ក្រុម​ហ៊ុន​មួយ​មាន​គម្រោង​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​នៅលើ​ឋាន​ព្រះ​ចន្ទ

គម្រោង​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​អវកាស​មួយ ទាក់ទាញ​បាន​ទុនវិនិយោគ ៦៥០,០០០ ដុល្លារ ពី​ក្រុមហ៊ុន Draper Associates ដើម្បី​អភិវឌ្ឍ និង​វាយតម្លៃ​បច្ចេកទេស។

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី Aquarian Space កាលពី​ថ្ងៃទី ១៧ មីនា បានប្រកាស​អំពី​គម្រោង​ភ្ជាប់​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​រវាង ផែនដី ព្រះ​ចន្ទ និង​ពិភព​អង្គារ នាពេល​អនាគត ដែលមាន​រលកសញ្ញា​ខ្លាំង​គ្រប់គ្រាន់​ដែល​អាច​ផ្សាយ​វីដេអូ​កម្រិត 4K។ Aquarian Space កំណត់​គោលដៅ​ដំឡើង​ប្រព័ន្ធ​ទំនាក់ទំនង​ដំបូង​លើ ឋាន​ព្រះ​ចន្ទ នៅ​ឆ្នាំ ២០២។ គោលដៅ​របស់​ក្រុមហ៊ុន​នេះ​គឺ​បង្កើត​សេវាកម្ម​ក្នុង​បរិយាកាស Solnet ដែល​ស្ថាបនា​ឡើង​ដោយយោង​ទៅតាម​បណ្ដាញ​ផ្កាយរណប​ពាណិជ្ជកម្ម​បញ្ជូន​ទិន្នន័យ​ល្បឿន ១០០ megabit/វិនាទី លឿន​ជាង​ឆ្ងាយ ធៀប​នឹង​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​កម្រិត​មធ្យម​នៅ សហរដ្ឋ​អាម៉េរិក។

«ក្នុង​ឆ្នាំ ២០២១ មាន​ស្ថានីយ​ចុះចត យានអវកាស​ហោះ​ជុំវិញ​គន្លង​គោចរ និង​រ៉ូ​បូត​ស្វ័យប្រវត្ត នៅលើ​ដី និង​ហោះ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ចំនួន ១៣» Kelly Larson នាយក​ប្រតិបត្តិ​របស់ Aquarian Space ឱ្យដឹង​ដូច្នេះ។ «នៅ​ឆ្នាំ ២០៣០ យើង​នឹងមាន​យាន​ប្រហែល ២០០ គ្រឿង បង្កើតបាន​សេដ្ឋកិច្ច​នៅ ឋាន​ព្រះ​ចន្ទ ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាម៉េរិក។ ប៉ុន្តែ ប្រការនេះ​នឹងមិន​អាច​កើតឡើង​បើសិន​មិនមាន​បណ្ដាញ​ទំនាក់ទំនង​ដែល​អាច​ទុកចិត្តបាន រវាង​ព្រះ​ចន្ទ និង​ផែនដី»។

ក្រុមហ៊ុន​ខាងលើ​កំពុងតែធ្វើការ​វាយតម្លៃ​លើ​បច្ចេកទេស​ជាមួយ​ក្រុមហ៊ុន​មួយ​ដែល​ចូលរួម​កម្មវិធី​សេវាកម្ម​ដឹកទំនិញ​ពាណិជ្ជកម្ម (CLPS) របស់ ណា​សា (NASA) រួម​នឹង​ក្រុមហ៊ុន​មួយចំនួនទៀត​នៅ សហរដ្ឋ​អាម៉េរិក និង​ក្រុមហ៊ុន​បរទេស​ដែល​ជិត​បំពេញបេសកកម្ម​នៅលើ ឋាន​ព្រះ​ចន្ទ។

CLPS នឹង​នាំ​ទំនិញ ស្ថានីយ​ចុះចត និង​ឧបករណ៍​វិទ្យាសាស្ត្រ​ជាច្រើន ទៅកាន់ ឋាន​ព្រះ​ចន្ទ នៅ​ចុង​ទសវត្សរ៍​នេះ តាមរយៈ​កម្មវិធី Artemis របស់ អាម៉េរិក។ យោងតាម Aquarian Space អតិថិជន​មិនចាំបាច់​ប្ដូរ​ទ្រង់ទ្រាយ​ឧបករណ៍​ទៅតាម​បច្ចេកវិទ្យា​របស់​ពួកគេ។ ប៉ុន្តែ ក្រុមហ៊ុន​នេះ​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​បច្ចេកទេស​លម្អិត ប្រភេទ​ផ្កាយរណប​ដែល​ពួកគេ​គ្រោង​នឹង​ប្រើប្រាស់ ក៏ដូចជា​វិធី​បាញ់​បង្ហោះ​ផ្កាយរណប​ទៅក្នុង​ទី​អវកាស​នៅឡើយ។

ក្រៅពី​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន Aquarian ក៏មាន​គម្រោង​តាមដាន​សំរាម​អវកាស អាកាសធាតុ និង​ការផ្គត់ផ្គង់​ព័ត៌មានវិទ្យា​សាស្ត្រ​ពី ឋាន​ព្រះ​ចន្ទ និង ពិភព​អង្គារ មកកាន់ ពិភព​ផែនដី ផងដែរ៕

Advertisement