Airbus គ្រោង​សាងសង់​រោងចក្រ​ផលិត​ផ្កាយរណប និង​ផ្ទះ​នៅក្រៅ​ផែនដី

ក្រុមហ៊ុន Airbus នឹង​បាញ់​បង្ហោះ​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D លោហធាតុ​ដំបូង​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) នៅ​ឆ្នាំក្រោយ ដើម្បី​បើកផ្លូវ​សម្រាប់​គម្រោង​សាងសង់​រោងចក្រ​របស់​ខ្លួន​នៅក្នុង​ទី​អវកាស។

ក្រុមហ៊ុន​អាកាសចរណ៍​អវកាស​អឺរ៉ុប Airbus នឹង​បញ្ជូន​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D លោហធាតុ ឡើងទៅ​កាន់​ស្ថានីយ​ ISS នៅ​ឆ្នាំ ២០២៣។ នេះ​គឺជា​ជំហាន​ដំបូង​នៅក្នុង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផ្កាយរណប​នៅលើ​គន្លង​គោចរ​ជុំវិញ​ផែនដី​របស់​ក្រុមហ៊ុន Airbus នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Space ចុះផ្សាយ​កាលពី​ថ្ងៃទី ៨ មិថុនា។

ម៉ាស៊ីន​បោះ​ពុ​ម្ភ​ដែលមាន​ឈ្មោះថា Metal3D អាច​ដំណើរការ​ជាមួយ​លោហធាតុ​រាវ​ក្ដៅ​ដែលមាន​សីតុណ្ហភាព​ឡើងដល់ ១,២០០ អង្សា​សេ។ Metal3D នឹង​ក្លាយជា​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D លោហធាតុ​ដំបូង​គេ​នៅលើ ISS ដែល​អាច​អនុញ្ញាតឱ្យ​អវកាស​ចរ​បោះ​ពុ​ម្ភ​សម្ភារ​នានា​ដូចជា បន្ទះ​ស្កាត់​វិទ្យុសកម្ម។ល។ មុន​នោះ ក្រុមហ៊ុន​អាម៉េរិក Made In Space ក៏​ធ្លាប់បាន​នាំយក​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D ឡើងទៅ​កាន់ ISS ប៉ុន្តែ ទាំងនោះ​មិនអាច​បោះ​ពុ​ម្ភ​លោហធាតុ។

យោងតាម Airbus កំណែ​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D ក្នុងពេល​អនាគត អាច​បោះ​ពុ​ម្ភ​សម្ភារ​ដោយ​ប្រើប្រាស់​ដី​នៅលើ​ឋាន​ព្រះ​ចន្ទ និង​កែច្នៃ​គ្រឿង​ម៉ាស៊ីន​នានា​របស់​ផ្កាយរណបចាស់។ Metal3D គ្រាន់តែ​ជា​គ្រឿង​បច្ចេកវិទ្យា​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​របស់ Airbus ក្នុង​បំណង​សាងសង់​រោងចក្រ​មួយ​នៅក្នុង​ទី​អវកាស។

ការផលិត​ផ្កាយរណប​នៅក្នុង​ទី​អវកាស​គឺ​ល្អប្រសើរ​សម្រាប់​បរិស្ថាន ព្រោះថា វា​មិន​ទាមទារ​ឱ្យមាន​ការបាញ់​បង្ហោះ​រ៉ុក្កែត​ជាច្រើនលើក។ ក្រុមហ៊ុន Airbus សង្ឃឹមថា អាច​ផលិត​ផ្កាយរណប​ពេញលេញ​នៅក្នុង​ទី​អវកាស ក្នុងអំឡុង​ពី ៣ ទៅ ៤ ឆ្នាំ​ខាងមុខ។

ISS គ្រាន់តែ​ជា​ចំណង​ដំបូង​របស់ Metal3D។ នៅ​ចុង​ទសវត្សរ៍​នេះ កំណែ​ទំនើប​របស់​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D លោហធាតុ នឹង​អាច​បោះ​ពុ​ម្ភ​រ៉ូ​បូត និង​ផ្ទះ​នៅលើ​ឋាន​ព្រះ​ចន្ទ៕

Advertisement