រុស្ស៊ី បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​​ដែល​អាច​រកឃើញ​វីរុស SARS-CoV-2 (កូ​វីដ-១៩) នៅ​ដំណាក់កាល​ដំបូង​បំផុត​បន្ទាប់ពី​បាន​ឆ្លង

យោងតាម​សារព័ត៌មាន Sputniknews អាជ្ញាធរ​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​សុខភាព​មនុស្ស របស់ សហព័ន្ធ​រុស្ស៊ី (Rospotrebnadzor) បង្ហើប​ឱ្យដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ជំងឺឆ្លង​របស់ខ្លួន បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​អនុញ្ញាតឱ្យ​រកឃើញ​វីរុស SARS-CoV-2 ក្នុងដំណាក់កាល​ដំបូង​បំផុត បន្ទាប់ពី​បាន​ឆ្លង​មក​មនុស្ស​ម្នាក់ នៅពេល​កំហាប់​វីរុស​ស្ថិតក្នុង​កម្រិត​ទាប​បំផុត។

ក្នុង​ស្ថានការណ៍​កូ​វីដ-១៩ កំពុង​រាតត្បាត កម្រិត​ប្រសិទ្ធភាព​នៃ​ឧបករណ៍​ធ្វើតេស្ត​សំណាក និង​ការដែល​ឆាប់​ប្រមូលបាន​លទ្ធផល​គឺជា​កត្តា​សំខាន់បំផុត​របស់​ប្រព័ន្ធ​វិនិច្ឆយ​រោគ។ បច្ចេកវិទ្យា​ថ្មី​របស់ Rospotrebnadzor មាន​សមត្ថភាព​ឆ្លើយតប​នឹង​តម្រូវការ​ទាំងអស់​ខាងលើនេះ។

សមាជិក​ម្នាក់​នៃ​ក្រុម​ស្រាវជ្រាវ​ខាងលើ បាន​ប្រាប់ថា របកគំហើញ​នេះ​អាច​ក្លាយជា​មូលដ្ឋាន​សម្រាប់​ប្រព័ន្ធ​វិនិច្ឆយ​រោគ​រហ័ស​នៅនឹងកន្លែង​អ្នកជំងឺ ឬ​គោលដៅ​ធ្វើតេស្ត។ ប្រព័ន្ធ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​នឹងមិន​ត្រូវការ​ឧបករណ៍​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ ដូច្នេះ ការចំណាយ​ក្នុង​ការផលិត​ឧបករណ៍​ធ្វើតេស្ត​នឹង​ទាប តែ​ផ្ដល់​លទ្ធផល​បាន​យ៉ាង​លឿន ជួយ​ឱ្យមាន​ការព្យាបាល​ទាន់ពេល។

បច្ចុប្បន្ន បច្ចេកវិទ្យា​របស់ Rospotrebnadzor ត្រូវបាន​ចុះ​បញ្ជិកា​នៅ​ការិយាល័យ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​បញ្ញា​របស់ រុស្ស៊ី (Rospatent) រួចហើយ។

របកគំហើញ​របស់​ក្នុង​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​នេះ​គឺ​ទាក់ទង​ទៅនឹង​បច្ចេកទេស​តំណពូជ និង​បច្ចេកវិទ្យា​ជីវសាស្ត្រ ដោយយោង​ទៅលើ ម៉ូលេគុល RNA នាំ​ផ្លូវ (Guide RNA/gRNA) នឹង​អាច​ត្រូវបាន​ប្រើ​ក្នុង​ប្រព័ន្ធ CRISPR-Cas14 ដើម្បី​ស្វែងរក RNA របស់ វីរុស​កូ​វីដ-១៩ ប្រកបដោយ​ភាព​ទាន់​ចិត្ត៕

Advertisement