រថយន្ត​អគ្គិសនី Tesla ហោះ​បាន ៣.២ ពាន់​លាន​គីឡូម៉ែត្រ នៅ​ទី​អវកាស

រថយន្ត Tesla នៅក្នុង​ការសាកល្បង​បាញ់​បង្ហោះ​រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត​ក្នុង​ពិភព​កាលពី​ឆ្នាំ ២០១៨ នៅតែ​គោចរ​អណ្ដែតត្រសែត​នៅក្នុង​ទី​អវកាស​ជាមួយនឹង​មនុស្ស​ជ័រ​ម្នាក់។

ឆ្នាំ ២០១៨ រ៉ុក្កែត​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​កាលណោះ​គឺ Falcon Heavy របស់ SpaceX ត្រូវបាន​បាញ់​បង្ហោះ​ជា​លើកដំបូង ចេញពី​រដ្ឋ Florida សហរដ្ឋ​អាម៉េរិក នាំយក​រថយន្ត​អគ្គិសនី Tesla របស់​កំពូល​​មហាសេដ្ឋី Elon Musk ទៅកាន់​ទី​អវកាស។ អង្គុយ​កាន់​ច​ង្កូ​ច​ក្នុង​រថយន្ត​កីឡា​ពណ៌​ក្រហម​នេះ​គឺជា​មនុស្ស​ជ័រ​ម្នាក់ ស្លៀក​ឈុត​អវកាស និង​មាន​ឈ្មោះថា Starman។ រថយន្ត Tesla មិនមាន​បេសកកម្ម​វិទ្យាសាស្ត្រ ប៉ុន្តែ​វា​ស្ថិតក្នុង​ការធ្វើ​តេស្ត​នៃ​ការបាញ់​បង្ហោះ​រ៉ុក្កែត​ប៉ុណ្ណោះ។

បច្ចុប្បន្ន រថយន្ត​នេះ​នៅតែ​អណ្ដែតត្រសែត​ក្នុង​ទី​អវកាស។ គិត​ត្រឹម​ថ្ងៃទី ៧ កុម្ភៈ ២០២២ រថយន្ត​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៣៧៧ លាន​គីឡូម៉ែត្រ ពី​ផែនដី និង​ចម្ងាយ​ពី​ពិភព​អង្គារ​ប្រហែល ៣២២ លាន​គីឡូម៉ែត្រ។ នេះ​បើយោង​តាម Whereisroadster ដែលជា​គេហទំព័រ​ប្រើប្រាស់​ទិន្នន័យ​របស់ NASA ដើម្បី​តាមដាន​រថយន្ត​មួយគ្រឿង​នេះ។

Jonathan McDowell អ្នកវិទ្យាសាស្ត្រ​ប្រចាំ​មជ្ឈមណ្ឌល​រូបវិទ្យា​តារាសាស្ត្រ Harvard Smithsonian បានឱ្យដឹងថា រថយន្ត Tesla នេះ ប្រហែល​នៅតែ​អាច​រក្សា​ទម្រង់​ដើម ប៉ុន្តែ ទំនងជា​ត្រូវបាន​ដុំ​អាចម៍ផ្កាយ​នានា​ហោះ​មក​បុក​ក្នុងអំឡុងពេល​គោចរ។

៤ ឆ្នាំ​កន្លងទៅ រថយន្ត​នេះ​ហោះហើរ​បាន ៣.២ ពាន់​លាន​គីឡូម៉ែត្រ និង​ហោះ​ជុំវិញ​ព្រះអាទិត្យ​បាន​ប្រហែល ២.៦ ជុំ​រួចហើយ។ កាលពី​ឆ្នាំ ២០២០ រថយន្ត​នេះ​បាន​ហោះ​ទៅ​ក្បែរ​ពិភព​អង្គារ​ជា​លើកដំបូង ជាមួយនឹង​គម្លាត ៨ លាន​គីឡូម៉ែត្រ ឆ្ងាយ​ជាង ២០ ដង ធៀប​នឹង​រយៈ​ចម្ងាយ​រវាង​ផែនដី និង​ព្រះ​ចន្ទ។

ការស្រាវជ្រាវ​មួយ​បង្ហាញថា ហានិភ័យ​រថយន្ត Tesla នេះ​បុក​នឹង​ផែនដី​គឺ​ប្រមាណ ២២% នៅក្នុង​រយៈពេល ១៥ លាន​ឆ្នាំ​ខាងមុខ និង​លទ្ធភាព​ដែល​វា​បុក​ជាមួយនឹង​ពិភព​សុក្រ ឬ​ព្រះអាទិត្យ គឺ​ប្រមាណ​ជា ១២%៕

Advertisement