បេក្ខភាព​ប្រធានាធិបតី​និម្មិត​ដំបូង​គេ​ក្នុង​ពិភពលោក កំពុង​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​នៅ កូរ៉េខាងត្បូង

នៅក្នុង​ការិយាល័យ​ឃោសនា​រក​សំឡេងឆ្នោត​នៅ ទីក្រុង​សេ​អ៊ូ​ល ក្រុម​បុគ្គលិក​វ័យក្មេង ប្រើប្រាស់​បច្ចេកវិទ្យា deepfake ដើម្បី​បង្កើត​បេក្ខភាព​ប្រធានាធិបតី​និម្មិត។

ក្រុមបច្ចេកទេស បង្កើត​រូបភាព​ឌីជីថល​មួយ និង​ដាក់ឈ្មោះ​ឱ្យ​ថា AI Yoon តំណាងឱ្យ​លោក Yoon Suk-yeol ដែលជា​បេក្ខភាព​ប្រធានាធិបតី​របស់​បក្សប្រឆាំង (បក្ស​កម្លាំង​ប្រជាជន)។ AI Yoon ត្រូវបាន​បង្កើតឡើង មួយផ្នែក​ដោយ​ការប្រើប្រាស់​វីដេអូ​រាប់សិប​ម៉ោង ដែល​ថត​សកម្មភាព​របស់លោក Yoon Suk-yeol និង​ដើម្បី​ជួយ​ឃោសនា​រក​សំឡេងឆ្នោត​នៅមុន​ការបោះឆ្នោត​ថ្ងៃទី ៩ មីនា។

បញ្ញា​សិប្បនិម្មិត (AI) ធ្លាប់បាន​បង្ហាញខ្លួន​ក្នុងការ​បោះឆ្នោត​មួយចំនួន​រួចមកហើយ។ នៅលើ​អ៊ី​ន​ធើ​ណិ​ត ធ្លាប់មាន​វីដេអូ deepfake ខ្លះ បង្ហាញថា Barack Obama រិះគន់​លោក Donald Trump ឬ​បេក្ខភាព​អភិបាលក្រុង New York លោក Andrew Yang កំពុង​ឃោសនា​រក​សំឡេងឆ្នោត នៅក្នុង​ពិភព​និម្មិត។ ក៏ប៉ុន្តែ ក្រុម​អ្នក​អភិវឌ្ឍ​យល់ថា AI Yoon គឺជា​បេក្ខភាព​ដែល​ឃោសនា​រក​សំឡេងឆ្នោត​ផ្លូវការ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ដែល​ប្រើប្រាស់​បច្ចេកវិទ្យា deepfake ជា​រូបភាព​បង្កើតឡើង​ដោយ AI និង​កំពុង​ត្រូវបាន​ចាប់អារម្មណ៍​ខ្លាំង​នៅ កូរ៉េខាងត្បូង។

ដោយមាន​សក់​ពណ៌​ខ្មៅ​រលើប និង​ស្លៀកពាក់​ឈុត vest ដ៏​សង្ហា AI Yoon ដូច​ទៅនឹង​មនុស្ស​ពិត​ខ្លាំងណាស់ ប៉ុន្តែ​បែរជា​ប្រើប្រាស់​ពាក្យពេចន៍​កំប្លុកកំប្លែង និង​រិះគន់ ដើម្បី​ទាក់ទាញ​ម្ចាស់ឆ្នោត​វ័យក្មេង​ដែល​តែងតែ​តាមដាន​ព័ត៌មាន​នៅលើ​អ៊ី​ន​ធើ​ណិ​ត។

ចាប់តាំងពី​បានបង្ហាញ​ខ្លួន​កាលពី​ថ្ងៃទី ១ មករា AI Yoon បាន​ទាក់ទាញ​អ្នក​ចូល​មើល​រាប់លាន​លើក។ មនុស្ស​រាប់ម៉ឺន​នាក់ បានដាក់​ជា​សំណួរ​ឱ្យ AI Yoon ឆ្លើយ ប៉ុន្តែ ភាគច្រើន​គឺជា​សំណួរ​ដែល​មិន​ទាក់ទង​នឹង​គោលនយោបាយ។

