ចំណុច​ខ្មៅ​ (Umbra) ប៉ុន​ផែនដី បង្ហាញខ្លួន​នៅលើ​ផ្ទៃ​របស់​ព្រះអាទិត្យ

ចំណុច​ខ្មៅ​លើ​ព្រះអាទិត្យ ដែល​គេ​ថត​បាន​កាល​ពី​មុន​

តេ​ឡេ​ស្កុប​ស្រាវជ្រាវ​ព្រះអាទិត្យ​ធំ​បំផុត​ក្នុង​ពិភពលោក ថត​បាន​ចំណុច​ខ្មៅ​ដ៏​មហិមា​ដែល​បង្ហាញខ្លួន​នៅលើ​ព្រះអាទិត្យ​កាលពី​ចុងខែ​កុម្ភៈ។

កែវយឹត​ព្រះអាទិត្យ Daniel K. Inouye នៅ Hawaii អាច​ប្រមូល​ទិន្នន័យ​វិទ្យាសាស្ត្រ​ដ៏​មានតម្លៃ​ស្ដីពី​ព្រះអាទិត្យ ដោយ​មិនបាច់​ហោះ​ទៅកាន់​ទី​អវកាស។

ស្ថានីយ​ជាតិ​សង្កេត​ព្រះអាទិត្យ (NSO) កាលពី​ថ្ងៃទី ១ មីនា បាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​នូវ​រូបថត​ស្ដីពី​ចំណុច​ខ្មៅ​លើ​ព្រះអាទិត្យ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ដែល​ថត​បាន​ដោយ​កែវយឹត Daniel K. Inouye។ អង្កត់ផ្ចិត​នៃ​តំបន់​ងងឹត​របស់​ចំណុច​ខ្មៅ​លើ​ព្រះអាទិត្យ (humbra) ជិត​ស្មើនឹង​អង្កត់ផ្ចិត​របស់​ផែនដី នេះ​បើតាម​ការឱ្យ​ដឹង​របស់ NSO។

ចំណុច​ខ្មៅលើព្រះអាទិត្យ​ (Umbra) ដែល​ កែវយឹតសង្កេត​ព្រះអាទិត្យ Daniel K. Inouye ថត​បាន​ និង​ត្រូវ​ស្ថានីយជាតិសង្កេតព្រះអាទិត្យ (NSO) ចែក​រំលែក​កាលពីថ្ងៃទី ១ មីនា

Daniel K. Inouye ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើប្រាស់​ទុន​ពី​មូលនិធិ​វិទ្យាសាស្ត្រ​ជាតិ​អាម៉េរិក (USNSF)។ ឧបករណ៍​នេះ បានចាប់ផ្ដើម​ដំណើរការ​ដំបូង​កាលពី​ខែកុម្ភៈ ២០២២។ នេះ​គឺជា​តេ​ឡេ​ស្កុប​ស្រាវជ្រាវ​ព្រះអាទិត្យ​ធំ​បំផុត​ក្នុង​ពិភពលោក។ វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​ថត​បាន​រូបភាព​ច្បា​ស់ក​ម្រិ​ត​ខ្ពស់​អំពី​ព្រះអាទិត្យ ជាមួយនឹង​ភាព​លម្អិត​មិន​ធ្លាប់មាន​ពីមុនមក។

កែវយឹត Daniel K. Inouye អាច​ថតរូប​ភាព​ដែលមាន​អង្កត់ផ្ចិត​ត្រឹមតែ ២០ គីឡូម៉ែត្រ។ វា​នឹង​ជួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវ និង​ព្យាករ​អំពី​បាតុភូត​នានា​របស់​ព្រះអាទិត្យ​ដែល​អាច​ជះ​ផលប៉ះពាល់​ដល់​ផែនដី។

Advertisement