ម្ចាស់ Tesla ថា «ថ្ម​ផ្ទុក​ថាមពល​ប្រភេទ Lithium ប្រៀប​បាន​ទៅនឹង​ប្រេងសាំង​បែប​ថ្មី»! តើ​ប្រទេស​ណា​កំពុង​គ្រប់គ្រង​បច្ចេកវិទ្យា​នេះ?

មហាសេដ្ឋី​អាម៉េរិក Elon Musk យល់ថា សន្តិសុខ​ថាមពល​ដើរតួនាទី​សំខាន់​សម្រាប់​ប្រទេសជាតិ ហើយ​ថ្ម​ប្រភេទ Lithium អាច​ត្រូវបាន​ចាត់ទុកជា​ប្រេងសាំង​មួយ​ប្រភេទ។

កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ David Sacks ដែលជា​ស្ថាបនិក​បណ្ដាញ​សង្គម​ធុរកិច្ច Yammer និង​ជា​អតីត COO របស់ Paypal បាន​សរសេរ​លើ Twitter ថា «ប្រការ​ដែល​អាច​មើលឃើញ​ច្បាស់​នៅក្នុង​ឆ្នាំនេះ នោះ​គឺថា នឹង​មិនមាន​សុវត្ថិភាព បើសិន​មិនមាន​ម្ចាស់ការ​លើ​បញ្ហា​ថាមពល»។ Sacks ចង់​និយាយ​អំពី​បញ្ហា​ទាំងឡាយ ទាក់ទិន​នឹង​ថាមពល​ដែល​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​កំពុង​ជួបប្រទះ។

មហាសេដ្ឋី Elon Musk ដែលជា​កំពូល​អ្នកលេង Twitter មួយរូប​ដែរនោះ បាន​ឆ្លើយតប​វិញ​ថា «ប្រាកដជា​ដូច្នោះ​មែនហើយ។ ថ្ម lithium គឺជា​ប្រេងសាំង​បែប​ថ្មី»។

មតិ​របស់​ម្ចាស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អ្នកលេង​បណ្ដាញ​សង្គម ដោយ​ទាក់ទាញ​បាន​អ្នក​ចុច​ចូលចិត្ត​ជាង ២៦,៥០០ លើក និង​ចែករំលែក​បន្ត​ជិត ២ ពាន់​លើក។

កាលពី​ខែមេសា លោក Musk ក៏​ធ្លាប់បាន​និយាយ​អំពី​សារសំខាន់​របស់​ប​ច្ចេក​វិទ្យា​ថ្ម​ផ្ទុក​ថាមពល​ប្រភេទ lithium នេះដែរ ដោយបាន​សរសេរ​លើ Twitter ថា «Tesla អាច​ចូលរួម​ក្នុង​វិស័យ​ចម្រាញ់​កែច្នៃ និង​ប្រើប្រាស់​ថ្ម lithium ព្រោះថា តម្លៃ​របស់​វា​កំពុង​កើន​ឡើងដល់​ថ្នាក់​សាហាវ»។

ពាក់កណ្ដាល​នៃ​ចំនួន​រថយន្ត​អគ្គិសនី​ដែល​ក្រុមហ៊ុន​ Tesla ផលិត ត្រូវបាន​បំពាក់​ថ្ម​ផ្ទុក​ថាមពល​ប្រភេទ lithium

កាលពី​ចុងខែ​មេសា Reuters បាន​ផ្សាយ​ថា ពាក់កណ្ដាល​នៃ​ចំនួន​រថយន្ត​អគ្គិសនី​ដែល Tesla ផលិត ត្រូវបាន​បំពាក់​ថ្ម​ផ្ទុក​ថាមពល​ប្រភេទ lithium ជំនួស​ឱ្យ​ថ្ម​ប្រភេទ niken និង coban ដែល​លោកខាងលិច​ចូលចិត្ត​ប្រើប្រាស់។

យោងតាម​ក្រុម​អ្នកជំនាញ ការរីកចម្រើន​នៃ​បច្ចេកវិទ្យា ថ្ម lithium កាន់​តែមាន​សុវត្ថិភាព កាត់បន្ថយ​ហានិភ័យ​ផ្ទុះ និង​មាន​អាយុកាល​វែង។ ឧបសគ្គ​ធំ​តែមួយគត់ នោះ​គឺ តម្លៃ​របស់​ថ្ម lithium ចេះតែ​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ។

Reuters បានឱ្យដឹងថា ប្រទេស​ចិន កំពុង​កាន់កាប់​ប្រហែល ៩០% នៃ​បរិមាណ​ផលិតផល​ថ្ម lithium នៅ​ទូទាំង​សកលលោក។ បណ្ដា​ក្រុមហ៊ុន​លោកខាងលិច​កំពុងតែ​ប្រឹងប្រែង​សាងសង់​រោងចក្រ​ផលិត​ថ្ម​ប្រភេទ​នេះ​ដើម្បី​ចៀសវាង​ការពឹង​ផ្អែកលើ ចិន ក្នុងពេល​អនាគត។ ក៏ប៉ុន្តែ បណ្ដា​ក្រុមហ៊ុន​ចិន កំពុងមាន​ប្រៀប​ជាង​ទាក់ទង​នឹង​បច្ចេកវិទ្យា វត្ថុធាតុដើម និង​ទីផ្សារ៕

Advertisement