(វីដេអូ)-ក្រុមហ៊ុន​ជប៉ុន ចាប់ផ្ដើម​លក់​ម៉ូតូ​ហោះ កម្លាំង ២២៨ សេះ

ម៉ូតូ​ហោះ​របស់​ក្រុមហ៊ុន​មួយ​នៅ ប្រទេស​ជប៉ុន ដែល​ប្រើប្រាស់ rotor ធំ​ចំនួន ២ ដំណើរការ​ដោយ​ម៉ាស៊ីន​ហ្គាស Kawasaki កម្លាំង ២២៨ សេះ ត្រូវបាន​ដាក់ឱ្យ​បញ្ជា​ទិញ​ជា​ផ្លូវការ។

ក្រុមហ៊ុន A.L.I Technologies បានឱ្យដឹងថា ម៉ូ​ដែល​គំរូ​នៃ​ម៉ូតូ​ហោះ​របស់​ពួកគេ អាច​ហោះ​ក្នុង​ល្បឿន ៨០ គីឡូម៉ែត្រ/ម៉ោង និង​ហោះ​បណ្ដែត​ខ្លួន​ដល់​កម្ពស់​ប្រហែល ២.៤ ម៉ែត្រ និង​ហោះ​បាន ៤០ នាទី បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ។ ដងខ្លួន​ដែល​ធ្វើ​អំពី​សរសៃ​កាបូន​របស់​ម៉ូតូ​ហោះ​នេះ មាន​ទម្ងន់ ២៩៩ គីឡូក្រាម និង​បណ្ដោយ ៣.៦៥ ម៉ែត្រ។

ប្រព័ន្ធ​សម្រាប់​ការបើកបរ​ស្វ័យប្រវត្ត​របស់​ម៉ូតូ​នេះ​គឺជា​លទ្ធផល​នៃ​ការសហការ​រវាង​ក្រុមហ៊ុន A.L.I Technologies និង​ក្រុមហ៊ុន Toda Racing។

ដោយសារតែ​បញ្ហា​ផ្លូវច្បាប់​នៅ ជប៉ុន ម៉ូតូ​ហោះ XTurismo Limited Edition របស់ ក្រុមហ៊ុន A.L.I Technologies ត្រូវបាន​អនុញ្ញាតឱ្យ​ហោះ​តែ​ពីលើ​ផ្លូវ​ប្រណាំង​ប៉ុណ្ណោះ។ A.L.I Technologies មាន​គម្រោង​ផលិត​ម៉ូតូ​ហោះ​នេះ​ត្រឹមតែ ២០០ គ្រឿង សម្រាប់​ក្រុម​អតិថិជន​ដែលមាន​ចំណូលចិត្ត។

ជំនួស​ឱ្យ​ម៉ូតូ XTurismo Limited Edition ក្រុមហ៊ុន A.L.I Technologies មានបំណង​ផលិត​ទ្រង់ទ្រាយ​ធំ​នូវ​ម៉ូតូ​ហោះ​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​ប្រើប្រាស់​ក្នុង​ទីក្រុង សម្រាប់​បេសកកម្ម​ស្វែង និង​ជួយសង្គ្រោះ​នៅក្នុង​ហេតុការណ៍​នានា​ដែល​បង្កឡើង​ដោយ​គ្រោះធម្មជាតិ៕

Advertisement