បច្ចេកវិទ្យា​ថ្មី! Facebook អភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត អាច​បកប្រែ​បាន ១០០ ភាសា ដោយ​មិនបាច់​មាន​សំណេរ​ជា​អន្តរការី

(សហរដ្ឋ​អាម៉េរិក)-ក្រុមហ៊ុនមេ​របស់ Facebook នឹង​អភិវឌ្ឍ​កម្មវិធី​បញ្ញា​សិប្បនិម្មិត (AI) ដែល​អាច​បកប្រែ​ភាសា​ទៅតាម​ពេលវេលា​ជាក់ស្ដែង ខ្ទង់រយ​ភាសា ក្នុងនោះ​មាន​ទាំង​ភាសា​ដែលមាន​មនុស្ស​ប្រើប្រាស់​តិច​ផងដែរ។

Meta ដែលជា​ក្រុមហ៊ុនមេ​របស់​បណ្ដាញ​សង្គម Facebook, Instagram និង WhatsApp ប្រកាសថា ចំពោះ​គម្រោង​ស្រាវជ្រាវ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ថ្មី​នេះ មនុស្ស​គ្រប់រូប​ក្នុង​ពិភពលោក សុទ្ធតែ​អាច​ប្រើ​បាន។

«សមត្ថភាព​ក្នុងការ​និយាយ​ជាមួយ​មនុស្ស​គ្រប់រូប ដោយ​ប្រើប្រាស់​គ្រប់​ភាសា គឺជា​ជំនាញ​កំពូល​ដែល​គ្រប់គ្នា​ប្រាថ្នា​ចង់បាន ហើយ AI នឹង​នាំមក​នូវ​ប្រការ​នោះ​ក្នុង​យុគសម័យ​របស់​យើង» នាយក​ប្រតិបត្តិ​របស់ Meta លោក Mark Zuckerberg បាន​និយាយ​ដូច្នេះ។

យោងតាម Meta បើទោះជា អង់គ្លេស ចិន និង អេ​ស្ប៉ា​ញ ជាដើម គឺជា​ភាសា​ដែល​គេ​និយម​ប្រើ​ច្រើន ប៉ុន្តែ ប្រជាជន​ប្រហែល ២០% ក្នុង​ពិភពលោក មិនបាន​ប្រើប្រាស់​ភាសា​ទាំងនេះ។ ភាសា​ជាច្រើន​ដែល​មិនសូវមាន​មនុស្ស​ប្រើប្រាស់ និង​មិនមាន​អក្សរ​សម្រាប់​សរសេរ សមស្រប​ក្នុងការ​ដាក់បញ្ចូល​ក្នុង​ប្រព័ន្ធ AI បកប្រែ​របស់ Beta។

Meta នឹង​ផ្ដោតទៅលើ​ការងារ​ចំនួន ២ គឺ ទីមួយ​មាន​ឈ្មោះថា No Language Left Behind ដែល​កសាង​ប្រព័ន្ធ AI ដែល​រៀន​អំពី​វិធីសាស្ត្រ​បកប្រែ​ភាសា និង​ទី ២ គឺ មាន​ឈ្មោះថា Universal Speech Translator ដែល​អភិវឌ្ឍ​ប្រព័ន្ធ​បកប្រែ​ភាសា​ដោយ​ផ្ទាល់មាត់ និង​នៅនឹងកន្លែង ដោយ​មិនបាច់​មាន​សំណេរ​ជា​លក្ខណៈ​អន្តរការី៕

Advertisement