ការតាមដាន​យន្តហោះ​របស់​មហាសេដ្ឋី Elon Musk ជួយ​ឱ្យ​និស្សិត​ម្នាក់ ទទួលបាន​ការអញ្ជើញ​ឱ្យចូល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ធំ

(សហរដ្ឋ​អាម៉េរិក)-និស្សិត​ម្នាក់​ត្រូវបាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយ អញ្ជើញ​ឱ្យចូល​ធ្វើការ បន្ទាប់ពី​មហាសេដ្ឋី Elon Musk ផ្ញើ​សារ​មក​ស្នើឱ្យ​កំលោះ​នេះ ឈប់​តាមដាន​យន្តហោះ​របស់គាត់។

Jack Sweeney អាយុ ១៩ ឆ្នាំ ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ Central Florida (UCF) នៅ សហរដ្ឋ​អាម៉េរិក ទទួលបាន​ការអញ្ជើញ​ឱ្យចូល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន Stratos Jet Charters ដែលមាន​ទីស្នាក់ការ​នៅ Florida កាលពី​ថ្ងៃទី ១ កុម្ភៈ ២០២។

Joel Thomas ដែលជា​ប្រធាន និង​ជា CEO របស់ Stratos ឱ្យដឹងថា ក្រុមហ៊ុន​ស្នើឱ្យ Sweeney ចូលរួម​ក្នុង​ក្រុម​អភិវឌ្ឍ​ផលិតផល ក្រោយពី​បានឃើញ​ភាព​ច្នៃប្រឌិត​របស់​កំលោះ​នេះ​នៅលើ​ទំព័រ Twitter ដែលមាន​គណនី​ឈ្មោះ ElonJet។

Sweeney បាន​ទទួលស្គាល់ថា ពិតជា​ទទួល​បានការ​អញ្ជើញ​ឱ្យចូល​ធ្វើការ​ពី​សំណាក់​ក្រុមហ៊ុន Stratos ប៉ុន្តែ កំលោះ​នេះ​ក៏បាន​ឱ្យដឹងថា ខ្លួន​ទំនងជា​មិន​យល់ព្រម ព្រោះតែ​បច្ចុប្បន្ន ជាប់​ធ្វើ​ការឱ្យ UberJets ក្នុង​គម្រោង​អភិវឌ្ឍ​ថ្នាល​បច្ចេកវិទ្យា​តាមដាន​ជើងហោះហើរ​ដើម្បី​ស្វែងរក​សំបុត្រ​ដែលមាន​តម្លៃ​ទាប ជូន​អតិថិជន។ «ខ្ញុំ​គោរព​តាម​កិច្ចព្រមព្រៀង​ការពារ​ព័ត៌មាន​សម្ងាត់ ដូច្នេះ ពិតជា​ពិបាកធ្វើ​ការឱ្យ Stratos» Sweeney បញ្ជាក់​ដូច្នេះ។

កំលោះ Jack Sweeney និង​មហា​សេដ្ឋី Elon Musk

កំលោះ Jack Sweeney ត្រូវបាន​គេ​ចាប់អារម្មណ៍​ច្រើន​កាលពី​ចុងខែ​មុន បន្ទាប់ពី​បាន​បង្ហើប​ឱ្យដឹង​អំពី​ការឆ្លើយ​ឆ្លង​គ្នា​រវាង​ខ្លួន និង​មហាសេដ្ឋី Elon Musk។ ក្នុងការ​ឆ្លើយឆ្លង​នោះ CEO របស់ Tesla បានស្នើ​ឱ្យ​លុប​គណនី Twitter ឈ្មោះ ElonJet ដែលមាន​ជំនាញ​ក្នុងការ​បញ្ចេញ​ទិន្ន័យ​ស្ដីពី​ជើងហោះហើរ​របស់​យន្តហោះ​ដែល​ដឹក​លោក Elon Musk ព្រោះតែ​យល់ថា ជា «ការគំរាមកំហែង​ផ្នែក​សន្តិសុខ»។

ElonJet ដែលមាន​អ្នកតាមដាន​ជាង ១២៧,០០០ នាក់ នៅលើ Twitter កំពុង​ប្រើប្រាស់ ADS-B ដែលជា​កម្មវិធី​ស្វ័យប្រវត្ត​ក្នុង​ការទាញយក​ទិន្នន័យ​ទីតាំង​នៃ​ជើងហោះហើរ​របស់​អាកាស​ចរណ៍​ស៊ីវិល ដើម្បី​តាមដាន​យន្តហោះ​ផ្ទាល់ខ្លួន​របស់​មហាសេដ្ឋី​អាម៉េរិក លោក Elon Musk ទៅតាម​ពេលវេលា​ជាក់ស្ដែង។

គណនី Twitter ឈ្មោះ ElonJet របស់ Sweeney

លោក Musk ថា នឹង​ផ្ដល់ប្រាក់ ៥,០០០ ដុល្លារ ជា​ថ្នូរ​នឹង​ការ​លុប​គណនី ElonJet ប៉ុន្តែ Sweeney និយាយ​លេង​ថា ខ្លួន​ត្រូវការ ៥០,០០០ ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ដល់​ការសិក្សា និង​អាច​ទិញ​រថយន្ត Model 3 បាន ១ គ្រឿង។ មហាសេដ្ឋី Elon Musk ប្រាប់ថា នឹង​ពិចារណា​អំពី​ប្រការ​នោះ ហើយ​ក្រោយមក​ក៏បាន​ឆ្លើយថា «មិន​សម​ហេតុផល» នៅពេល​ត្រូវ​ឱ្យប្រាក់​ដើម្បី​លុប ElonJet ព្រមទាំង​បាន​រាំងខ្ទប់​គណនី​ទាំងអស់​នៅលើ​បណ្ដាញ​សង្គម​ដែល​ទាក់ទង​នឹង Sweeney។

Sweeney បាន​តាមដាន​ជើងហោះហើ​រ​របស់​មហាសេដ្ឋី Elon Musk តាំងពី​យូរ​មកហើយ ប៉ុន្តែ គណនី ElonJet នេះ ទើប​ត្រូវបាន​បង្កើតឡើង​កាលពី​ខែមិថុនា ២០២០ ក្នុង​គ្រា​ដែល កូ​វីដ-១៩ កំពុង​ធ្វើឱ្យ​ការសិក្សា​ងាក​ទៅរក​អន​ឡាញ នាំឱ្យ​កំលោះ​នេះ​មាន​ពេល​សរសេរ​កូដ៕

Advertisement