ក្រុមការងារ​បច្ចេកវិទ្យា របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យ​លទ្ធភាព​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Huawei

ក្រុមការងារ​បច្ចេកវិទ្យា ដឹកនាំ​ដោយ​លោក ហ៊ាង សុទ្ធា​យុ​ត្តិ នៃ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន Huawei ដើម្បី​ធ្វើការ​ឈ្វេងយល់​ពី​បច្ចេកវិទ្យាថ្មីៗ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ។

កាលពី​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកវិទ្យា ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ក្រុមហ៊ុន Huawei Technologies (Cambodia) Co., LTD ដែលមាន​ទីស្នាក់ការ ស្ថិតនៅក្នុង​អគារ Exchange Square និង​ជួបពិភាក្សា​ការងារ​ជាមួយ លោក ឆាយ វិទូ នាយក​ផ្នែក​លក់​របស់​ក្រុមហ៊ុន​នេះ។

គោលបំណង​នៃ​ការជួបពិភាក្សា និង​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ធ្វើការ​ឈ្វេងយល់​ពី​បច្ចេកវិទ្យាថ្មីៗ ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​ផ្នែក​បច្ចេកវិទ្យា​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន និង​ពិនិត្យ​លទ្ធភាព​ធ្វើ​សហប្រតិបត្តិការ រវាង​ក្រសួង និង​ក្រុមហ៊ុន សំដៅ​ជំរុញ​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការគ្រប់គ្រង​ការងារ​កាន់តែ​ប្រសើរ។

ក្រុមហ៊ុន Huawei បានសម្រេច​បញ្ជូន​អ្នកជំនាញ​បច្ចេកទេស​របស់ខ្លួន​ចុះមក​សិក្សា​អំពី​ស្ថានភាព និង​បញ្ហា​កំពុង​ប្រឈម​នានា ជំវិញ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ជាការ​ចូល​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ក្រសួង ដោយ​ប្រើប្រាស់​បច្ចេកវិទ្យាថ្មី៕

Advertisement