ខៀវ​បន្តិចម្ដងៗសម្រាប់​គម្រោង​តាក់ស៊ី​ស្វ័យប្រវត្ត។ មុន​នោះ ក្រុមមន្ត្រី​ចិន បានកំណត់​ឱ្យមាន​មនុស្ស​ម្នាក់​នៅក្នុង​រថយន្ត​ដើម្បី​គ្រប់គ្រង​ករណី​បន្ទាន់។

ក្រុមហ៊ុន Baidu នឹង​ចាប់ផ្ដើម​ដំណើរការ​សេវាកម្ម​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្ត​នៅ​ទីក្រុង​អ៊ូ​ហាន ចាប់ពី​ម៉ោង ០៩ ដល់​ម៉ោង ១៧ ខណៈដែល ទីក្រុង​ឆុង​ឈី​ង នឹង​ចាប់ពី​ម៉ោង ០៩ កន្លះ ដល់​ម៉ោង ១៦ កន្លះ។

Wei Dong អនុប្រធាន​របស់​ក្រុមហ៊ុន Baidu Intelligence Driving Group បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​នឹងធ្វើ​ការ​ជាមួយ​ក្រុមមន្ត្រី​នៅ ប៉េកាំង និង ក្វាង​ចូ​វ (Guangzhou) ដើម្បី​បន្ត​សុំ​អាជ្ញាប័ណ្ណ​សម្រាប់​តំបន់​ទាំងនេះ។

នៅ សហរដ្ឋ​អាម៉េរិក មុន​នោះ​តាក់ស៊ី​គ្មាន​មនុស្ស​បើកបរ​ក៏​ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ។ ក្រុមហ៊ុន Cruise LLC ទទួលបាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​សម្រាប់​តំបន់​មួយចំនួន​នៅ សាន ហ្វ្រា​ន​ស៊ី​ស្កូ (San Francisco)។ ប៉ុន្តែ ក្រុមហ៊ុន​នេះ​កំពុង​ប្រឈម​នឹង​ការតាមដាន​ពី​អាជ្ញាធរ បន្ទាប់ពី​កើតមាន​គ្រោះថ្នាក់ ២ លើក​នៅលើ​ដងផ្លូវ បណ្ដាលឱ្យមាន​មនុស្ស ២ នាក់ រងរបួស​ស្រាល។

អនុប្រធាន​របស់​ក្រុមហ៊ុន Baidu Intelligence Driving Group បញ្ជាក់ថា ក្រុមហ៊ុន​នេះ​នឹង​បង្កើន​ចំនួន​រថយន្ត​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្ត​របស់ខ្លួន​នៅលើ​ដងផ្លូវ​ក្នុង ប្រទេស​ចិន ឱ្យបាន ៦០០ គ្រឿង នៅ​ចុង​ឆ្នាំនេះ៕

Advertisement