(វីដេអូ)-រ៉ូ​បូត សម្ដែង​​សមត្ថ​​ភាព​​ជិះ​​ស្គី​​លើ​​ភ្នំ ​មិន​​ចាញ់​​កីឡាករ​​អាជីព​​ឡើយ

(ប្រទេស​ចិន)-ការប្រណាំង​ស្គី​លើ​ផ្ទៃ​ព្រឹល​មិនមែន​សម្រាប់តែ​កីឡាករ​ដែលមាន​សមត្ថ​ភាព​នោះទេ ប៉ុន្តែ រ៉ូ​បូត​ក៏​អាច​សម្ដែង​បាន​យ៉ាង​ល្អ​នូវ​កីឡា​រដូវរងា​នេះ​ផងដែរ។

ត្រូវបាន​អភិវឌ្ឍ​ដោយ​សាកលវិទ្យាល័យ​ចរាចរណ៍​សៀង​ហៃ រ៉ូ​បូត​ដែលមាន​ជើង ៦ នេះ បាន​ឆ្លង​ផុត​វិញ្ញាសា​ធ្វើតេស្ត​ស្ដីពី​ការ​ជិះ​ស្គី​លើ​ព្រឹល​នៅលើ​កំណាត់​ផ្លូវ​មួយ​នៃ​ចង្កេះភ្នំ​នៅ​តំបន់ Shenyang ក្នុង​ខេត្ត Liaoning ប្រទេស​ចិន ក្នុង​ខែ​នេះ។

រ៉ូ​បូត​នេះ​មាន​រូបរាង​ដូច​សុនក ដោយមាន​ជើង ៤ សម្រាប់​រក្សា​លំនឹង និង​ជើង ២ ទៀត​សម្រាប់​រក្សា​បន្ទះ​ស្គី។ នៅក្នុង​ការធ្វើ​តេស្ត​កាលពីពេល​កន្លង រ៉ូ​បូត​នេះ​បាន​ជិះ​ស្គី​ក្នុង​ល្បឿន​ជាង ១០ ម៉ែត្រ/វិនាទី លើផ្លូវ​មាន​ជម្រាល ១៨ អង្សា និង​ប្រវែង ៤០០ ម៉ែត្រ។ វា​បាន​បញ្ចេញ​កាយវិការលំបាកៗជាច្រើន ដូចជា​ការបង្កើន​ល្បឿន បត់បែន បង្កើត​គម្រោង​ផ្លូវត្រូវ​រត់ គេច​ពី​ឧបសគ្គ និង​ទាក់ទង​ជាមួយ​មនុស្ស។ រ៉ូ​បូត​នេះ​មាន​សមត្ថភាព​ក្នុង​ការធ្វើ​ត្រាប់​តាម​អ្នកជិះ​ស្គី​ផងដែរ។

ក្នុង​អនាគត អ្នកវិទ្យាសាស្ត្រ​ជឿថា រ៉ូ​បូត ដែល​ត្រូវបាន​បញ្ជា​ពី​ចម្ងាយ​អាច​ប្រកួតប្រជែង​នឹង​មនុស្ស​នៅក្នុង​វិស័យ​ដូច្នេះ។ ក្រៅពី​ការសម្ដែង រ៉ូ​បូត​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការ​ល្បាត ជួយសង្គ្រោះ​លើ​ភ្នំ និង​ជួយ​ការពារ​សន្តិសុខ​របស់​អ្នកជិះ​ស្គី​លើ​ព្រឹល៕

Advertisement