ស្រឡាង​ឆ្លាត​វៃ​ខ្នាត​យក្ស​ដំណើរការ​ស្វ័យប្រវត្ត​នៅលើ​ផ្ទៃសមុទ្រ​ចម្ងាយ ២៤០ គីឡូម៉ែត្រ

ស្រឡាង Soleil បណ្ដោយ ២២២ ម៉ែត្រ អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន ៤៨ គីឡូម៉ែត្រ/ម៉ោង និង​មាន​សមត្ថភាព​ចូល​ចត​ដោយ​មិនបាច់​មាន​មនុស្ស​ជួយ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ដោយ​ជោគជ័យ នៅលើ​ផ្ទៃសមុទ្រ Iyonada។

ស្រឡាង​ដែលមាន​ឈ្មោះថា Soleil ជា​ស្រឡាង​ដឹក​យានយន្ត​ស្វ័យប្រវត្តិ​ដំបូង​គេ​បង្អស់​របស់​ពិភពលោក និង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​សាកល្បង​កាលពី​ថ្ងៃទី ១៧ មករា គឺជា​ជលយាន​ដែល​ស្ថិតក្នុង​គម្រោង​ស្រឡាង​សមុទ្រ​ឆ្លាត​វៃ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Mitsubishi និង Shin Nihonkai។

គម្រោង​ស្រឡាង​នេះ​គឺជា​ផ្នែក​មួយ​នៃ​មហា​គម្រោង «ប្រព័ន្ធ​កំណត់​ទិស​ស្វ័យប្រវត្ត Meguri ២០៤០» របស់​អង្គការ Nippon Founation។

Soleil ដំណើរការ​ជា​លើកដំបូង​កាលពី​ថ្ងៃទី ១ កក្កដា ២០២១ និង​ត្រូវបាន​បញ្ជា​ដោយ​ក្រុម​នាវិក។ ក្នុង​ដំណើរ​ទៅ-មក​ច្រើនលើក​រវាង​តំបន់ Shinmoji និង Iyonada ដែលមាន​រយៈ​ចម្ងាយ ២៤០ គីឡូម៉ែត្រ ប្រព័ន្ធ​កំណត់​ទិស​ស្វ័យប្រវត្ត Super Bridge-X របស់​ស្រឡាង បាន​ប្រមូល​ទិន្នន័យ​ទាំងអស់​ទាក់ទិន​នឹង​ផ្លូវ​ត្រូវធ្វើ​ចរាចរណ៍។ ការបើក​ដំណើរការ​សាកល្បង​កាលពី​ថ្ងៃទី ១៧ មករា​កន្លងទៅ គឺជា​លើក​ទី ១ ហើយ​ដែល​ប្រព័ន្ធ​ស្វ័យប្រវត្ត (Soleil) នេះ​ដំណើរការ​តែឯង ដោយ​មិនមាន​ក្រុម​នាវិក​បញ្ជា។ ក្នុងការ​សាកល្បង​នេះ Soleil ធ្វើដំណើរ​ក្នុង​ល្បឿន ៤៨ គីឡូម៉ែត្រ/ម៉ោង។

ស្រឡាង Soleil ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​កំណត់​ទិស, ប្រព័ន្ធ​កាមេរ៉ា​អ៊ី​ន​ហ្វ្រា​រ៉េ​ដ៏​ទំនើប, ប្រព័ន្ធគ្រប់គ្រង​ម៉ាស៊ីន, ប្រព័ន្ធ​ចូល​ចត-ចាក​ចេញពី​កំពង់ផែ​ស្វ័យប្រវត្ត។ល។

Advertisement