រ៉ូ​បូត​រាង​មនុស្ស ចុះ​ទៅ​​ស្រាវជ្រាវ​សាកសព​កប៉ាល់​នៅ​បាតសមុទ្រ (វីដេអូ)

(សហរដ្ឋ​អាម៉េរិក)-រ៉ូ​បូត OceanOneK របស់​វិទ្យាស្ថាន​ស្រាវជ្រាវ Stanford Robotics អាច​មុជទឹក​ក្នុង​ជម្រៅជិត​ ១ គីឡូម៉ែត្រ ដើម្បី​ប្រមូលយក​វត្ថុ​បុរាណ ស្រាវជ្រាវ​សាកសព​កប៉ាល់​ដែល​បាន​លិច និង​ជួសជុល​សំណង់​ក្រោម​សមុទ្រ។

នេះ​គឺជា OceanOneK ដែលជា​រ៉ូ​បូត​រាង​មនុស្ស​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើការ​នៅក្រោម​ទឹក។ ត្រូវបាន​រចនា​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Stanford Robotics រ៉ូ​បូត​នេះ​អាច​មុជទឹក​ក្នុង​ជម្រៅ​ជិត ១ គីឡូម៉ែត្រ និង​ដំណើរការ​ក្នុង​បរិស្ថាន​ដូច​មនុស្ស។ កំណត់ត្រា​នៃ​ការ​មុជទឹក​មាន​បំពាក់​បំពង់​​អុកស៊ីសែន​នាបច្ចុប្បន្ន​របស់​មនុស្ស​គឺ​ត្រឹម ៣៣២.៣២ ម៉ែត្រ។

ប្រព័ន្ធ​ឆ្លើយតប​ដែល​យោងទៅលើ​អង្គ​ញាណ​របស់ OceanOneK បង្កើតបានជា​អារម្មណ៍​ជាក់ស្ដែង​ដល់​ថ្នាក់​អ្នកបើកបរ​អាច​ទទួល​អារម្មណ៍​ដឹង​គ្រប់យ៉ាង​ដែល​រ៉ូ​បូត​នេះ​បាន​ប៉ះ។ ក្បាល​របស់​រ៉ូ​បូត​នេះ​ក៏មាន​បំពាក់​កាមេរ៉ា​ចំនួន ២ គ្រាប់ ដូច​ទៅនឹង​ភ្នែក​មនុស្ស ដើម្បី​បង្កើតបានជា​ទិដ្ឋភាព 3D យ៉ាង​រស់​រវើក​នៅ​លើ​អេក្រង់​។

យោងតាម Ousamma Khatib ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ Stanford Robotics ​ប្រព័ន្ធ​អេក្រង់​ដែល​ត​ភ្ជាប់​មនុស្ស​ទៅនឹង​រ៉ូ​បូត ធ្វើឱ្យ​អ្នកប្រើប្រាស់​មាន​អារម្មណ៍​ថា​ដូច​កំពុង​ស្ថិតនៅក្រោម​ទឹក​ដោយ​មិន​សើម។

នៅក្នុង​ការស្រាវជ្រាវថ្មីៗនេះ រ៉ូ​បូត​ខាងលើ​ប្រមូលយក​ក្រឡ​បុរាណ​ពី​កប៉ាល់​មួយគ្រឿង​ដែល​បាន​លិច​ក្នុងសម័យ​ចក្រភព​រ៉ូម។ ក្រៅពីនេះ OceanOneK ក៏​អាចជួយ​ជួសជុល​សំណង់​នានា​ដែល​នៅក្រៅ​ទឹកសមុទ្រ​ផងដែរ។

ក្រោយពី​ការសាកល្បង​ដំណើរការ​នៅ Stanford រ៉ូ​បូត OceanOneK ក៏​ធ្លាប់បាន​ចូលរួម​បំពេញបេសកកម្ម​មួយចំនួន​ក្នុង​ឆ្នាំ ២០២២ រួចមក​ហើយ ដូចជា​នៅ La Ciotat, Cote d’Azure, Bastia, Corsica និង Cannes ជាដើម៕

Advertisement