រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត​ក្នុង​វេជ្ជសាស្ត្រ «ជិត​ដល់​វេន​សម្ដែងឫទ្ធិ» ដូច​ទៅនឹង​រថយន្ត​បើកបរ​ស្វ័យប្រវត្ត

រ៉ូបូត​វះកាត់​ស្វ័យប្រវត្ត​ STAR របស់​សាកលវិទ្យា​ល័យ Johns Hopkins

រ៉ូ​បូត​មួយគ្រឿង​ដែល​អាច​ជំនួសមុខ​ឱ្យ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​លំដាប់​មធ្យម នឹង​ក្លាយជា​ឧបករណ៍​បច្ចេកវិទ្យា​ចាំបាច់​បំផុត​សម្រាប់​ដំណើរ​ហោះហើរ​ទៅកាន់​ពិភព​ព្រះ​អង្គារ ឬ​ពិភព​ដទៃ។

គិត​មកដល់​បច្ចុប្បន្ន មាន​បច្ចេកវិទ្យា​ជាច្រើន​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​បម្រើ​ដល់​បេសកកម្ម​អវកាស ត្រូវបាន​ពិភពលោក​និយម​ប្រើប្រាស់​នៅលើ​ពិភព​ផែនដី ក្នុងនោះ​មានដូចជា កាស​អត់​ខ្សែ, លេប​ថប, ភ្លើង LED, កូនកណ្ដុរ​កុំព្យូទ័រ, កាមេរ៉ា​ទូរស័ព្ទ រហូតដល់​បច្ចេកវិទ្យា​ចម្រាញ់​ទឹក, បន្សុទ្ធ​ខ្យល់, ផ្ទាំង​សូ​ឡា, ដៃជើង​សិប្បនិម្មិត។ល។

បច្ចុប្បន្ន សហគមន៍​អ្នកវិទ្យាសាស្ត្រ​ព្យាករ​ថា បច្ចេកវិទ្យា​ទំនើប​បំផុត​មួយ​ប្រភេទ​ទៀត ជិត​ចាប់កំណើត​ក្នុង​បំណង​ប្រើប្រាស់​ក្នុង​បេសកកម្ម​ទៅកាន់​ទី​អវកាស នោះ​គឺ រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត​ទាំងស្រុង។

យុគសម័យ​នេះ មនុស្ស​មាន​រ៉ូ​បូត​ដែល​អាចធ្វើ​ការវះកាត់​ផ្នែក​វេជ្ជសាស្ត្រ​មួយចំនួន រួមមាន​ដូចជា វះកាត់​ត្រង់​ឆ្អឹង​អាង​ត្រគាក, វះកាត់​ឆ្អឹងខ្នង, វះកាត់​ភ្នែក, ចាក់​ថ្នាំ​ក្នុង​ស្រោមខួរ ជាដើម ដែល​ទាំងនេះ​សុទ្ធតែ​ត្រូវការ​កម្រិត​សុក្រឹត​ខ្ពស់បំផុត។

ក៏ប៉ុន្តែ ប្រភេទ​រ៉ូ​បូត​វះកាត់​បច្ចុប្បន្ន គ្រាន់តែ​ជា​ប្រភេទ​ពាក់កណ្ដាល​ស្វ័យប្រវត្ត​ប៉ុណ្ណោះ ពោលគឺ ពួកវា​ត្រូវបាន​រចនា​ឡើង​ដូច​ទៅនឹង​ម៉ាស៊ីន ដែល​ទទួល​ការបញ្ជា​ពី​អ្នកបច្ចេកទេស និង​ក្រុម​វេជ្ជបណ្ឌិត។

