(វីដេអូ)-​កូន​យន្តហោះ​អគ្គិសនី​សម្រាប់​មនុស្ស​ម្នាក់ ល្បឿន ១០២ គីឡូម៉ែត្រ/ម៉ោង បើកបរ​សាកល្បង​នៅ អ៊ីតាលី

(អ៊ីតាលី)-នៅក្នុង​ការសាកល្បង​ហោះហើរ​មាន​មនុស្ស​បើកបរ យន្តហោះ​សម្រាប់​មនុស្ស​ម្នាក់ Jetson One ដំណើរការ​យ៉ាង​រលូត ឆ្លងកាត់​ភូមិសាស្ត្រ​ជាច្រើន​សណ្ឋាន។

Jetson One គឺជា​យន្តហោះ​សម្រាប់​មនុស្ស​ម្នាក់​ដែល​អាច​បើកបរ​ក្នុង​ល្បឿន ១០២ គីឡូម៉ែត្រ/ម៉ោង និង​អាច​ហោះ​បាន​រយៈ​ចម្ងាយ ៣២ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ។ ម៉ូ​ដែល​យន្តហោះ​អគ្គិសនី​ដែល​អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ (eVTOL) នេះ ត្រូវបាន​បង្ហាញ​ជា​ផ្លូវការ​កាលពី​ខែតុលា ២០២១ ហើយ​វា​ល្បីឈ្មោះ​ដល់​ថ្នាក់​លក់ដាច់​ស្ទើរ​អស់ភ្លាមៗ សម្រាប់​ដំណាក់កាល​ប្រគល់​ទំនិញ​នៅ​ចុង​ឆ្នាំនេះ។

ក្រុមហ៊ុន Jetson នៅ ស៊ុយអែត និង ប៉ូឡូញ កាលពី​ថ្ងៃទី ១៩ ឧសភា បាន​ចែករំលែក​វីដេអូ​ថ្មី​ដែល​ថត​អ្នកបើកបរ​កូន​យន្តហោះ​នេះ​នៅឯ Tuscany ប្រទេស​អ៊ីតាលី។ ក្នុង​វីដេអូ​នោះ អ្នក​កាន់ចង្កូត​អនាមិក កំពុង​បើកបរ Jetson One ឆ្លងកាត់​វាល និង​ព្រៃ។ ក្រុមហ៊ុន​នេះ​ក៏បាន​បញ្ជាក់ថា យន្តហោះ​នេះ​អាច​ហោះ​ពីលើ​ផ្ទៃ​ទឹក​ផងដែរ។

Peter Ternstrom ប្រធាន​ក្រុមហ៊ុន Jetson និង​សហ​ស្ថាបនិក Tomasz Patan បាន​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​កាលពី​ឆ្នាំ ២០១៧ បន្ទាប់ពី​មានគំនិត​រចនា​កូន​យន្តហោះ​នេះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ។ ពួកគេ​បំពាក់​បច្ចេកវិទ្យា​ជាច្រើន​ដើម្បី​ធានាថា ម៉ាស៊ីន​ដំណើរការ​ប្រកបដោយ​សុវត្ថិភាព។

Jetson One មាន​ទម្ងន់ ៨៦ គីឡូក្រាម អាច​ហោះ​បាន ២០ នាទី/លើក និង​ពេលវេលា​សម្រាប់​បញ្ចូល​ថាមពល​គឺ ២ ម៉ោង។ ក្រុមហ៊ុន Jetson ឱ្យដឹងថា នៅ​ឆ្នាំ ២០២៦ ពួកគេ​នឹង​ផលិត​កូន​យន្តហោះ​ប្រភេទ​ដែល​អាច​ផ្ទុក​មនុស្ស​បាន ២ នាក់ ហើយ​នៅ​ចុង​ទសវត្សរ៍​នេះ Jetson នឹង​ផលិត​ប្រភេទ​ផ្ទុក​មនុស្ស​បាន ៤ នាក់៕

Advertisement