អាម៉េរិក បង្ហើប​ឱ្យដឹង​អំពី​គម្រោង​ថ្មី៖ «រុករក និង​គ្រប់គ្រង​ទី​អវកាស​ចន្លោះ​ផែនដី និង​ព្រះ​ចន្ទ»

បន្ទប់ពិសោធន៍​ស្រាវជ្រាវ​ទ័ពអាកាស​អាម៉េរិក (AFRL) បាន​បង្ហើប​ឱ្យដឹង​ដំបូង​អំពី​គម្រោង​ប្រកបដោយ​មហិច្ឆតា​របស់​ប្រទេស​នេះ ក្នុង​បំណង​ល្បាត​ទី​អវកាស​ដែល​នៅ​ខាងក្រៅ​តំបន់​ពង្រាយ​ផ្កាយរណប​ធម្មតា។

បន្ទប់​ពិសោធន៍​ AFRL បានឱ្យដឹងថា រង្វង់​នៃ​ការយកចិត្តទុកដាក់រ​បស់​កងកម្លាំង​អវកាស​អាម៉េរិក ពេលនេះ​នឹងត្រូវ​ពង្រីក​ឡើងដល់ «៤៣៨,០០០ គីឡូម៉ែត្រ និង​ឆ្ងាយ​ជាងនេះទៀត»។

យោងតាម​ស្ថានីយ​វិទ្យុ Suptnik នៅក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម Youtube ថ្មីៗនេះ​បង្ហាញថា AFRL មាន​មោទកភាព​ក្នុងការ​បង្ហាញ​ប្រព័ន្ធ​ត្រួតពិនិត្យ​ល្បឿន​លឿន Cislunar (CHPS) ក្នុង​គោលដៅ​រុករក និង​គ្រប់គ្រង​ទី​អវកាស​ដែល​នៅ​ចន្លោះ​ព្រះ​ចន្ទ និង​ផែនដី។

ពាក្យ​ថា «cislunar» ត្រូវបាន​ប្រើប្រាស់​ដើម្បី​និយាយ​អំពី​រង្វង់​ទី​អវកាស​ដែល​ស្ថិតនៅ​ចន្លោះ​គន្លង​គោចរ​របស់​ផែនដី និង​គន្លង​គោចរ​របស់​ព្រះ​ចន្ទ។

វីដេអូ​បាន​បង្ហាញថា រូបភាព​មី​ស៊ី​ល ១ គ្រាប់​ដែល​បាញ់​ចេញពី​ផែនដី បាន​បញ្ចេញ​ផ្កាយរណប ១ គ្រឿង។ ផ្កាយរណប​នេះ​ហោះ​ចេញ​ផុតពី​តំបន់​ដែល​ប្រព័ន្ធ​ផ្កាយរណប​ក្បែរ​ផែនដី កំពុង​ស្ថិតនៅ ហើយ​ចុងក្រោយ ក៏បាន​ទៅដល់​ព្រះ​ចន្ទ។

AFRL អធិប្បាយ​ថា ការរត់​ប្រណាំង​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នឹងមាន​ស​ន្ទ​ស្សន៍​ខ្លាំង​ជាង​ពេលណា​ទាំងអស់ នៅក្នុង​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ ក្នុងនោះ​ក៏មាន ចិន និង រុស្ស៊ី ដែល​កំពុង​អនុវត្ត​កម្មវិធី​ស្រាវជ្រាវ និង​កសាង​មូលដ្ឋាន​នៅលើ​ឋាន​ព្រះ​ចន្ទ។ AFRL ក៏បាន​និយាយថា កម្មវិធី​អវកាស Artemis របស់ ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) មិន​ត្រឹមតែ​អាច​នាំ​អ្នក​អវកាស​អាម៉េរិក ទៅ​ជាន់ដី​ព្រះ​ចន្ទ​នោះទេ តែ​វា​ក៏​នឹង​បង្កើត «ជីវភាព​យូរអង្វែង» ដំបូង នៅ​ទីនោះ។

វីដេអូ​ខាងលើ​ក៏បាន​លើកឡើង​អំពី​ហានិភ័យ​ប៉ះទង្គិច​ក្នុង​ទី​អវកាស ព្រោះតែ​ចំនួន​ផ្កាយរណប​កំពុង​គោចរ​ជុំវិញ​ផែនដី មាន​កាន់តែច្រើន។ បច្ចុប្បន្ន វត្ថុ​ប្រហែល ២៧,០០០ ដែល​បង្កើតឡើង​ដោយ​មនុស្ស កំពុង​អណ្ដែតត្រសែត​ក្នុង​គន្លង​គោចរ​ក្បែរ​ផែនដី។

AFRL អាច​ត្រូវ​បានប្រគល់​ភារកិច្ច​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ល្បាតផ្លូវ​ល្បឿន​លឿន Cirslunar នៅក្នុង​រដូវក្ដៅ​នេះ ហើយ​គ្រោង​នឹង​បង្ហាញ​ប្រព័ន្ធ​នេះ​នៅក្នុង​ឆ្នាំ ២០២៥ នេះ​បើតាម​គេហទំព័រ​បច្ចេកវិទ្យា​កា​រពារ​ជាតិ C4SRNET៕

Advertisement