ប្រភេទ​រ៉ូ​បូត​ស្វ័យប្រវត្ត ឬ​ម្ចាស់ការ ១០០% ដែល​ដូច​ទៅនឹង​រថយន្ត​បើកបរ​ស្វ័យប្រវត្ត​ទាំងស្រុង ពេលនេះ​នៅ​ជា​ក្ដី​ស្រមៃ​នៅឡើយ។ STAR ដែលជា​រ៉ូ​បូត​មួយ​ប្រភេទ​ត្រូវបាន​បំពាក់​កម្មវិធី​ឆ្លាត​វៃ ធ្លាប់បាន​ដេរ​ភ្ជាប់​ពោះវៀន​បាន​ដោយ​ជោគជ័យ ប៉ុន្តែ​មិន​ត្រូវបាន​ចាត់ទុកថា​ជា រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត ម្ចាស់ការ ១០០% នោះឡើយ ព្រោះ​ពោះវៀន​ដែល​វា​ដេរ​ភ្ជាប់​គឺជា​ពោះវៀន​សត្វ​ជ្រូក។

បច្ចុប្បន្ន មនុស្ស​មាន​ រ៉ូបូត​វះកាត់​​ពាក់​កណ្ដាល​ស្វ័យប្រវត្ត

តើ​ពេលណា​ទើប​មនុស្ស​អាច​សម្រេចបាន​គោលដៅ​ផលិត​រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត ម្ចាស់ការ ១០០%? បណ្ឌិត Tamir Wolf នាយក​ប្រតិបត្តិ​របស់ Theator ដែលជា​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​កម្មវិធី​វះកាត់​ស្វ័យប្រវត្តិ​ដោយ​ប្រើ​បញ្ញា​សិប្បនិម្មិត បានឱ្យដឹងថា «ខ្ញុំ​គិតថា នឹង​ចំណាយពេល​រាប់​សតវត្សរ៍​ទៀត​ឯណោះ»។

ប្រព័ន្ធ​បច្ចេកវិទ្យា​របស់ Elon Musk ពិតណាស់ កំពុងតែ​ជួយ​គ្នា​ទៅវិញ ទៅមក យ៉ាង​ស៊ីចង្វាក់។ ពួកគេ​កំពុង​អភិវឌ្ឍ​រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត និង​កំពុងមាន​ផែន​ការនាំ​មនុស្ស​ទៅកាន់​ពិភព​អង្គារ។

បច្ចុប្បន្ន យើង​កំពុង​ត្រូវ​បើកបរ​រថយន្ត ដូច​ទៅនឹង​ក្រុម​វេជ្ជបណ្ឌិត​ត្រូវ​បញ្ជា​ដៃ​រ៉ូ​បូត។ ប៉ុន្តែ វិស័យ​ទាំងនេះ​សុទ្ធតែ​កំពុង​ឆ្ពោះ​ទៅដល់​ចំណុច​ពាក់កណ្ដាល​ស្វ័យប្រវត្ត ដូច​ទៅនឹង​រថយន្ត Tesla ដែល​បើកបរ​ស្វ័យប្រវត្ត​ក្នុង​ផ្នែក​ណាមួយ។

«ហើយ​ក្រោយមក នឹង​ដល់​វេន​ស្វ័យប្រវត្ត​ទាំងស្រុង​ទៅតាម​លក្ខខណ្ឌ នៅពេល​រថយន្ត​ចាប់ផ្ដើម​យល់​អំពី​បរិស្ថាន​របស់​វា។ បន្ទាប់មកទៀត គឺ​ស្វ័យប្រវត្ត​កម្រិត​ខ្ពស់ ដែល​រថយន្ត​ចូលរួម​ធ្វើការ​សម្រេចចិត្ត ហើយ​ចុងក្រោយ​គឺ​ស្វ័យប្រវត្ត​ទាំងស្រុង» លោក​បណ្ឌិត Wolf បកស្រាយ​អំពី​ដំណាក់កាល​នៃ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​នៅលើ​រថយន្ត។

ចំពោះ រ៉ូ​បូត​វះកាត់​ផ្នែក​វេជ្ជសាស្ត្រ​វិញ លោក​បណ្ឌិត យល់ថា យើង​បាន និង​កំពុង​ឆ្ពោះ​ទៅដល់​ដំណាក់កាល​ស្វ័យប្រវត្ត​មួយផ្នែក។ រ៉ូ​បូត​វះកាត់​ដូចជា STAR របស់​សាកលវិទ្យាល័យ Johns Hopkins គឺជា​ឧទាហរណ៍​ស្រាប់៕

Advertisement