ក្រុម​ហ៊ុន​ចិន កំពុង​អភិវឌ្ឍ​​យន្ត​ហោះ​​អវកាស​​ល្បឿន​​លឿន​​ជាង​​យន្ត​ហោះ​ Concorde ​២​ ដង

ក្រុមហ៊ុន Space Transportation (凌空天行 / Linkong Tian Xing)កំពុង​អភិវឌ្ឍ​គំរូ​យន្តហោះ​អវកាស​ដែលមាន​ល្បឿន​ជាង ៤,០០០ គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ទ្វេដង​ធៀប​នឹង​យន្តហោះ Concorde។

ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា Tianxing រ៉ុក្កែត​នេះ​អាច​ហោះ​ឡើង​ត្រង់ នាំយក​យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាតតូច​ទៅជា​មួយ។ ពេល​ឡើងដល់​កម្ពស់​សមល្មម យន្តហោះ​អវកាស​នឹង​ផ្ដាច់ខ្លួន​ពី​រ៉ុក្កែត ហើយ​ហោះ​សំដៅ​ចូល​ទី​អវកាស​ក្នុង​ល្បឿន​ប្រហែល ៤,១៨៤ គីឡូម៉ែត្រ/ម៉ោង។

ក្រុមហ៊ុន Space Transportation នៅ​ទីក្រុង​ប៉េកាំង បាន​អភិវឌ្ឍ​យន្តហោះ​នេះ​តាំងពី​ឆ្នាំ ២០១៨។ ពួកគេ​និយាយ​ថា ប្រព័ន្ធ​យាន​នេះ​គឺជា «រ៉ុក្កែត​ដែលមាន​ស្លាប» និង​អាច​ដំណើរការ​ចាប់ពី​ឆ្នាំ ២០២៥។

ជើង​ទម្រ​របស់​យន្ត​ហោះ​អវកាស​

ជើងហោះហើរ​សាកល្បង​បាន​បង្ហាញថា រ៉ុក្កែត​មេ​អាច​ហោះ​ឡើង និង​ចុះចត​មកវិញ​ដោយ​ជោគជ័យ។ ជើង​ហោះហើរ​សាកល្បង​ជាមួយនឹង​យន្តហោះ​គំរូ​ដែលមាន​ខ្នាត​ពេញលេញ​នឹងត្រូវ​បានធ្វើ​ឡើង​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ បើសិនជា​ដំណើរ​ការល្អ ជាមួយនឹង​ល្បឿន​ជិត ៤,២០០ គីឡូម៉ែត្រ/ម៉ោង យន្តហោះ​អវកាស​របស់ ក្រុម​ហ៊ុន Space Transportation នឹង​ហោះហើរ​បាន​លឿន​ជាង ២ ដង បើ​ធៀប​ជាមួយនឹង​យន្តហោះ Concorde (ដែល​អភិវឌ្ឍ និង​ផលិត​ដោយ​ក្រុមហ៊ុន​បារាំង និង​អង់គ្លេស) និង​អាច​ហោះ​ពី ក្រុង​ឡុង​ដ៍ ទៅដល់ ក្រុង​នី​វ​យ៉​ក ដោយ​ចំណាយពេល​តែ ១ ម៉ោង។

កាលពី​ឆ្នាំមុន Space Transportation ប្រមូល​ទុន​បាន ៤៦.៣ លាន​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍ​យន្តហោះ​អវកាស​ល្បឿន​លឿន​ជាង​សំឡេង និង​សាកល្បង​ប្រព័ន្ធ​បាញ់​បង្ហោះ​រ៉ុក្កែត ១០ លើក។

នៅ ប្រទេស​ចិន ក្រៅពី​ក្រុមហ៊ុន Space Transportation ក៏​នៅមាន​ក្រុមហ៊ុន​មួយទៀត​ដែល​កំពុង​អភិវឌ្ឍ​យន្តហោះ​អវកាស នោះ​គឺ ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អាកាសចរណ៍​អវកាស​ចិន (របស់​រដ្ឋាភិបាល)។ រដ្ឋាភិបាល​ចិន និយាយ​ថា យន្តហោះ​អវកាស​របស់​ពួកគេ​អាច​ហោះ​ឡើងដល់​គន្លង​គោចរ​ដោយ​មិន​ត្រូវការ​រ៉ុក្កែត​ខ្នាត​ធំ។ ប្រការនេះ​មានន័យថា យន្តហោះ​នោះ​នឹង​អាច​ហោះ​ឡើង និង​ចុះចត​នៅលើ​ព្រលានយន្តហោះ​ណា​ក៏បាន៕

Advertisement