ប្រព័ន្ធ​ផ្កាយរណប​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត ៥G របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ ចាប់ផ្ដើម​ប្រជែង​នឹង Starlink របស់ Elon Musk

(ប្រទេស​ចិន)-ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​មួយ​ចាប់​ផ្ដើមកសាង​ប្រព័ន្ធ​ផ្កាយរណប ១,០០០ គ្រឿង ដើម្បី​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ជំ​នាក់​ទី ៥ (៥G) ដើម្បី​ចូលរួម​ប្រជែង​ដណ្ដើម​ទីផ្សារ​ពី Starlink របស់ SpaceX។

ក្រុម​ផ្កាយរណប​ទូរគមនាគមន៍​ដែលមាន​កម្លាំង​ខ្លាំង តម្លៃ​ទាប ត្រូវបាន​ផលិត សាកល្បង និង​នាំទៅ​កាន់​ទីលាន​បាញ់​បង្ហោះ​សម្ងាត់​រួចហើយ នេះ​បើតាម​សារព័ត៌មាន Xinhua ចុះផ្សាយ​កាលពី​ថ្ងៃទី ១៨ មករា។

ក្រុមហ៊ុន GalaxySpace នៅ ប៉េកាំង ដែលជា​ស្ថាប័ន​គ្រប់គ្រង​គម្រោង​នេះ បានឱ្យដឹងថា ពួកគេ​មាន​ផែនការ​ផ្គត់ផ្គង់​បណ្ដាញ ៥G របស់ ចិន នៅ​ពាសពេញ​ពិភពលោក និង​ប្រកួតប្រជែង​ជាមួយ​ប្រព័ន្ធ Starlink នៃ​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី​អាម៉េរិក លោក Elon Musk នៅក្នុង​ទីផ្សារ​ផ្គត់ផ្គង់​សេវា​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន សម្រាប់​តំបន់​ដាច់ស្រយាល​របស់​ពិភពលោក។

ផ្កាយរណប​របស់ ចិន តូច​ជាង ធៀប​នឹង Starlink។ ទោះជា​តូច​ជាង​បើ​និយាយ​អំពី​ទំហំ​ក៏ពិតមែន ប៉ុន្តែ ប្រព័ន្ធ​ផ្កាយរណប ១,០០០ គ្រឿង​របស់ GalaxySpace នឹង​ក្លាយជា​ប្រព័ន្ធ​ដំបូង​គេ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា ៥G ដែល​អាចឱ្យ​អ៊ី​ន​ធើ​ណិ​តរបស់​ពួកគេ​មាន​ល្បឿន​លឿន​ជាង ៥០០ megabit/វិនាទី ជាមួយនឹង​កម្រិត​នៃ​ភាពយឺត​ទាប។

Starlink បច្ចុប្បន្ន មាន​ផ្កាយរណប​ចំនួន ២,០០០ គ្រឿង កំពុង​គោចរ​ក្នុង​គន្លង​តារាវិថី ហើយ​វា​នឹង​កើនឡើង​រហូតដល់ ៤២,០០០ គ្រឿង នៅពេល​គម្រោង​នេះ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ។ បើទោះជា​ប្រើប្រាស់​ប្រព័ន្ធ​ខុសពី ៥G ប៉ុន្តែ Starlink មាន​សក្ដានុពល​ក្នុងការ​ផ្គត់ផ្គង់​សេវា ៦G នាពេល​អនាគត។

Advertisement