មនុស្ស​ជាច្រើន​ចូលចិត្ត​បំពាក់ ឈី​ប​កុំព្យូទ័រ ទៅក្នុង​ខួរក្បាល បើសិន​អាច​គ្រប់គ្រង​វា​បាន

(សហរដ្ឋ​អាម៉េរិក)-ជាង​ពាក់កណ្ដាល​នៃ​មនុស្ស​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ បានឱ្យដឹងថា នឹង​ពិចារណា​ចំពោះ​ការបំពាក់ ឈី​ប (chip) កុំព្យូទ័រ ទៅក្នុង​ខួរក្បាល បើសិនជា​ពួកគេ​អាច​បញ្ជា​លើ​វា​បាន។

Pew Research បានធ្វើ​ការស្ទង់មតិ​លើ​មនុស្សពេញវ័យ​ចំនួន ១០,២៦០ នាក់ នៅ សហរដ្ឋ​អាម៉េរិក។ សំណួរ​ភាគច្រើន​គឺ​ទាក់ទង​នឹង​ការយល់ឃើញ​ចំពោះ​បច្ចេកវិទ្យា​ទំនើប​នានា ដូចជា កុំព្យូទ័រ​ខួរក្បាល (brain computing), បញ្ញា​សិប្បនិម្មិត (Artificial intelligence-AI) និង​រថយន្ត​បើកបរ​ស្វ័យប្រវត្ត។

៧៨% នៃ​អ្នក​ដែល​ត្រូវបាន​សួរ បាន​បដិសេធ​ការប្រើ ឈី​ប​កុំព្យូទ័រ ដើម្បី​កែលម្អ​សមត្ថភាព​ខួរក្បាល​របស់​ពួកគេ។ ប៉ុន្តែ ៥៩% និយាយថា នឹង​ទទួលយក​បច្ចេកវិទ្យា​នេះ បើសិន​មាន​សិទ្ធិ​ម្ចាស់ការ ពោលគឺ​អាច​បើក-បិទ ឈី​ប​បញ្ជា​ដែល​ស្ថិតនៅក្នុង​ខួរក្បាល​តាមចិត្ត​ចង់ នេះ​បើតាម Alec Tyson ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Pew Research។

សារព័ត៌មាន Fortune ផ្សាយ​ថា ក្នុង​វិស័យ brain computing ក្នុងនោះ​ក៏មាន​ការបំពាក់ ឈី​ប​កុំព្យូទ័រ ទៅក្នុង​ខួរក្បាល​ជាដើម កំពុង​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​សាធារណជន បន្ទាប់ពី​ក្រុមហ៊ុន Neuralink របស់​មហាសេដ្ឋី​អាម៉េរិក Elon Musk បានទទួល​ជោគជ័យ​មួយចំនួន​នៅក្នុង​បន្ទប់ពិសោធន៍។

លោក Musk ធ្លាប់បាន​អះអាងថា បច្ចេកវិទ្យា​របស់ Neuralink ក្នុង​អនាគត​អាច​ប្រើប្រាស់​ដើម្បី​បង្កើន​សមត្ថភាព​របស់​មនុស្ស។ ក៏ប៉ុន្តែ អ្នកជំនាញ​វាយតម្លៃថា មហិច្ឆតា​នេះ​នឹង​ស៊ីពេល​យ៉ាងយូរ​ទៀត ទើប​អាច​ក្លាយជា​ការពិត៕

Advertisement