«ប្រធានាធិបតី Moon Jae-in និង​បេក្ខភាព​របស់​គូប្រឆាំង Lee Jae-myung ជិត​លង់ទឹក​ស្លាប់។ លោក​ជ្រើសរើស​អ្នកណា? អ្នកលេង​អ៊ី​ន​ធើ​ណិ​តម្នាក់ សួរ​ដូច្នេះ។

AI Yoon តំណាងឱ្យលោក Yoon Suk-yeol

បេក្ខភាព​ប្រធានាធិបតី AI Yoon ឆ្លើយថា៖ «ខ្ញុំ​ជូនពរ​ឱ្យ​អ្នក​ទាំងពីរ​ជួបតែ​សំណាងល្អ»។

បេក្ខភាព AI Yoon បាន​ថត​សំឡេង​ជា​ឃ្លា​និយាយ​ជាង ៣,០០០ ឃ្លា ដើម្បី​ធ្វើជា​មូលដ្ឋាន​ទិន្នន័យ​សម្រាប់ AI។ នេះ​បើតាម Baik Kyeong-hoon ប្រធាន​ក្រុមការងារ​ច្នៃប្រឌិត។ ប៉ុន្តែ តាមពិត ខ្លឹមសារ​ដែល AI Yoon និយាយ​គឺ​សុទ្ធតែ​ត្រូវបាន​សរសេរ​ដោយ​ក្រុម​គ្រប់គ្រង​យុទ្ធនា​ការឃោសនា។

វិធី​ច្នៃប្រឌិត​នេះ ទទួលបាន​ជោគជ័យ។ ការ​ថ្លែង​របស់ បេក្ខភាព AI Yoon បាន​ក្លាយជា​ប្រធានបទ​នៃ​ការជជែក​នានា​នៅលើ​សារព័ត៌មាន​កូរ៉េខាងត្បូង។ មនុស្ស ៧ លាន​នាក់​បាន​ចូលទៅ​គេហទំព័រ Wiki Yoon ដើម្បី​ដាក់​ជា​សំណួរ​ដល់​បេក្ខភាព​ប្រ​ធានា​ធិ​ប​តិ​និម្មិត​នេះ។

Ko Sam-seog ជា​អ្នកធ្វើ​ការឱ្យ Lee Jae-myung ដែលជា​គូប្រជែង​សំខាន់​របស់លោក Yoon Suk-yeol បាន​ចោទ​បេក្ខភាព​និម្មិត​នេះ​ថា ប្រើប្រាស់​ពាក្យពេចន៍​មិន​សមស្រប​ជាមួយនឹង​ស្ដង់ដា​នយោបាយ។

ទោះជា​យ៉ាងណាក៏ដោយ បេក្ខភាព AI Yoon កំពុង​បង្ហាញ​ប្រសិទ្ធភាព​ខ្ពស់ នៅពេល​បាន​ជួយ​ឱ្យ​លោក Yoon Suk-yeol នាំមុខគេ​នៅក្នុង​ការស្ទង់មតិ​លើ​ក្រុម​យុវវ័យ​ដែលមាន​អាយុ​ខ្ទង់ ២០ ឆ្នាំ។

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​របស់ កូរ៉េខាងត្បូង បាន​អនុញ្ញាតឱ្យ​បេក្ខភាព​ទាំងឡាយ ប្រើប្រាស់ AI នៅក្នុង​យុទ្ធនា​ការរក​សំឡេងឆ្នោត ជាមួយនឹង​លក្ខខណ្ឌ «ត្រូវ​និយាយ​ឱ្យបាន​ច្បាស់​ថា ជា​បច្ចេកវិទ្យា deepfake និង​មិនត្រូវ​លើកឡើង​អំពី​ព័ត៌មាន​មិន​ពិត»៕

Advertisement